adverise with khmeread Unnamed %287%29

ឃាត់​ជនជាតិ​យួន​៤​នាក់​ចូល​មក​នេសាទ​ខុសច្បាប់​នៅ​កោះធំ​

    កណ្តាល ៖ ប៉ូលិស​បាន​បើក​កិច្ចសហការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​កាលពី​ថ្ងៃទី​២៣​ កញ្ញា ​ឆ្នាំ​២០១៦ នៅ​ចំណុច ក្នុង​អតីត​ឡូ​លេខ​១០ ស្ថិតក្នុង​ភូមិ​ខ្នា​តាំងយូ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ដែល​គេ​សង្ស័យថា​អាចមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ។​

    ដោយមាន​កា​សម្រប​ស្រួល​ពី​លោក​ លឹម សុគ​ន្ថា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុចកើតហេតុ​ខាងលើ។​

    ប៉ូលិស​និយាយថា ប្រតិ​ប្តិ​ការ​នេះ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ស្រី​២​នាក់ ជា​ជនជាតិ​យួន​គឺ​១-​ឈ្មោះ ង្វៀង យ៉ាំង​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ នេសាទ​, ២-​ឈ្មោះ យ៉ យ៉ាំង​សាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​មុខរបរ នេសាទ, ៣-​ឈ្មោះ ប៊ូ​យ ធី​ហាន់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​មុខរបរ នេសាទ​និង​៤-​ឈ្មោះ ង្វៀង ធី​ង៉ា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ នេសាទ។ ​ជនសង្ស័យ​ទាំង​៤​នាក់ រស់នៅ​ភូមិ​អាប​ហាយ ឃុំ​យឹ​ង​ងូ​យ ស្រុក​អាង​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម។

    វត្ថុតាង​ចាប់យក​១-​ស្បៃ​មង​ក្រឡា​ញឹក (​សៃយ៉ឺន​), ព្រួល និង​ឡុ​ក ប្រវែង​ប្រមាណ​១៦,០០០ ម៉ែត្រ​, ២-​លប​១០០​ស្រទាប់ ឬ​លប​ឆ្គួ​ត​មួយចំនួនធំ​, ៣-​កូន​ត្រី​ចំរុះ​ប្រមាណ​១,២០០​គីឡូក្រាម​, ៤-​ទូក​មាន​ម៉ាស៊ីន​នេសាទ​ចំនួន​០២ គ្រឿង (​ធ្វើ​ពី​ឈើ​), ​និង៥-​បង្គោល​ប្រមាណ​ជិត​៥០០​។​ ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងអស់​ដុត​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង។​

    ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សួរនាំ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។​

    បើតាម​សេចក្តីរាយការណ៍​មួយ​បានឱ្យដឹងថា នៅ​ក្នង​ទឹកដី​ស្រុក​ពញាឮ បទល្មើស​នេសាទ​កំពុង​កើតមាន​ពេញបន្ទុក តែ​គេ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះបង្ក្រាប​ឡើយ។​ ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោកស្នងការ​មេត្តា​ពិនិត្យមើល​ផង៕

adverise with khmeread

មតិយោបល់