ភ្នំពេញ ៖ កូនសិស្សសាលាស្ទាវៗ២នាក់ ម្នាក់រៀននៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង និងម្នាក់ទៀតរៀន នៅវិទ្យាល័យបូរី១០០ខ្នង ត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួននៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នេះ ក្រោយពីរកឃើញ មានកាំភ្លើងខ្លីមួយដើម នៅក្នុងកាបូបពេលដើរចូលសាលា។
ប៉ូលិសខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងប៉ូលិសចាប់ខ្លួននោះរួមមានទី១- ឈ្មោះ តេង ដាវីត អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង រស់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប និងជនសង្ស័យទី២-ឈ្មោះ ទីវ ដារ៉ាត់ អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១១ នៅវិទ្យាល័យបូរី១០០ខ្នង ខណ្ឌសែនសុខ រស់នៅផ្ទះលេខ៣៦ ផ្លូវលេខ៥ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសបន្តថា នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី៩មករាខណៈយុវសិស្ស តេង ដាវីត ដើរចូលសាលានោះ ស្រាប់តែលោកគ្រូនាយកឃើញ មានកាបូបពណ៌ខ្មៅ ពេលនោះមានការសង្ស័យ ក៏រាយការណ៍ដល់សមត្ថកិច្ច មូលដ្ឋានរបស់លោក ចុះទៅសួរនាំ ។
ស្រាប់តែរកឃើញកាំភ្លើងខ្លីមួយដើម ម៉ាកប៉េត្រូវបេរីតា។ ក្រោយឃើញកាំភ្លើងខ្លី នៅក្នុងកាបបូបហើយ សមត្ថកិច្ចក៏បាននាំខ្លួនមកសួរនាំ នៅប៉ុស្តិ៍កាកាបហើយយុវសិស្សរូបនេះ ឆ្លើយសារភាពថា បានយកពីឈ្មោះ ទីវ ដារ៉ាត់ រួចហើយ ក៏ធ្វើការឃាត់ខ្លួនបន្តទៀត។
បើតាមយុវជនសិស្ស ទីវ ដារ៉ាត់ កាំភ្លើងខ្លីមួយនេះ រូបគេបានទិញពីប្រទេសថៃ អំឡុងពេលទៅលេងនៅទីនោះ។ យ៉ាងណាក៏ដោយ សម្រាប់យុវសិស្សទាំង២នាក់ ត្រូវបាននាំខ្លួនទៅសួរនាំ នៅអធិការដ្ឋានប៉ូលិស ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
