1

បើករថយន្ត​ប្រដេញ​គ្នា ក្រឡាប់​ផ្ងារកង់ឡើងលើ

      ភ្នំពេញ​៖  រថយន្ត​ស៊េរី​ទំនើប ២​គ្រឿង​បើក​ប្រដេញ​គ្នា​លេង ហើយ​ជ្រុល​ទៅ បុក​រនាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ម៉ាក​Lexus​ក្រឡាប់​ផ្ងារ​កង់​ឡើង​លើ​រង​កា​ខូចខាត​ធ្ងន់ធ្ងរ តែ​អ្នកបើកបរ​មិន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។​
      គ្រោះថ្នាក់​នេះ​កើតឡើង​នៅតាម​ប​ណ្តោ​មហាវិថី​ព្រះ​មនី​វង្ស ខាងជើង​ស្តុ​ប​បូកគោ ប្រមាណ​២០០​ម៉ែត្រ ដែល​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៥​និង​២០​នាទី ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ​។​
     ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​ដោយសារ​រថយន្ត​ទំនើប ពីរ​គ្រឿង​បើក​ប្រដេញ​គ្នា​ក្នុង ល្បឿន​យ៉ាង​លឿន​តាមផ្លូវ ព្រះមុនីវង្ស​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ។​
    លុះ​មកដល់​ចំណុចកើតហេតុ  ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​នេះ បាន​រ៉េ​ចង្កូត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​បាក់​អស់ ៦​ផ្ទាំង ។​ឯ​រថយន្ត​បាន​ហោះ​ទៅ​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ​ច្រងាង​រង​ការខូចខាត តែ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​នោះទេ​។​
    បន្ទាប់មក​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​បង្ក ក៏បាន​លូន​ចេញ ហើយ​ឡើង ជិះ​ម៉ូតូ​កង់​បី​គេចចេញ ពី​កន្លែងកើតហេតុ​បន្សល់ទុក​តែ​រថយន្ត​ដែល​ក្រឡាប់​តែប៉ុណ្ណោះ​។​
    ក្រោយ​កើតហេតុ ប៉ូលិស​ជំនាញ​ក្រុង ចុះមក​ធ្វើការ​ស្ទួ​ច​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​ទៅ ដោះស្រាយ​នៅពេល​ក្រោយ​៕​

មតិយោបល់