ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ស្រវឹងស្រាចូលម៉ាស្សា ហើយនៅពេលរួចរាល់ឃើញនារីម៉ាស្សាសាច់សខ្ចីទ្រាំមិនបាន ខ្ទប់មាត់សម្រាតខោអាវបំណងចាប់រំលោភ តែមិនបានសម្រេចដោយមានគេមកទាន់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចហាងម៉ាស្សាយីហោឡូទូស ស្ប៉ា និងសាឡន ខាងត្បូងវិទ្យាល័យបឹងកេងកង តាមបណ្តោយផ្លូវលេខ៣៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីបុគ្គលិកដែលធ្វើការនៅទីនោះបានឱ្យដឹងថា ដំបូងមានជនជាតិចិន២នាក់ បានមកម៉ាស្សានៅក្នុងហាងខាងលើទាំងស្ថានភាពស្រវឹងដោយបានចែកបន្ទប់ពីផ្សេងពីគ្នា។ នៅពេលម៉ាស្សារួចនារីបម្រើការបានចូលទៅលាងដៃក្នុងបន្ទប់ទឹក។ ពេលនោះជនជាតិចិនដែលមានអាការៈស្រវឹងស្រាជោគជាំ បានចូលទៅតាមពីក្រោយដោយយកដៃខ្ទប់មាត់ និងចាប់សម្រាតខោអាវចេញបំណងចាប់រំលោភ។ ប៉ុន្តែនាងមិនព្រមដោយបានប្រតាយប្រតបគ្នារហូតឮដល់អ្នកនៅខាងក្រោម។
ប្រភពបន្តថា បន្ទាប់ឮសម្លេងក្តុងក្តាំងពីក្នុងបន្ទប់ អ្នកនៅក្នុងហាងទាំងប្រុសទាំងស្រីបាននាំគ្នាស្ទុះឡើងទៅមើល ក៏ស្រាប់តែឃើញជនជាតិចិនម្នាក់នោះស្រាតខោអាវចេញរៀបនឹងចាប់រំលោភទៅហើយ ទើបនាំគ្នាចាប់ជនជាតិចិនម្នាក់នោះ និងជួយសម្រួលដង្ហើមដល់នារីរងគ្រោះដោយសារត្រូវគេខ្ទប់មាត់យូរពេក។
បន្ទាប់ពីកើតហេតុភាគីបុរសជនជាតិចិន និងជនរងគ្រោះ បានធ្វើការសម្របសម្រួលគ្នា ដោយជនបង្កសុំទោស និងសុខចិត្តសងថ្លៃជំងឺចិត្តទៅនារីរងគ្រោះដោយមិនចង់មានរឿងវែងឆ្ងាយ តែមិនបានជាប់លុយមកក៏ឱ្យមិត្តភក្តិទៅយកលុយ។
ខណៈនាំគ្នាអង្គុយរង់ចាំមិត្តភក្តិរបស់ជនជាតិចិនយកលុយមកនោះ ស្រាប់តែជនបង្កបានរត់ចេញពីក្នុងហាងម៉ាស្សាបំណងគេចខ្លួន។ ប៉ុន្តែមកដល់ចំណុចមុខសណ្ឋាគារផាមទ្រី បានទាក់ជើងដួលក៏ត្រូវអ្នកធ្វើការក្នុងហាងដែលដេញតាមពីក្រោយចាប់បានមកវិញ និងបានទំនាក់ទងមកសមត្ថកិច្ច។
ក្រោយមកសមត្ថកិច្ចក៏បានយកជនបង្កទៅកន្លែងកើតហេតុវិញ ហើយមួយសន្ទុះក្រោយមកមិត្តភក្តិមកដល់ដើម្បីធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមិនរំខានដល់សមត្ថកិច្ច។ ក្នុងរឿងនេះក៏មិនបានដឹងថាភាគីទាំង២សម្របសម្រួលគ្នាយ៉ាងណាដែរ ដោយមិនមាននរណាម្នាក់បង្ហើបប្រាប់នោះទេ គ្រាន់តែដឹងថាភាគីខាងរងគ្រោះទាមទារសងជម្ងឺចិត្ត៥០០ដុល្លារ៕
