adverise with khmeread 6 apps

App កំពូលៗចំនួន ៦ នឹងជួយកូនៗរបស់អ្នកឲ្យរៀនសូត្រខណៈអាចរក្សាពួកគេឲ្យមានសុវត្ថិភាពថែមទៀត

ឪពុកម្តាយជាច្រើនគិតថាបច្ចេកវិជ្ជាគឺឥតប្រយោជន៍ទេសម្រាប់កូនៗ ក៏ប៉ុន្តែក្មេងៗចៀសមិនផុតទេក្នុងការត្រូវដឹងពីរបៀបប្រើប្រាស់វាដើម្បីជោគជ័យក្នុងអនាគត។ មានកម្មវិធីទូរស័ព្ទច្រើនណាស់ ដែលបម្រើទាំងការកម្សាន្ត និងការអប់រំសម្រាប់ក្មេងៗ។ ក្រៅពីនេះ មានកម្មវិធីមួយចំនួនទៀតអាចឲ្យអ្នកគ្រប់គ្រងការប្រើប្រាស់បច្ចេកវិជ្ជារបស់កូនៗ ជីវិតនៅសាលារៀនរបស់ក្មេងៗ និងរឿងរ៉ាវជាច្រើនទៀត។ ដូច្នេះសូមកុំឲ្យខកខានឱកាសដ៏មានតម្លៃក្នុងការបង្រៀនកូនៗរបស់អ្នកខណៈនៅតែអាចឲ្យក្មេងៗមានសុវត្ថិភាពជាមួយនឹងកម្មវិធីទូរស័ព្ទដែលបានណែនាំដូចខាងក្រោម៖ 

១- កម្មវិធី Motion Math Games
កម្មវិធីនេះគឺជាវិធីដ៏សប្បាយ និងពិសេសមួយដើម្បីឲ្យកូនៗរបស់អ្នកស្រឡាញ់គណិតវិទ្យា។ ដោយមានការជឿជាក់ពីអ្នកអប់រំជាង ៤០.០០០ នាក់ កម្មវិធីនេះគឺជាកម្មវិធីគណិតវិទ្យាដ៏ពេញនិយមបំផុតមួយលើពិភពលោក។ ក្នុងកម្មវិធីនេះមានហ្គេមទាក់ទងនឹងគណិតវិទ្យាជាច្រើន ដែលមានភាពងាយស្រួល និងធ្វើឲ្យក្មេងៗឆាប់យល់និងចាប់បានចំណេះដឹងខាងគណិតវិទ្យា។ 

២- កម្មវិធី My Grades and Homework App
កម្មវិធីនេះល្អណាស់សម្រាប់ឲ្យឪពុកម្តាយតាមដានភាពរីកចម្រើនក្នុងការសិក្សារបស់កូនៗ។ កម្មវិធីនេះអាចឲ្យអ្នកតាមដានកិច្ចការសាលារបស់កូនៗ និងថែមទាំងអាចទទួលបានរបាយការណ៍ពិន្ទុប្រចាំខែទៀតផង។ លើសពីនេះទៀត កម្មវិធីនេះត្រូវបានបន្ស៊ីគ្នាជាមួយនឹងកម្មវិធី Dropbox ដើម្បីធ្វើឲ្យប្រាកដថាអ្នកនឹងមិនបាត់បង់ទិន្នន័យសំខាន់ណាមួយនោះទេ។ 

៣- កម្មវិធី Pumpic child phone monitoring
នេះគឺជាកម្មវិធីត្រូវមានដាច់ខាតដើម្បីគ្រប់គ្រងការប្រើអ៊ីនធឺណេតរបស់កូនៗ។ វាអនុញ្ញាតឲ្យអ្នកតានដានមើលវេបសាយបណ្តាញសង្គមដូចជា Facebook និង Instagram ជាដើមដើម្បីទប់ស្កាត់កុំឲ្យមានការទាក់ទងជាមួយនឹងពួកដើរសំឡុតគេតាមអនឡាញ និងពួកពូកែធ្វើបានគេតាមអ៊ីនធឺណេតជាដើម។ អ្នកអាចពិនិត្យមើលរូបភាព និងវីដេអូដែលបានដោនឡូត និងថែមទាំងអាចបិទវេបសាយនិងកម្មវិធីមិនល្អចោលទៀតផង។ លើសពីនេះទៀត អ្នកអាចតាមដានទីកន្លែងដែលកូនរបស់អ្នកកំពុងទៅទៀតផង។ អ្នកក៏អាចកំណត់ទីតាំង "ផ្ទះ" និង "សាលា" បានផងដែរ ហើយនៅពេលណាដែលកូនៗបានចាកចេញពីផ្ទះឬសាលា កម្មវិធីនេះនឹងជូនដំណឹងប្រាប់អ្នកឲ្យបានដឹងភ្លាម។  

