adverise with khmeread Unnamed

Ice Park Skating School ចែក​វិញ្ញាបនបត្រ​ដល់ សិស្ស​អាហារ​រូបករណ៍​ចំនួន​៦១​នាក់​នៅ​ត្រីមាស​ទី​៣

    ភ្នំពេញ ៖ សាលាបង្រៀន​ជិះ​ស្គី​ទឹកកក Ice Park Cambodia បាន​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​អាហារ រូបករណ៍ ឆ្នាំ​២០១៦​ ចំនួន​៦១​នាក់ ដែល​អាយុ​ពី​០៦​ឆ្នាំ​ដល់​១២​ឆ្នាំ ដោយបាន​បញ្ចប់​ត្រីមាស​ទី​៣ និង​ទទួលបាន​ជោគជ័យ នៃ​ជំនាញ​កីឡា​ជិះ​ស្គី​ទឹកកក នៅ​ទីលាន​ស្គី​ទឹកកក នៅលើ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ជាន់​ទី​៤​។​

    កញ្ញា ឡុង សុធាវី អគ្គលេខាធិការ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បានឱ្យដឹងថា សិស្ស​ទាំងអស់​បាន ទទួល​វិញ្ញាបនបត្រ​ទៅតាម​កម្រិត​ធ្វើតេស្ត​របស់​ពួកគេ ហើយ​មកទល់នឹង​ត្រីមាស​ទី​៣​នេះ Ice Park Cambodia ទទួលបាន​សិស្ស​ហ្វឹកហាត់​ជោគជ័យ​ដល់​កម្រិត​ចំនួន​៤ រួមមាន ៖ កម្រិត​១ Pre-Alpha ចំនួន ៥ នាក់ ស្រី ២​នាក់​, កម្រិត​៣ Beta ចំនួន ១៩ នាក់ ស្រី​១០​នាក់​, កម្រិត ២ Alpha ចំនួន ២២ នាក់ ស្រី​១៧​នាក់​, កម្រិត ៤ Gamma ចំនួន ១៥ នាក់ ក្នុងនោះ​មាន​ស្រី​១០​នាក់ សរុប​មាន​ចំនួន​៦១​នាក់ ក្នុងនោះ​មាន​ស្រី​៣៩​នាក់​។​

    កញ្ញា អគ្គលេខាធិការ រូបនេះ​បាន​បន្ថែមថា អាហារូបករណ៍​សម្រាប់​ឆ្នាំ​២០១៦​នេះ​នឹង​បន្ត​ត្រីមាស​ទី​៤​នៅ​ថ្ងៃទី​២៦ ខែកញ្ញា នឹង​ចប់​ទាំង ស្រុង ត្រឹម​ត្រីមាស​ទី​៤ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​។ 

    ការបើក​ទំព័រ​ថ្មី​សម្រាប់​អាហារ​រូបករណ៍​ឆ្នាំ​២០១៧ នឹង រៀបចំ​ហ្វឹកហាត់​នៅ​ថ្ងៃទី​០២ ខែមករា​ឆ្នាំ​២០១៧​ខាងមុខ​។ អាហារ​រូបករណ៍​ថ្មី​ឆ្នាំ​២០១៧​នេះ នឹង​ផ្តល់ជូន សិស្សានុសិស្ស​អាយុ​ចាប់ពី​៥​ឆ្នាំ ដល់​១៧​ឆ្នាំ ខុសគ្នា​កាលពី​ឆ្នាំមុន ដោយ​មូលហេតុ សហព័ន្ធ​សង្ឃឹមថា ប្រទេស កូរ៉េខាងត្បូង​នឹងមាន​កម្មវិធី​ហ្វឹកហាត់​ដល់​កីឡាករ​-​ការិនី​វ័យក្មេង​ចាប់ពី​អាយុ​១៣ ដល់​១៧​ឆ្នាំ ដូច​កាលពីដើម ឆ្នាំ​២០១៦​។ 

    សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​នឹង​កំណត់​ចំនួន​ត្រឹមតែ​៥០​នាក់​ដំបូង​សម្រាប់​ត្រីមាស​ទី​១ ព្រោះ​នៅមាន សិស្ស​អាហារ​រូបករណ៍​ចាស់ ដែល​គាត់​ត្រូវ​នៅ​បន្ត​ហ្វឹកហាត់​បន្ថែម​។ សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​នឹង​ប្រមូល​អត្ត​ព​លិ​ក​ថ្នាល ដែលមាន​ជំនាញ​ខ្ពស់​ជាងគេ មក​ហ្វឹកហាត់​ដាច់ដោយឡែក ហើយ​សហព័ន្ធ​ស​ង្ឈឹ​ម​ថា​កីឡាករ​-​ការិនី​ថ្នាល​នឹង​អាច​វិវឌ្ឍន៍ ប្រកបដោយ​សមត្ថភាព​ពេល​លេញ ដើម្បី​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​កីឡា ថ្នាក់​តំបន់ អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខ នៅ​កម្ពុជា​។ 

    សម្រាប់​ការចុះឈ្មោះ​សិស្ស​អាហារ​រូបករណ៍ ឆ្នាំ​២០១៧​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ ហើយ​កាល​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​។ 

    ដោយឡែក​សិស្ស​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ថ្ងៃនេះ​នឹងចូលរួម​ប្រកួត​ជា​មិត្តភាព​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ២​រសៀល ៦​ល្ងាច នៅ​ទីលាន Ice Park Cambodia ជាន់​ទី​០៤ ផ្សារ​ទំនើប អ៊ី​អន ភ្នំពេញ​។ ការ​ផុតកំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​។ 

    ទន្ទឹមនឹង​ការទទួល​ពាក្យ​ចូល​ប្រកួត​នេះ Ice Park Cambodia ក៏​បើក​ការទទួល​ពាក្យ​សម្រាប់​ចូលរួម ប្រកួត ក្នុង​កម្មវិធី Skate Bangkok នៅ​ប្រទេស​ថៃ​ផងដែរ ដែល​កម្មវិធី​នេះ​នឹង ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៨ ដល់​១១ ខែធ្នូ ឆ្នាំ​២០១៦​។ 

    បន្ទាប់ពី​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ Ice Park Cambodia នឹងមាន​កម្មវិធី​ពិសេស​១ ទៀត​មាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​កម្មវិធី Christmas Show 2016 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៤ និង​២៥​ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទីលាន Ice Park Cambodia៕​

adverise with khmeread

មតិយោបល់