Unnamed %281%29

បុរស​ជនជាតិ​ចិន​បើករថយន្ត​បុក​រ៉ឺម៉ក​ដឹក​បន្លែ សង ​១.៨០០ ​ដុល្លារ​បញ្ចប់រឿង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​អ្នកបើក​រ៉ឺម៉ក​ដឹក​បន្លែ​ម្នាក់​បាន​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង ដោយសារ​រថយន្ត ឡិច​ស៊ី​ស របស់​ជនជាតិ​ចិន បើក​មក​បុក បណ្តាលឱ្យ​ក្រ​ឡប់​ផ្ងារ​កង់​ក្រោម​ដំណក់ភ្លៀង ហើយ​ចរចា​គ្នា​សង​១.៨០០​ដុល្លារ (មួយពាន់ប្រាំបីរយដុល្លារ) ​បញ្ចប់រឿង។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១០​ និង​១៥​នាទី​យប់ ថ្ងៃទី​២២​ខែកញ្ញា​ ឆ្នាំ​២០១៦​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់ បើក​រ៉ឺម៉ក​ដឹក​បន្លែ​មួយគ្រឿង​ពី​ខេត្តកំពង់ស្ពឺ យកទៅលក់​នៅ​ផ្សារ​ដើម​គរ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​ទិសដៅ​ពី​លិចទៅ​កើត។​

    រីឯ​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស ព​ណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2H-0485 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ជា​កន្លែង​ងងឹត​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅបុក​ចំ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ ពេញទំហឹង បណ្តាល​ក្រឡាប់​រ៉ឺម៉ក រីឯ​បុរស​បើក​រ៉ឺម៉ក​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង ហើយ​រថយន្ត​បង្ក​ខូ​ត​ខាត​ផ្នែក​ខាងមុខ​ទៅមុខ​លែងរួច​។​ ជនរងគ្រោះ​មានឈ្មោះ ហ៊​ន ហៃ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​ក្រុម​សង្គ្រោះ ៧១១ កងពលតូច​៧០ មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។​ ក្រោយមក​ដោយមាន​តំណាង​ខាង​រងគ្រោះ​ត្រូវជា​ឪពុក​មក​ចរចា​ជាមួយ​ខាង​រថយន្ត​បង្ក ដោយ​ខាង​រថយន្ត​បង្ក​សង​សំណង​ចំនួន​ ១.៨០០​ ដុល្លារ​ (មួយពាន់ប្រាំបីរយដុល្លារ) ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង៕

 

មតិយោបល់