adverise with khmeread Untitled 1

កីឡា​ជាតិ លើកទី១ នៅថ្ងៃទី២៥ តុលានេះមានព្រះរាជទាន​ភ្លើង​គុប​ពី​ព្រះមហាក្សត្រ​កម្ពុជា ប្រាក់ មុន្នី​ឧត្ដម, ចាន់ វឌ្ឍនាកា, ស៊ន សៀវ​ម៉ី ក៏មានវត្តមានដែរ

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ជាតិ ឬ National Games លើក​ទី​១ ឆ្នាំ​២០១៦ ដែល​នឹងត្រូវ​ដំណើរការ​ពីថ្ងៃ​ទី​២៥​ តុលា ដល់​០៥​វិច្ឆិកា ខាងមុខនេះ នៅក្នុង​ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ នា​ថ្ងៃទី​២៨​ តុលា​នឹងមាន​ការរត់​ភ្លើង​គប់​ពី​ព្រះបរមរាជវាំង​ដោយ​ភ្លើង​គប់​ត្រូវបាន​ព្រះរាជទាន​ភ្លើង​គុប​ពី​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី រួចហើយ​អ្នករត់​ភ្លើង​គប់​ដោយ​អតីត​កីឡាករ​ជើងចាស់ និង​បន្ត​មក​កីឡាករ កីឡាការិនី​ឆ្នើមៗ មកកាន់​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល នឹង​ត្រូវបាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពស់​ខ្ពស់​ក្នុង​ពិធី​បើក​នោះ​។​

    លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​បាន​អះអាង​នៅក្នុង​ពិធី​ចុះ MOU កាលពី​ថ្ងៃទី​២៣ កញ្ញា កន្លងទៅ​ថា ភ្លើង​គប់​នឹង​រត់​ចេញពី​ព្រះបរមរាជវាំង​ដោយមាន​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ ន​រោ​ត្ដម សីហមុនី ជា​អ្នក​ប្រទាន​ភ្លើង​អាទិទេព ហើយ​អតីត​កីឡាករ​ចាស់ៗ​ជា​អ្នកទទួល​ភ្លើង​គប់​ពី​ព្រះអង្គ ហើយ​រត់​ឆ្ពោះទៅ​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​ផ្លូវការ​។ 

    លោក​បន្តថា ក្នុង​ដំណាក់​ការរត់​ភ្លើង​គប់​នេះ​មាន​គម្រោង​ចាត់តាំង​លោកគ្រូ កែវ ថុ​ន ហើយ​បន្តទៅ​អតីត​កីឡាករ​ជើងចាស់​មួយចំនួនទៀត ដល់ពេល​ទៅដល់​ពហុ​កីឡដ្ឋាន​ជាតិ​នឹង​បង្ហាញ​ពី​កីឡាករ​ឆ្នើមៗ​ក្នុង​សម័យនេះ ដោយ​កីឡាករ ប្រាក់ មុន្នី​ឧត្ដម ជា​អ្នក​ចាំ​ទទួល ហើយ​រត់​ហុច​ឲ្យ​កីឡាករ ចាន់ វឌ្ឍនាកា ហើយ​ វឌ្ឍនាកា​ ជា​អ្នក​ហុច​ឱ្យ ស៊ន សៀវ​ម៉ី ដើម្បី​ជា​អ្នក​ដុត​ភ្លើង​គប់​។ 

    នេះ​ជា​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ ជាតិ​ធំជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដើម្បី​សម្រួច​គោលដៅ​របស់ខ្លួន​ឈានទៅ​ដណ្តើម​មេដាយមាស​ឱ្យបាន កាន់តែច្រើន នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​។ កីឡា​ជាតិ នេះ​គ្រោង​នឹង​ធ្វើឡើង​រៀងរាល់​១​ឆ្នាំ​ម្តង ពោលគឺ​គ្រោង​ធ្វើឡើង​ចំនួន​៤​ដង មុនពេល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ចូល មកដល់​។​

    ចំពោះ​ប្រភេទ​កីឡា ដែល​ដាក់ឱ្យ​ប្រកួត​ត្រូវបាន​សម្រេច​ដោយ​ផ្លូវការ​ចំនួន​១៤​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ រួមមាន​៖ អត្តពលកម្ម​, ហែល​ទឹក​, វាយ​សី​, បាល់បោះ​, ប្រដាល់​, បាល់ទាត់​, ចំបាប់​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ WTF, វាយ​កូន​បាល់​, បាល់ទះ​, ប៉េតង់​, ល្បុក្កតោ និង​កាយសម្ព័ន្ធ​។​

    សូមបញ្ជាក់ថា បើតាម​ការ​ឲ្យ​ដឹង​គណៈកម្មការ​បច្ចេកទេស​ពិធី​បើកឆាក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អាច​នឹង ទាក់ទាញ​មនុស្ស​ចូល​ទស្សនា​ផ្ទាល់​ចន្លោះ​៥​ទៅ​៦​ម៉ឺន​នាក់​ដោយមាន​រៀបចំ​ភ្លើងពណ៌ និង​មាន​បាញ់​កាំជ្រួច ផងដែរ​។ ព្រឹត្តិការណ៍​គ្រោង​ចំណាយ​ថវិកា​របស់​ជាតិ ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​៕​

adverise with khmeread

មតិយោបល់