adverise with khmeread Successful students

គុណសម្បត្តិ​លាក់​មុខ​ដ៏​មាន​ឥទ្ធិពល​ទាំង ៧ របស់​សិស្ស​ជោគជ័យ​

​    ​ជីវិត​ជា​សិស្ស​អាចជា​ដំណាក់កាល​ដ៏​សំខាន់បំផុត​មួយ​ក្នុង​ជីវិត​របស់​មនុស្ស​។ សព្វថ្ងៃ គ្រប់គ្នា​កំពុង​ចូលទៅក្នុង​ការប្រណាំង​ប្រជែង​ដើម្បី​ក្លាយជា​សិស្ស​ពូកែ​ក្នុង​ជំនាញ​របស់ខ្លួន​។ វា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ក្លាយជា​អ្នករៀន​អស់​មួយជីវិត​ដើម្បី​បោះជំហាន​ទៅមុខ​ជានិច្ច​ក្នុង​ជីវិត​។ ប៉ុន្តែ​គួរឱ្យ​ស្តាយ យើង​បញ្ឈប់​ការរៀនសូត្រ​ផ្លូវការ​បន្ទាប់ពី​យើង​រៀន​ចប់​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ ហើយ​បន្ទាប់មក​យើង​ត្អូញត្អែរថា​ហេតុអ្វី​បានជា​អ្វីៗ​មិនបាន​ផ្លាស់ប្តូរ​អ៊ីចឹង​។ ប៉ុន្តែ​ប្រសិនបើ​យើង​បន្ត​តាម​ចាប់​ទម្លាប់​ល្អ​មួយចំនួន​ឱ្យមាន​ប្រសិទ្ធភាព​បន្ទាប់ពី​ជីវិត​ជា​សិស្ស​និស្សិត​រួច នោះ​ការរក្សា​ម្ចាស់ការ​លើ​ជំនាញ​ផ្សេងៗ និង​ការបោះ​ជំហាន​វិវត្តន៍​ទៅមុខ​នឹង​កាន់​តែមាន​ភាពងាយស្រួល​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​ទាំង ៧ ដែល​សិស្ស​ពូកែ​មាន​ក្នុង​ខ្លួន​៖

១- ចង់ដឹង​ចង់ឃើញ​
​    ​សួរ​មនុស្ស​ជោគជ័យ​ណា​ម្នាក់​ក្នុង​ពិភពលោក ពួកគេ​នឹង​ប្រាប់​អ្នក​ថា វិធី​ទីមួយ ដែល​ពួកគេ​យកមកប្រើ​ដើម្បី​ចាប់ផ្តើម​គម្រោង​ដ៏​មានតម្លៃ​ណាមួយ​គឺ​តាមរយៈ​ការ​ចង់ដឹង​ចង់ឃើញ​។ រឿងនេះ​ត្រូវបាន​គេ​ឱ្យ​តម្លៃ​ទាប​បំផុត​តែ​វា​មានគុណ​សម្បត្តិ​ដ៏​សំខាន់​ដើម្បី​វិវត្តន៍​ទៅមុខ​ក្នុង​ជីវិត​។ ការ​ចង់ដឹង​ចង់ឃើញ​គឺ​នាំទៅដល់​ការរុករក និង​ការច្នៃប្រឌិត​ថ្មី​។ សម្រាប់​សិស្ស គឺ​ត្រូវ​ចាប់ផ្តើម​មានចិត្ត​ចង់ដឹង​ចង់ឃើញ​អំពី​មុខវិជ្ជា​ទាំងឡាយ ហើយ​ស្រូបយក​រាល់​ព័ត៌មាន​ដែល​បានឃើញ​។

២- អង្កេត​
​    ​នៅពេល​អ្នក​ស្គាល់​មនុស្ស​ណា​ម្នាក់ អ្នក​ច្បាស់​ជា​អង្កេត​មើល​របៀប​ដែល​គាត់​ធ្វើ​អ្វីដែល​គាត់​កំពុង​ធ្វើ​។ នៅពេល​អ្នក​ចង់ដឹង​ពី​ការងារ​ណាមួយ ត្រូវ​អង្កេត​ពី​របៀប​ដែល​គេ​អនុវត្ត​ការងារ​នោះ​។ ហើយ​មើល​ពី​របៀប​ដែល​កំហុស​ត្រូវបាន​បង្កើត តម្រែតម្រង់ និង​កែតម្រូវ​។ អង្កេត​មើល​របៀប​ដែល​ការសម្រេចចិត្ត​ដ៏​ជោគជ័យ​ត្រូវបាន​ធ្វើឡើង​។ បន្ទាប់ពី​អង្កេត អ្នក​ត្រូវតែ​អនុវត្ត​មេរៀន​ទាំងនោះ និង​ទទួលយក​មតិ​កែតម្រូវ​។ សម្រាប់​សិស្ស ត្រូវ​អង្កេត​របៀប​ដែល​សិស្ស​ជោគជ័យ​ក្នុង​ថ្នាក់ របៀប​ដែល​ពួកគេ​សិក្សា និង​ត្រូវ​អង្កេត​មើលថា​តើ​ទម្លាប់​របស់​ពួកគេ​ខុសពី​ទម្លាប់​របស់​យើង​របៀប​ណា​។ ល្គឹកណា​អ្នក​បាន​អង្កេត​ឃើញ​ភាពខុសគ្នា​ទាំងអស់​នេះហើយ អ្នក​គួរតែ​ដឹង​ច្បាស់​ហើយ​ថា​ត្រូវ​ចាប់ផ្តើម​ពី​ទីណា​។   

