Mourinho brad pitt main

Jose Mourinho ធ្លាប់​លាន់មាត់​ហៅ Brad Pitt "​អា​ក្បាលខូច​" ពេល​ជួប Jennifer Aniston ចៃដន្យ​នៅ​អាមេរិក​

    ​Jose Mourinho ភ្ញាក់ផ្អើល "​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​" បន្ទាប់ពី​មានឱកាស​ជួប​ជាមួយ​តារា​ហូលីវូដ Jennifer Aniston​។ នេះ​បើ​យោងតាម​ការអះអាង​ក្នុង​សៀវភៅ​កំណត់ហេតុ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​។​

​    ​អ្នកចាត់ការ​ទូទៅ​រហ​ស្សនាម Special One រូបនេះ បាន​ស្ថិតនៅលើ​ដំណើរ​ទស្សនកិច្ច​ការប្រកួត​មិត្តភាព​ជាមួយ​តោ​ខៀវ Chelsea ក្នុង​ទឹកដី​សហរដ្ឋអាមេរិក អំឡុង​ការកាន់កាប់​តំណែង​របស់គាត់​ដំបូង​ក្នុងនាម​ជា​អ្នកចាត់ការ​ក្រុម​តោ​ខៀវ ពេលដែល​អ្នក​ទាំងពីរ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជួប​មុខ​គ្នា​នៅ​សណ្ឋាគារ Beverly Hills Hotel នៅលើ​ដង​វិថី Sunset Boulevard​។​

​    ​លោក Rob Beasley ដែលជា​អ្នកនិពន្ធ​នៃ​សៀវភៅ​កំណត់ហេតុ​របស់ Jose Mourinho ដែល​នឹង​ត្រៀម​ចេញផ្សាយ​នាពេលខាងមុខ មាន​ចំណងជើង​ថា "Up Close and Personal" បាន​អះអាងថា​បាន​ស្ថិតនៅ​ជាមួយ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United បច្ចុប្បន្ន នៅ​គ្រា​នោះដែរ​។​

​    ​កំណត់ត្រា​ដកស្រង់​ពី​សៀវភៅ​មួយ​នេះ ដែល​គេ​បញ្ជូនមក​វេ​ប​សាយ Daily Mail បាន​លើកឡើងថា "​ខ្ញុំ​បាន​អង្គុយ​ជាមួយ Mourinho ដែល​កំពុង​ប្រាប់​ខ្ញុំ​អំពី​វិស្សមកាល​រដូវក្តៅ​ដ៏​ខកចិត្ត​របស់គាត់​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល​។ ប៉ុន្តែ​រំពេច​នោះ រឿងរ៉ាវ​អំពី​ថ្ងៃ​ឈប់សម្រាក​របស់ Jose ត្រូវបាន​បញ្ឈប់​ពេល​កំពុង​ដើរ​តាមផ្លូវ​។ មិន​ត្រឹម​ប៉ុន​ណោះ​ទេ ប៉ុន្តែ​សមាជិក​របស់​ក្លឹប​តោ​ខៀវ​ដទៃទៀត​ក៏​ស្រឡាំងកាំង​ស្ងាត់​មាត់​ជ្រាប​ភ្លាមៗ​ដូចគ្នា​ដែរ​។ ក្រសែភ្នែក​សម្លឹងមើល​ដ៏​ភ្ញាក់ផ្អើល ចង្ការ​សឹង​ធ្លាក់​ទៅដល់​ដី ហើយ​មនុស្ស​គ្រប់គ្នា​ដែល​នៅ​ទីនោះ​ឈរ​ធ្មឹង​ដើរទៅ​ណា​មិន​រួច​ទេ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​នោះ​ជា​ឥទ្ធិពល​របស់ Jennifer Aniston​។ 

​    ​Aniston ត្រូវបាន​បោះបង់ចោល​ដោយ Brad Pitt មួយឆ្នាំ​មុនពេល​តារា​ប្រុស​ប្រចាំ​ខ្សែភាពយន្ត Fight Club រូបនេះ បានចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាមួយ Angelina Jolie​។​

​    ​ពេល​ជួប Aniston លោក Mourinho បាន​លាន់មាត់​និយាយថា ចង្រៃ​យ៉ Brad Pitt "​អា​ក្បាលខូច​"​។ "Jennifer Aniston ១ Angelina Jolie ០"​។​

​    ​Jolie បានដាក់​ពាក្យបណ្តឹង​លែងលះ​ពី Pitt កាលពីដើម​សប្តាហ៍​នេះ បន្ទាប់ពី​ចំណាយពេល​អស់​រយៈពេល ១២​ឆ្នាំ​ជាមួយគ្នា ដែល​បានធ្វើឱ្យ​ប្រិយមិត្ត​មាន​ភាព​ភ្ញាក់​ជាខ្លាំង​៕

ប្រភព៖ Mirror

មតិយោបល់