adverise with khmeread 1 %281%29

ប៉ូលិស​បង្ហាញមុខ​​មេក្លោង និងបក្ខពួក ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​បឹង​កេងកង​៣(មានវីដេអូ)

    ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បានបង្ហាញ​មុខ​មនុស្ស​ប្រុស​.​ស្រី​មួយក្រុម​នា​ព្រឹក​ថ្ងៃទី​២៣​ ​កញ្ញា ​ឆ្នាំ​២០១៦​នេះ  សង្ស័យ​ពាក់ព័ន្ធ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅតាម​ផ្លូវ​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន កាលពី​ដើមខែ​កន្លងទៅ ហើយ​ករណីនេះ​ផ្តើមចេញពី​រឿង ​"​រឿងគំនុំស្នេហាត្រីកោណ​"។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ជួន សុវណ្ណ ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ សុខ គឹម​លី ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ជនជាតិខ្មែរ (​ជា​មេក្លោង​), ទី​២-​ឈ្មោះ​ សាក់ ម៉ាប់ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិខ្មែរ​(​ជនដៃដល់​), ទី​៣-​ឈ្មោះ ប៊ុន ភក្តី ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​(​ជនដៃដល់​), ទី​៤-​ឈ្មោះ ​នី ស័​រ​ប៉ិ​ញ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ជនជាតិ​យួន (​ជនដៃដល់​), ​ទី​៥-​ឈ្មោះ​ ចាំង ធី​វ៉េ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ​ ជនជាតិ​យួន​(​សមគំនិត​), ទី​៦-​ឈ្មោះ ​ឡេ យាំង​យ៉ុង ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​យួន (​សមគំនិត​), ​ទី​៧-​ឈ្មោះ ​នូ សុ​បាន​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​ (​សមគំនិត​)​ និងទី​៨-​ឈ្មោះ​ ប៊ូ សុភាព ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ ​(​សមគំនិត​)។​

    សម្ភារៈ​ដកហូត​រួមមាន៖ ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​៣​គ្រឿង, ​កាំភ្លើង​ខ្លីម៉ាក ​K56​ មួយ​ដើម​,​ ទូរស័ព្ទដៃ ៤​ គ្រឿង និង វត្ថុតាង​មួយចំនួនទៀត។​

    លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា មនុស្ស​ប្រុស​.​ស្រី​ទាំង​៨​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ក្នុង​បុរី​ចំការមន ខណ្ឌចំការមន នាំ​ឡើង​រថយន្ត​ចេញទៅ​ដល់​នាយក​ដ្នា​ន​ព្រហ្មទណ្ឌ​សាកសួរ​ជាប់​ពាក់​ព័ន្ធ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក។ 

    សូមបញ្ជាក់ថា​នៅវេលា​ម៉ោង​៧ និង​៤០​នាទី​យប់​ថ្ងៃទី​៦ កញ្ញា ២០១៦ មាន​ករណី​ភ្ញាក់ផ្អើល​មួយ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ដោយ​មានការ​បំផ្ទុះ​គ្រាប់បែក​១​គ្រាប់ បណ្តាល​ឱ្យមនុស្ស​៤​នាក់​រងរបួស និង​រថយន្ត​ ៤ ​គ្រឿង​រួមទាំង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ខូចខាត​ផងដែរ។​

    តាម​កាមេរ៉ា វីដេអូ​បាន​បង្ហាញថា ជនដៃដល់​ដែល​បំផ្ទុះ​គ្រាប់បែក​នោះបាន​ជិះ​ម៉ូតូ​យកទៅ​ទម្លាក់​លើផ្លូវ​១៦៣ ហើយ​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​ដែល​កំពុងបើក​តាមផ្លូវ​នោះ​ក៏​ផ្ទុះ​ចំ​ដោយ​ចៃដន្យ​តែម្តងទៅ។ 

    ក្រោយពី​មានការ​បំផ្ទុះ​គ្រាប់បែក​នោះ​សម​ត្ត​កិច្ច​គ្រប់​ជំនាញ បាន និង​បង្កើត​គណៈកម្មការ​ឆែកឆេ​រលើ​មេ​រ៉ា​វីដេអូ​សុ​វត្តិភាព ហើយ​បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​ស្ងៀមស្ងាត់​បំផុត រហូតមកដល់​ពេលនេះ​ទើប​ប៉ូលិស​បង្ក្រាបបាន​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅតាម​ផ្លូវ​១៦៣ សង្កាត់​បឹង​កេងកង​៣ ត្រូវ​ឃាត់​បាន​៨​នាក់៕​

 

adverise with khmeread

មតិយោបល់