Unnamed %282%29

ប៉ូលិស​បំបែកសំបុក​ទទួលផល​ចោរកម្ម​មួយកន្លែង​នៅ​ស្រុក​សង្កែ​

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​សង្កែ ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយកន្លែង និង​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​ក្នុងករណីនេះ យកមក​ធ្វើការ​សាកសួរ និងស្រាវជ្រាវ​នៅ​ស្នងការដ្ឋាន។​

    លោក​អនុ​សេនីយ៍​ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​បានឱ្យដឹងថា អនុវត្ត​ជាប្រចាំ​នូវ​មតិ​ណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏ដូចជា​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​ក្នុង​ក្រុម របស់លោក​បាន​សហកា​រ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​សង្កែ​ធ្វើការ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយ កន្លែង​ស្ថិតនៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។​

    លោក​បន្តថា ជនសង្ស័យ​ឈ្មោះ ហឿង រ័ត្ន​មុន្នី ហៅ​តឿ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅក្នុង​មូលដ្ឋាន​ខាងលើ ព្រមទាំង​រកឃើញ​ម៉ូតូ​ចំនួន ២ គ្រឿង ស្លាក​លេខ​ម៉ូតូ ចំនួន ០២ ស្លាក កាត​គ្រី​ម៉ូតូ​ចំនួន ០១ និង​សម្ភារៈ​ជា​គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួនធំ​ទៀត។​

    ពាក់​ព័​ន្ធ​នឹង​វត្ថុតាង​មួយចំនួន​ដែល​ដកហូត​បាន​នេះ គឺជា​មូលដ្ឋាន​ដែល​អាចទាក់ទង​ទៅនឹង​ព្រឹត្តិ​ហេតុ​នៃ​អំពើ ល្មើសច្បាប់​មួយចំនួន​ដែល​កើតឡើង​ក្នុ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ដែល​តម្រូវ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់​បំផុត។​

    បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ តាមផ្លូវ​ច្បាប់​នា​ថ្ងៃនេះ៕

មតិយោបល់