៣- សួរ​សំណួរ​
​    ​នៅពេល​អ្នក​ចង់ដឹង និង​បាន​អង្កេត​ឃើញ​អ្វីមួយ​ហើយ គឺ​ចូលដល់​ពេលដែល​អ្នក​មិន​យល់​ពី​របៀប​ដែល​វា​ត្រូវបានធ្វើ ឬ​គំនិត​មួយចំនួន​ដែល​មិនទាន់មាន​ភាពច្បាស់លាស់​។ នៅ​គ្រានេះ អ្នក​ត្រូវតែ​សួរ​សំណួរ​ដូចជា "​តើ​វា​ត្រូវបាន​ធ្វើឡើង​ដោយ​ពុំ​សូវ​ប្រឹងប្រែង​យ៉ាងដូច​ម្តេចទៅ​?", "​តើ​ខ្ញុំ​អាចធ្វើ​រឿងនេះ​ក្នុង​ជីវិត​របស់ខ្ញុំ​បាន​យ៉ាងដូចម្តេច​?", "​តើ​ខ្ញុំ​អាច​រៀនសូត្រ​អ្វីខ្លះ​ពី​រឿងនេះ​?", "​តើ​មនុស្ស​បែបណា​ដែល​ខ្ញុំ​ត្រូវ​ជួប​ដើម្បី​ចាប់​ផ្តើមធ្វើ​រឿងនេះ​ក្នុង​ជីវិត​របស់ខ្ញុំ​?"​។

​    ​នៅពេល​អ្នក​សួរ​សំណួរ​បែបនេះ អ្នកនឹង​ពង្រីក​ការ​ស្រមើល​ស្រមៃ​របស់​អ្នក ហើយ​អ្នកនឹង​រកឃើញ​រឿង​ជាច្រើន​អំពី​ខ្លួន​អ្នក ដែល​អ្នក​ពុំ​បានដឹង​ពីមុនមក​នោះទេ​។ សម្រាប់​សិស្ស គឺ​ត្រូវ​សួរ​សំណួរ​ឱ្យបាន​ច្រើន​ទៅកាន់​គ្រូ ឪពុកម្តាយ មិត្តភក្តិ និង​នរណា​ក៏ដោយ​ដែល​អ្នក​បាន​ជួប​។ ការ​សួរ​សំណួរ​គឺជា​ផ្នែក​ធម្មជាតិ​នៃ​ការរៀន​សូត តែ​វា​សំខាន់​ណាស់​។ រាល់​សិស្ស​ពូកែ​ដឹងថា​ពេលណា​ត្រូវ​ស្តាប់​គ្រូ និង​ពេលណា​ត្រូវ​សួរ​សំណួរ​បន្ថែម​។  

៤- អំណាច​ឆន្ទៈ​
​    ​នៅពេល​អ្នកធ្វើ​ការអង្កេត​ដោយ​ការ​ចង់ដឹង​ចង់ឃើញ ហើយ​សួរ​សំណួរ​នានា អ្នកនឹង​រកឃើញ​អ្វីដែល​អ្នក​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​ជួនកាល​យើង​រក​មិនឃើញ​អ្វីមួយ​ដែល​ចង់បាន​ក្នុង​ឆាកជីវិត​យើង​នោះទេ​។ នៅពេល​ជួប​រឿង​ដូច្នេះ អ្នក​ត្រូវតែ​ប្រើ​អំណាច​ឆន្ទៈ​របស់​អ្នក ហើយ​សម្រេចចិត្ត​ធ្វើ​រឿង​អ្វីមួយ​ដែល​គិតថា​ប្រសើរ​សម្រាប់​ជីវិត​ឱ្យ​ទាល់តែ​បាន​។ អ្នក​មិនត្រូវ​បោះបង់ចោល និង​មិន​គិត​ចង់​ធ្វើ​អ្វីមួយ​នោះឡើយ​។ នៅពេល​អ្នក​ប្រើ​អំណាច​ឆន្ទៈ​របស់​អ្នក ហើយ​បន្ត​ទៅមុខទៀត នោះ​អ្នកនឹង​ឃើញ​លទ្ធផល​ដ៏​អស្ចារ្យ​។ ការរៀនសូត្រ​ពីអ្វី​ដែល​ថ្មី​គឺ​ត្រូវការ​អំណាច​ឆន្ទៈ និង​ការតស៊ូ​ដូចគ្នា​ផងដែរ​។​

