adverise with khmeread 14459764 1068180893296825 1846088920 n

ស្ថាបនិកអង្គការដើម្បីភាពញញឹម នៃកុមារ លោក Christian de Pallière បានទទួលមរណភាព

    ភ្នំពេញ ៖ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ លោក Christian de Pallière ជាជនជាតិបារាំង ដែលបានជួយកុមារកម្ពុជារាប់ពាន់នាក់ពីគំនរសំរាម ឱ្យមានអនាគតភ្លឺស្វាងនោះ បានទទួលមរណភាពហើយ វេលាម៉ោង៦ និង៥៨នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយជរាភាពក្នុងជន្មាយុ៨២ឆ្នាំ។

    បុគ្គលិកនៅអង្គការមួយនេះ បានថ្លែងថា លោក គឺជាអ្នកបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា តាំងពីឆ្នាំ១៩៩៥ដោយបានជួយកុមារកម្ពុជារាប់ពាន់នាក់ ឱ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងកុមារទាំងនោះឱ្យទទួលបានការសិក្សា អាហារ
និងការស្នាក់នៅសមរម្យ ព្រមទាំង​ទទួល​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ថែមទៀត​ផង​។

    លោកជាជនជាតិបារាំង ហើយដោយសារតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនរបស់​លោក, ព្រះមហាក្សត្រកម្ពុជា​បានប្រទានសញ្ជាតិខ្មែរជូនលោក។ ​ជាមួយគ្នានេះអង្គការ PSE បានបញ្ជាក់ពីដំណឹងមរណភាពយ៉ាងដូច្នេះថា លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ព្រមទាំងកូន
ចៅ បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ មានទុក្ខក្រៀមក្រំឥតឧបមា ដោយ លោក គ្រីស្យង់ ហ្គោកឺឡាំងដេប៉ាលីយ៉ែរ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា និងជាស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៥៨នាទីល្ងាច ក្នុងជន្មាយុ៨២ឆ្នាំ។

    សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារដែលមានអាសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា)។

    សពនឹងត្រូវដង្ហែទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១​រសៀល។ ដំណឹងនេះចាត់ទុកជាការយាងអញ្ជើញឯកឧត្តម លោកជំទាវ អ្នកឧកញា លោក-លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសិស្សានុសិស្សទាំងអស់ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពតាមការគួរ៕

adverise with khmeread

មតិយោបល់