អំពើហិង្សាមួយបានផ្ទុះឡើងអំឡុងការផ្សាយផ្ទាល់តាមទូរទស្សន៍រវាងអ្នកនយោបាយពីររូបក្នុងប្រទេសហ្សកហ្ស៊ី ខណៈភាពតានតឹងបានកើនឡើងជុំវិញការបោះឆ្នោតជាតិខាងមុខនេះ។
ការប៉ះទង្កិចគ្នាដោយហិង្សារវាងលោក Vepkhia Gurgenishvili មកពីគណបក្សចលនាប្រជាធិបតេយ្យ និងលោក Polad Khalikov មកពីប្លុកនយោបាយនិយមខាងឧស្សាហកម្ម ត្រូវបានក្រុមកាងារនៅទូរទស្សន៍ Qvemo Kartli TV ចូលបំបែក។
ការតស៊ូមតិដ៏ក្តៅគគុករវាងអ្នកទាំងពីរនៅលើកម្មវិធីជជែកវែកញែកបាននាំឱ្យលោក Gurgenishvili ហៅលោក Khalikov ថា "អាអត់ប្រយោជន៍" ហើយត្រូវលោក Khalikov ឆ្លើយតបវិញដោយគប់ប៊ិកដាក់កណ្តាលមុខ។
បន្ទាប់មក លោក Gurgenishvili បានងើបឈរ ហើយបើទោះជាមានការរារាំងឱ្យគាត់អង្គុយចុះ ក៏លោកនៅតែដើរទៅរកលោក Khalikov ហើយដាល់ពីរដៃទៀតផង។ ខណៈអ្នកទាំងពីរវ៉ៃគ្នា អ្នកផលិតកម្មវិធីបានចូលខ្លួនបំបែកការប្រតាយប្រតប់នេះ។
យោងតាមព័ត៌មានក្នុងស្រុកបានឱ្យដឹងថា សមាជិកសភាទាំងពីររូបបានចាកចេញពីការជជែកនេះជាមួយស្នាមបែកមាត់ និងចិញ្ចើម៕