៤- កម្មវិធី Lightbot programming
ក្មេងៗមិនចូលចិត្តកម្មវិធីរៀនសូត្រនោះទេ។ ប្រសិនបើអ្នកចង់បង្រៀនកូនរបស់អ្នកអំពីការសរសេរកូដកម្មវិធី (Coding) អ្នកមិនចាំបាច់មានសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រក៏ធ្វើបានដែរ។ អ្នកអាចដោនឡូតកម្មវិធីង្រៀនសរសេរកូដសប្បាយៗ និងងាយស្រួលនេះ។ ក្នុងកម្មវិធីនេះមានហ្គេមងាយស្រួលជាច្រើន ដែលក្មេងៗអាចបញ្ជាមនុស្សយន្តរ៉ូបូតឲ្យដើរ លោត និងរើរបាំងចេញ ដោយប្រើការបញ្ជាដែលគេសរសេរកូដចូល។ ការបញ្ជាដំបូងៗគឺមានភាពងាយស្រួលទេ ដូច្នេះអ្នកមិនបាច់បារម្ភថាកូនៗរបស់អ្នកនឹងមិនយល់ពីរបៀបប្រើវានោះទេ។ កម្មវិធីនេះធ្វើឡើងសម្រាប់ក្មេងអាយុ ៤ទៅ៩ឆ្នាំ។ ដូចជាហ្គេមមួយអ៊ីចឹងដែរ មេរៀនទាំងអស់គឺកាន់តែស្មុគ្រស្មាញទៅៗនៅពេលដែលកម្រិតលេងចេះតែឡើងខ្ពស់ទៅៗ។ កូនរបស់អ្នកនឹងមិនដឹងថាពួកគេកំពុងតែរៀននោះទេ!

៥- កម្មវិធី Ear Trainer
ចង់ពង្រឹងការស្តាប់តន្ត្រីរបស់កូនៗអ្នកទេ? តើកំពុងមានគម្រោងបញ្ជូនកូនរបស់អ្នកទៅសាលាតន្ត្រីមែនទេ? អ៊ីចឹងមិនបាច់ក្រឡេកមើលទៅណាឆ្ងាយទេ។ កម្មវិធី Ear Trainer គឺជាកម្មវិធីដ៏អស្ចារ្យសម្រាប់គ្រប់គ្នាដែលចាប់អារម្មណ៍ខាងតន្ត្រី។ វាមានលំហាត់តន្ត្រីជាង ២៦០ ជាពិសេសវាមាន Keyboard សម្លេងស្ទូឌីយ៉ូទៀតផង។ កម្មវិធីនេះល្អសម្រាប់មនុស្សគ្រប់គ្នាចាប់ពីអាយុ ៤ឆ្នាំឡើងទៅ ឬអ្នកដែលទើបចប់សាលាតន្ត្រី។ 

៦- កម្មវិធី Squiggle Fish Child Aquarium
នេះគឺជាកម្មវិធីដ៏អស្ចារ្យពិតៗសម្រាប់ក្មេងៗ។ វាជាអាងចិញ្ចឹមត្រីឌីជីថល ដែលពុំមានអ្វីទាំងអស់នៅពេលចាប់ផ្តើម។ អ្នកអាចដាក់ត្រីចូលបានតាមចិត្តក្នុងអាងនេះ ហើយប្រហែលជា ១០វិនាទីក្រោយអ្នកនឹងឃើញត្រីហែលពេញអាងក្នុងកម្មវិធីមួយនេះ។ ក្មេងៗចូលចិត្តណាស់ចំពោះកម្មវិធីបែបនេះ។ អ្នកអាចគ្រប់គ្រងពួកគេឲ្យនៅមួយកន្លែងបានមួយសន្ទុះធំ ប្រសិនបើអ្នកជាប់ដៃធ្វើកិច្ចការផ្ទាល់ខ្លួន៕ 

ប្រភព៖ ឡាយប៊ែក

adverise with khmeread

មតិយោបល់