Untitled 1

បុរស​ចម្លែក​ម្នាក់​សុខៗ​ស្រាប់តែ​មក​អង្គុយ​លូក​នំ​របស់​នារី​ម្នាក់​យ៉ាង​រំភើយ ធ្វើឱ្យ​នាង​ខឹង​ញ័រ​សាច់ តែ​មិន​ហ៊ាន​តបត​ទេ​! រឿង​ដែល​កើតឡើង​បន្ទាប់​ពិតជា​មិន​នឹកស្មាន​នោះឡើយ​

    ​យប់​មួយ ស្ត្រី​មា្ន​ក់បាន​អង្គុយ​រង់ចាំ​នៅ​ព្រលានយន្តហោះ​មួយ​។ ពេល​អផ្សុក​ពេក នាង​បាន​ទៅ​ទិញ​សៀវភៅ​មួយ​ក្បាល នំ​មួយកញ្ចប់ និង​រក​កន្លែង​សមគួរ​មួយ​សម្រាប់​អង្គុយ​។​

​    ​នៅ​កន្លែង​អង្គុយ​នោះ មាន​បុរស​ម្នាក់​អង្គុយ​ជិត​នាង​ដែរ​។ បុរស​នោះ​មិនបាន​និយាយ​អ្វីមួយ​ម៉ាត់ ស្រាប់តែ​លូកដៃ​យកនំ ពី​ក្នុង​កញ្ចប់​នំ ដែល​ទុក​នៅ​ចន្លោះ​កន្លែង​អង្គុយ រវាង​នាង​និង​គាត់ មក​ទទួលទាន​។ នាង​សុខចិត្ត​ធ្វើជា​មិនដឹង​ដើម្បី​ចៀសវាង​ជម្លោះ​ជាមួយ​គាត់​។​

​    ​ខណៈដែល​បុរស​នោះ​បន្ត​លូក​នំ នាង​នឹក​គិតថា "​បើ​ខ្ញុំ​ជា​មនុស្ស​អាក្រក់ ខ្ញុំ​នឹង​ដាល់​បុរស​នោះ​ឱ្យ​ជាំភ្នែក​តែម្តង​"​។ នាង និង​បុរស​នោះ​បន្ត​លូក​យកនំ​ពី​ក្នុង​កញ្ចប់​នំ​នោះមក​ទទួលទាន​ម្តង​មួយៗ​រហូត​ទាល់តែ​សល់​នំ​មួយ​ដុំ​នៅក្នុង​កញ្ចប់​។ ពេលនោះ​នាង​នឹក​សួរ​ខ្លួនឯង​ថា ចាំមើល​គាត់​នឹងធ្វើ​អ្វី​ជាមួយនឹង​នំ​មួយ​នោះ​។​

​    ​ជាមួយនឹង​ស្នាមញញឹម​ដោយស្មោះ​អស់ពី​ចិត្ត គាត់​បាន​យកនំ​ចុងក្រោយ​កាច់​ជា​ពីរ រួច​ហុច​មួយ​ចំហៀង​ឱ្យទៅ​នាង​។ នាង​បាន​កញ្ឆក់​នំ​មួយ​កំណាត់​នោះ​ពី​គាត់ ហើយ​គិតក្នុងចិត្ត​ថា "​បុរស​ម្នាក់នេះ​ដូច​ឡប់ៗ​មិនដឹង​ទេ ហើយ​ឈ្លើយ​ទៀត​។ គាត់​នេះ​ស៊ី​នំ​គេ​ហើយ​មិន​អរគុណ​គេ​ទៀត ហើយ​វាយឫក​ធ្វើ​មើល​តែឯង​ជា​ម្ចាស់​នំ​អ៊ីចឹង​"​។​

​    ​បន្ទាប់មក​នាង​បាន​ចាកចេញ នៅពេល​ជើងហោះហើរ​របស់​នាង​បានមក​ដល់​។ នាង​បាន​ឡើងដល់​លើ​យន្តហោះ និង​រក​កន្លែង​អង្គុយ​។ ខណៈដែល​កំពុង​ដាក់​គូថ​អង្គុយ នាង​បើក​កាបូប​របស់​នាង ស្រាប់តែ​ជួប​រឿង​ភ្ញាក់ផ្អើល​មួយ​។ គឺមាន​កញ្ចប់​នំ​មួយ​នៅក្នុង​កាបូប​របស់​នាង​។​

​    ​នាង​និយាយ​រអ៊ូ​ងំៗ​ម្នាក់ឯង​យ៉ាង​ដូច្នេះ "​បើ​នំ​ខ្ញុំ​នៅទីនេះ អ៊ីចឹង​មានតែ​ខ្ញុំ​ហូប​នំ​របស់​បុរស​នោះ អំបាញ់មិញ​។ ស្លាប់​ហើយ ខ្ញុំ​ធ្វើ​កាយវិការ​គំរោះគំរើយ​ដាក់​គាត់​នោះ​ខ្លាំងណាស់​។ ហូប​របស់គាត់​ហើយ​ធ្វើ​រឹក​ឈ្លើយ​ដាក់​គាត់​ទៀត​។ ពិតជា​ល្ងង់​មែន មិនដឹងថា​គាត់​នោះ​ជាម​នុស្ស​ចិត្តល្អ និង​ចង់​ចែករំលែក​នំ​ឱ្យ​ខ្ញុំ​សោះ​"​។​

​    ​ពេល​ដឹងថា​យឺត​ពេល​នឹង​សុំទោស នាង​កើតទុក្ខ​ជាខ្លាំង ដែល​ឈ្លើយ​ដាក់​គាត់ និង ចាត់ទុក​គាត់​ជា​ចោរ​។​

​    ​*** វិនិច្ឆ័យ​នរណាម្នាក់ មិនអាច​មានន័យថា រូបគេ​ជាម​នុស្ស ដូច​អ្វីដែល​អ្នក​កំពុង​គិត​នោះទេ​។ ព្យាយាម​វិនិច្ឆ័យ​ឱ្យ​តិច និង​ឱ្យ​តម្លៃ​មនុស្ស​ឱ្យបាន​ច្រើន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់