1

ឧកញ៉ា​ម្ចាស់​ "ផែស្ងួត អូ​លែរ" ខឹង​ផ្លូវ​ស្ទះ​ដក​កាំភ្លើង​បាញ់​១​គ្រាប់ គេចខ្លួន​ចូល​ផ្ទះ​បាត់ ប៉ូលិស​ឃាត់​បាន​សន្តិសុខ​ម្នាក់​

    ភ្នំពេញ ៖ បុរស​ជា​ថៅកែ ​"ផែស្ងួត អូ​លែរ" និង​ជា​ឧកញ៉ា​ម្នាក់ ដោយសារតែ​ផ្លូវ​ស្ទះ​បានឱ្យ​សន្តិសុខ​ឌុប​តាម​ម៉ូតូ​ត្រឡប់ទៅផ្ទះ ហើយ​ខណៈនោះ​ផ្លូវ​កំពុង​ស្ទះ​ខ្លាំង ធ្វើឱ្យ​លោក​ឧកញ៉ា​ម្នាក់​នោះ​ខឹងសម្បារ បាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​មេឃ​១​គ្រាប់​ទុកជា​ការ​គំរាម​ដល់​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​នោះ។​

    អំពើ​បាញ់បោះ​សេរី​ខាងលើនេះ កើតឡើង​នៅវេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ កញ្ញា ២០១៦ នៅ​ចំណុច​ខាងកើត​របង​សាលា​វិទ្យាល័យ​ ហ៊ុនសែន​ជម្ពូ​វ័ន ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា បុរស​ជា​ឧកញ៉ា​ដែលមាន​កាំភ្លើង បាញ់បោះ​សេរី​ឈ្មោះ អ៊ា ចន្ថា អាយុ​៣១ឆ្នាំ ជា​ម្ចាស់ "​ផែស្ងួត អូ​លែរ" មាន​ទីលំនៅ​ក្នុង​បុរី លឹម​ឈាង​ហាក់ ចោមចៅ។​

    ដោយឡែក​បុរស​សន្តិសុខ​ជា​អ្នក​ឌុប​ឧកញ៉ា​ខាងលើ​មានឈ្មោះ ព្រីម គីម អាយុ៣៥​ឆ្នាំ មាន​មុខរបរ​សន្តិសុខ "​ផែស្ងួត អូ​លែរ" ស្នាក់នៅ​ក្នុង​ផែ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន។​

    បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​គឺ​ផ្លូវជាតិ​លេខ​៤​កំពុងតែ​ស្ទះ​ណែន​តាន់តាប់​រាប់​ម៉ោង ហើយ​សមត្ថកិច្ច​កំពុងតែ​សម្រួល​ចរាចរណ៍ ជាហេតុ​ធ្វើឱ្យ​លោក​ឧកញ៉ា​ជិះឡាន​មក​ផ្ទះ​មិនបាន។​

    លុះ​មកដល់​ម៉ោង​កើតហេតុ ឧកញ៉ា​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា​ពណ៌​ទឹកប៊ិច ​ស្លាក​លេខ​ 1BT-1084 ដោយ​ឱ្យ​សន្តិសុខ​ជា​ឌុប​ម៉ូតូ​មក​ផ្ទះ។ ​ខណៈ​មកដល់​ចំណុច​មុខផ្ទះ​ប្រជាពលរដ្ឋ​ខាងកើត​របង​សាលា​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន ដោយមាន​ឡាន​ចត​នៅតាម​អម​ផ្លូវ​ធ្វើឱ្យ​គាត់​ពិបាក​ធ្វើដំណើរ។​

    ប្រភព​ដដែល​បាន​បន្ត លោក​ឧកញ៉ា គាត់​ខ្ញាល់​ខ្លាំង​បាន​ស្រែ​ខ្លាំង​ថា "​ដោយ​តែ​ពួក អា​ម្ចាស់​ឡាន​ម៉ែ​វា​នឹង​ចត​ឡាន​ចឹ​ង​បាន​ផ្លូវ វា​ស្ទះ​ម្លឹ​ងៗ​"។​ និយាយ​ចប់ លោក​ឧកញ៉ា​បាន​ដក​កាំភ្លើង​មក​បាញ់​ឡើងលើ​មេឃ​១​គ្រាប់ រួច​បាន​ជិះ​ម៉ូតូ​ចេញទៅ​ផ្ទះ​បាត់ទៅ​។​

    ក្រោយពេល​កើតហេតុ សន្តិសុខ​ដែល​ឌុប​ឧកញ៉ា​មកវិញ ហើយ​ប្រជាពលរដ្ឋ​ចំណាំបាន ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​កំពុង​សម្រួល​ចរាចរណ៍​ផ្លូវ​កុំ​ឱ្យ​កកស្ទះ ដេញ​ឃាត់​បានតែ​ម្តង។ រួច​បាន​ឃាត់​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ចោមចៅ និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ពោធិ​សែន​ជ័យ ដើម្បី​កោះហៅ​ឧកញ៉ា​បាញ់បោះ​សេរី​មក​ដោះស្រាយ​តាម​និតិ​វិធី៕

មតិយោបល់