adverise with khmeread 14442628 1127761337310740 552871215 n

ធ្លាប់​លួច​ពីមុន​...​ឥឡូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​ប្រើ​ហិង្សា​កាប់​គេ​របួសធ្ងន់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៣ ​ក​ញ្ញ ​ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​មានស្ថាន​ទម្ងន់ទោស (​ប្រើ​ដាវ​កាប់​បណ្តាល​ឱ្យរបួសធ្ងន់​) កាលពី​ថ្ងៃទី​១៧​ កញ្ញា ​២០១៦ នៅ​ចំណុច​មុខផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ សង្កាត់ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជា រស្មី ហៅទុយ ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ដាក់​ឆ័​ត្រ ស្នាក់នៅ​ផ្ទះជួល​គ្មានលេខ ផ្លូវ​៣៦៧ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ពៅ ភា​រុណ ហៅ ឡេវ ភេទប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មានលេខ ផ្លូវ​៦២០ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា  កាលពី​ថ្ងៃទី១៧ ​កញ្ញា ​២០១៦ ម៉ោង​១២​ និង​៥០​នាទី ជនរងគ្រោះ​ប្រាប់​ជនសង្ស័យ ឈ្មោះ ​ពៅ ភា​រុណ និង​ឈ្មោះ ​ពៅ ចំរើនថា​ "​ពួក​ឯង​កុំ​មករក​លួច​ឆ័​ត្រ​អញ ទៅរក​លួច​កន្លែង​ផ្សេង​ទៅ"​។ រួច​ជនរងគ្រោះ ក៏​ដើរទៅ​ផ្ទះ​ម្តាយមីង ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់ យក​ដំបង​ឈើ​ជ្រុងមក​វាយ និង​យក​ដាវ​សាំ​ម៉ូ​រៃ​កាប់​មកលើ​ជនរងគ្រោះ​ត្រូវ​១​ដាវ​ចំ​កដៃ​ខាងឆ្វេង​បណ្តាល​ឱ្យ​របួសធ្ងន់ រួច​ជនសង្ស័យ​ទាំង​២​នាក់​រត់​គេចខ្លួនបាត់​។​

    ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ នាំទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ​វៀត​។ លុះដល់​ថ្ងៃទី២៣ ​កញ្ញា ​ឆ្នាំ​២០១៦ជនសង្ស័យ​ឈ្មោះ ​ពៅ ភា​រុណ កំពុង​នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនមក​ប៉ុស្តិ៍​ច្បារអំពៅ​២ ធ្វើការសាកសួរ។​

    ប៉ូលិស​បន្តទៀតថា កន្លងមក​ជនសង្ស័យ​ឈ្មោះ ​ពៅ ភា​រុណ មានដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​លេខ ៥៣២ ដ​.​ច​.​ន ចុះ​ថ្ងៃទី ១០-០៨-២០១៦ចេញ​ដោយ​លោក កែវ មុនី ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ លួច​ខោអាវ ប្រព្រឹត្ត​នៅ​ចំណុច​លើ​គ្រែ​ផ្សារ​ច្បារអំពៅ ភូមិ​កណ្តាល សង្កាត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី០២ ​មេសា​ ឆ្នាំ​២០១៦​កន្លងទៅ។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់