៥- វិន័យ​
​    ​សិស្ស​ពូកែ​ភាគច្រើន​ត្រូវបាន​គេ​មើលឃើញថា​ជា​សិស្ស​ដែលមាន​ការគោរពវិន័យ​បំផុត​។ ការរៀន​ភាសា​ថ្មី ការសិក្សា​មុខវិជ្ជា​ថ្មី ឬ​ការរៀនសូត្រ​អំពី​អាជីព​ការងារ​គឺ​ទាមទារ​ឱ្យមាន​វិន័យ​។ អ្នក​អាច​សម្រេចបាន​អ្វីមួយ​ទាល់តែ​មានការ​ខំប្រឹង​តស៊ូ​។ សិស្ស​ពូកែ​តែង​ប្រកាន់ខ្ជាប់​ជានិច្ច​នឹង​កាលវិភាគ​រៀនសូត្រ​របស់ខ្លួន​។

៦- អនុវត្ត​ផ្ទាល់​
​    ​នៅពេល​អ្នក​ចាប់ផ្តើម​អនុវត្ត​ផ្ទាល់ អ្នកនឹង​រៀន​បាន​ច្រើនជាង​ការដែល​អ្នក​គ្រាន់តែ​អាន​សៀវភៅ ឬ​ស្តាប់​គ្រូ​ទៅទៀត​។ បើទោះបីជា​អ្នកអនុវត្ត​ដោយ​មិន​បានគិត​ក៏ដោយ ក៏​អ្នក​បាន​រៀន​យ៉ាងច្រើន​ពីមុខ​វិជ្ជា​របស់​អ្នក បើ​ធៀប​នឹង​អ្នក​ផ្សេងទៀត​ដែល​គ្រាន់តែ​អាន​សៀវភៅ​។ អ្នក​មិនត្រូវ​ខ្លាច​ចំពោះ​ការធ្វើ​តេស្ត ការទទួលយក​មតិ​កែតម្រូវ និង​ការអភិវឌ្ឍ​ខ្លួនឯង​ឱ្យ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះឡើយ​។ វិធី​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​រៀនសូត្រ​គឺ​អនុវត្ត​។ បើ​អ្នក​គ្រាន់តែ​អាន​សៀវភៅ​ពី​របៀប​ហែល​ទឹក អ្នកនឹង​មិនចេះ​ហែល​ទឹក​នោះទេ ទាល់តែ​ពេលដែល​អ្នក​បាន​លោត​ចូលក្នុង​ទឹក​ទើប​ចេះ​ហែល​ទឹក​។  

៧- ដកចេញ​រាល់​ការរំខាន​
​    ​មិន​ថា​អ្នក​ទម្លាប់​ខ្លួនឯង​ដើម្បី​ទទួលបាន​ជោគជ័យ​ដោយ​របៀប​ណា​នោះទេ អ្នក​ត្រូវតែ​ដកចេញ​នូវ​រាល់​ការរំខាន​ប្រចាំថ្ងៃ​ដើម្បី​បោះជំហាន​ឆ្ពោះទៅមុខ​។ សព្វថ្ងៃ រយៈពេល​ក្នុងការ​ផ្តោតអារម្មណ៍រ​បស់​យើង​កាន់តែ​ខ្លី​ទៅៗ ដោយសារតែ​ការរំខាន​តែងតែ​នៅ​ទីនោះ​ដើម្បី​បញ្ឈប់​យើង​កុំឱ្យ​ផ្តោតលើ​ការងារ​របស់​យើង​។ ប៉ុន្តែ​មនុស្ស​ជោគជ័យ​ដឹងថា ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ទម្លាប់​របស់​ពួកគេ គឺ​ពួកគេ​ត្រូវ​ដកចេញ​រាល់​ការរំខាន​ឱ្យមាន​ប្រសិទ្ធភាព ពួកគេ​ត្រូវតែ​ប្រើ​ថាមពល​របស់​ពួកគេ​តាមរបៀប​មួយ​ដែល​ពួកគេ​អាច​ទទួលបាន​ប្រសិទ្ធភាព​បំផុត​ពី​ការប្រឹងប្រែង​របស់​ពួកគេ​។ កិច្ច​ការងាយៗ​ដូចជា​ដាក់​ទូរស័ព្ទ​ទៅមួយ​ឡែក ឬ​កុំ​មើល​ទូរទស្សន៍​ខណៈ​កំពុង​រៀន​គឺ​សុទ្ធតែជា​វិធីដក​ចេញ​រាល់​ការរំខាន​នានា​៕ 

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

មតិយោបល់