ភ្នំពេញ ៖ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៦ នៅក្នុងវិមានកីឡដ្ឋានជាតិ បានប្រកាសបិទជាផ្លូវការហើយ កាលពីល្ងាចថ្ងៃម្សិលមិញ បន្ទាប់ពីរកឃើញម្ចាស់ជ័យលាភីលើវិញ្ញាសា សរុបទាំង១៤រួចរាល់ហើយនោះ។
អគ្គលេខធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ថា ជ័យលាភីលើ១៤ប្រភេទវិញ្ញាសានេះរួម មាន៖ មេគុណបុរសឯកត្តជន ចំណាត់ថ្នាក់លេខ១ មេដាយមាស កីឡាករ លី បូរ៉ាមី មកពីក្លឹបក្រុមហ៊ុន រ័ត្ន សុខន។
មេគុណកាំបិតធំបុរស២នាក់ មេដាយមាស កីឡាករ ម៉េត សារី និងម៉េត សុភ័ក្ត្រា ក្លឹបក្រសួងមហាផ្ទៃ។ បុរស៤នាក់ប្រើអាវុធ មេដាយមាសបានទៅក្លឹបក្រសួងមហាផ្ទៃដែរ។ មេគុណបុរសនារី មេដាយមាស ក្លឹបវត្ត កោះ។ មេគុណនារីឯកត្តជន មេដាយមាស កីឡាការិនី សឿ ច័ន្ទលក្ខណា ក្រសួងមហាផ្ទៃ។ មេគុណដាវឯកត្ត ជន មេដាយមាស កីឡាករ ពៅ សុខា ក្លឹបរ័ត្នសាខន។ មេគុណបុរសម្នាក់ នារីម្នាក់ មេដាយមាស បានទៅលើ លី បូរ៉ាមី និង ពៅ សុខា។ មេគុណនារីម្នាក់បុរស៣នាក់ប្រើអាវុធ មេដាយមាសបានទៅលើក្លឹបរ័ត្ន សាន។
ចំណែកឯប្រភេទវិញ្ញាសាប្រយុទ្ធទម្ងន់ ៥០គីឡូក្រាម បុរស ជ័យលាភីលេខ១ មេដាយមាស បានទៅលើ កីឡាករ មិន ឌីម ក្លឹបសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ខណៈទម្ងន់៥៥គីឡូក្រាមបុរស មេដាយមាស កីឡាករ យាន សារ៉ា ក្រសួងមហាផ្ទៃ និងទម្ងន់៦០គីឡូក្រាម បុរស មេដាយមាស ទិន ភាព។ ៦៥គីឡូក្រាម មេដាយមាស ជ្រិន ប៊ុនឡុង ក្លឹបក្រសួងមហាផ្ទៃ។ រីឯវិញ្ញាសាប្រយុទ្ធទម្ងន់៥៥គីឡូក្រាម នារី បានទៅលើកីឡាការិនី ម៉ៅ ម៉ូនីតា ក្លឹបសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
ចំពោះវិញ្ញាសាប្រយុទ្ធ៦០គីឡូក្រាម នារី ជ័យលាភី ចំណាត់ថ្នាក់លេខ១ មេដាយមាស ក៏បានទៅលើកីឡាការិនី ចាន់ សីហា មកពីក្លឹបសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបផងដែរ។ ក្រៅពីជ័យ លាភីចំណាត់ថ្នាក់លេខ១ មេដាយមាសនៃវិញ្ញាសាទាំង១៤នេះ ក៏មានចំណាត់ថ្នាក់លេខ២ និងលេខ៣លើគ្រប់ វិញ្ញាសាទាំងអស់ផងដែរ។
សូមរំលឹកថា ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិនេះ មានកីឡាករ កីឡាការិនីចូលរួម សរុបចំនួន១២៣នាក់ មកពីក្លឹបនានាចំនួន៧ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ច សហប្រតិបត្តិការបច្ចេកទេសជាមួយមន្ត្រីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៕
