1

Wenger អត់​ឈឺក្បាល​ចំពោះ​ការលើកឡើង​របស់លោក Mourinho

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​ប្រើប្រាស់​ស​ន្និ​សិទ្ធ​កាសែត​របស់គាត់​មុន​ការប្រកួត​ដ៏​សំខាន់​ជាមួយ​តោ​ខៀវ Chelsea ក្នុង​រាត្រី​នេះ ដើម្បី​ច្រានចោល​របាយការណ៍​ដែល​បាន​លើកឡើងថា អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ​លោក Jose Mourinho បាន​និយាយថា គាត់​ចង់ "​កម្ទេច​មុខ​របស់ខ្លួន​"​។​

​    ​នៅក្នុង​សៀវភៅ​ថ្មី​មួយ​ក្រោម​ចំណង​ថា "Jose Mourinho: Up Close and Personal" ដែល​តាក់តែងឡើង​អ្នកកាសែត​គឺ​លោក Rob Beasley បាន​លើកឡើងថា គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម​បច្ចុប្បន្ន​ខឹង​លោក Wenger ជុំវិញ​ការរិះគន់​នៃ​ការលក់​កីឡាករ Juan Mata ទៅឱ្យ​ក្រុម Man Utd កាលពី​ខែមករា ឆ្នាំ ២០១៤​។​

​    ​បើ​យោងតាម​លោក Beasley បានឱ្យដឹងថា លោក Mourinho បាន​និយាយថា "​នៅពេល​លោក Wenger រិះគន់ Chelsea និង ManU ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​របស់ Mata...​ខ្ញុំ​នឹង​រក​គាត់​នៅក្រៅ​ទីលាន​បាល់ទាត់​នៅ​ថ្ងៃ​ណាមួយ ហើយ​ខ្ញុំ​នឹង​កម្ទេច​មុខ​របស់គាត់​"​។​

​    ​យ៉ាងណាក្តី​នៅពេល​ត្រូវបាន​សួរ​អំពី​ការលើកឡើង​នេះ លោក Wenger បាន​និយាយថា "​ខ្ញុំ​មិនបាន​អាន​សៀវភៅ​នោះទេ ហើយ​ខ្ញុំ​នឹងមិន​អាន​វា​ដែរ​។ ខ្ញុំ​មិនអាច​និយាយ​ទាក់ទង​រឿងនេះ​ទេ ខ្ញុំ​និយាយ​តែ​រឿង​បាល់ទាត់​"​។ 

​    ​គាត់​បាន​បន្តថា "​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ រឿងនេះ​មិន​ជាប់ទាក់ទង​នឹង​ការប្រកួត​របស់​ពួកយើង​នៅ​ថ្ងៃស្អែក​នោះទេ​។ ខ្ញុំ​ប្រហែលជា​ធ្វើ​សៀវភៅ​មួយ​ក្បាល​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​ខ្ញុំ​មិនទាន់​រួចរាល់​នោះទេ​"៕

ប្រភព៖ bleacherreport

មតិយោបល់