ក្មេងស្រីវ័យជំទង់ម្នាក់បានយល់ព្រមកប់ខ្លួនទាំងរស់ដើម្បីព្យាបាលឈឺខ្នងដ៏ចុកចាប់របស់នាងបន្ទាប់ពីនាងត្រូវបានរន្ទះបាញ់។
កញ្ញា Ana Ballesteros វ័យ ១៨ ឆ្នាំត្រូវបានកប់ត្រឹមករបស់នាងរយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍នៅក្នុងសួនច្បាររបស់នាង។ សាច់ញាតិរបស់នាងជឿថា ការធ្វើបែបនេះនឹងទាញថាមពលរន្ទះបាញ់ចេញពីខ្លួនរបស់នាង។
នាងក៏ធ្លាប់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែនៅតែឈឺខ្នង ហើយធ្វើឱ្យនាងដើរមិនដូចពីមុន។
នាងបាននិយាយថា "គ្រូពេទ្យគិតតែរកថ្នាំព្យាបាល ប៉ុន្តែមិនរកវិធីព្យាបាលជំងឺដោយសាររន្ទះបាញ់នេះទេ។ ខ្ញុំដឹងថា ចូលទៅក្នុងរណ្តៅនេះនឹងធ្វើសភាពជំងឺរបស់ខ្ញុំប្រសើរជាងមុន ព្រោះនេះជាវិធីចាស់បុរាណ"។
រីឯយាយរបស់នាងឈ្មោះ Blanca de la Rosa បាននិយាយថា "អ្វីដែលយើងកំពុងធ្វើនេះគឺដើម្បីដកភ្លើងចេញពីរន្ទះ និងកម្តៅចេញពីថាមពលរន្ទះ"។ ចំណែកអ្នកស្រី Milena ដែលត្រូវជាម្តាយបានបន្ថែមថា "អ្នកស្រុកបានប្រាប់ខ្ញុំ មុននឹងខ្ញុំនាំកូនរបស់ខ្ញុំទៅពេទ្យថា យើងគួរតែកប់នាងទៅល្អជាងព្រោះដើម្បីយកថាមពលរន្ទះបាញ់ចេញ"។
យ៉ាងណាក្តី គេនៅមិនទាន់ដឹងនៅឡើយថាតើវិធីនេះបានជួយនាងឱ្យប្រសើរជាងមុនឬយ៉ាងណា។
រីឯគ្រូពេទ្យម្នាក់ដែលធ្វើការក្នុងគ្លីនិកមួយក្នុងទីក្រុង Monteria ប្រទេសកូឡុំប៊ីបានទទួលស្គាល់ថា មានវិធីបុរាណជាច្រើនដើម្បីព្យាបាលជំងឺដោយរួមបញ្ចូលទាំងការកប់ខ្លួន ប៉ុន្តែគាត់បានបន្ថែមថា "គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលអះអាងថា ការកប់អ្នកជំងឺដែលត្រូវបានរន្ទះបាញ់ ជួយឱ្យធូរស្បើយឡើងនោះទេ"៕
ប្រភព៖ Mirror
