adverise with khmeread Asd

កាល​ឆ្នាំ ១៩៥៨ លោក​ប្រធាន​ម៉ៅ​បាន​បញ្ជា​ឱ្យ​សម្លាប់​ចាប​ទូទាំងប្រទេស​ព្រោះ​វា​បំផ្លាញ​ស្រូវ ប៉ុន្តែ​រឿង​អកុសល​បានកើត​ឡើង​ក្រោយ​ការគិត​ខុស​តែ​បន្តិច​នេះ​

    ​គ្រោះមហន្តរាយ​បរិស្ថាន​គឺជា​រឿង​ធម្មតា​ទៅហើយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ប៉ុន្តែ​គ្មាន​គ្រោះ​មួយណា​អាច​ប្រៀបធៀប​នឹង​គ្រោះមហន្តរាយ​បរិស្ថាន​ដូច​ក្នុងប្រទេស​ចិន​ក្នុង​ឆ្នាំ ១៩៥៨ នោះឡើយ​។ លោក​ម៉ៅ សេទុង មេដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានចេញ​បទបញ្ជា​ឱ្យ​សម្លាប់​ចាប​ទូទាំងប្រទេស​។ លោក​យល់ឃើញថា ចិន​អាច​រស់​ដោយ​គ្មាន​សត្វ​ចង្រៃ​ដូចជា​សត្វ​ចាប​។ លោក​ម៉ៅ​យល់ឃើញថា ចាប​ស៊ី​ស្រូវ​ច្រើនពេក​ក្រៃ ហើយ​វា​សម​ហេតុផល​ណាស់​ដែល​ឱ្យ​គាត់​សម្លាប់​ចាប​ចោល​ទាំងអស់​។ 

​     យោងតាម​លោក​ម៉ៅ សេទុង ចាប​ជាស​ត្វ​រំខាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន​។ អំឡុង​បី​ឆ្នាំ​បន្ទាប់ ប្រជាជន​ចិន ៤៥ លាន​នាក់​ស្លាប់​ដោយសារ​គ្រោះ​ទុរ្ភិក្ស​បង្កឡើង​ដោយ​ការគ្រប់គ្រង​សេដ្ឋកិច្ច​ខុស គ្រោះមហន្តរាយ​បរិស្ថាន និង​ចលាចល​ហិង្សា​ក្នុងប្រទេស​។ 

​    ​លោក​ម៉ៅ សេទុង​បានធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ក្នុង​បំណង​ធ្វើឱ្យ​ជីវភាព​ប្រជាជន​ចិន​ល្អប្រសើរ និង​មាន​ភាពទំនើប​។ យុទ្ធនាការ​សត្វល្អិត​ចង្រៃ​ទាំង​បួន (Four Pests Campaign) គឺ​ស្ថិត​ក្នុងចំណោម​យុទ្ធនាការ​ជាច្រើន នៃ​នយោបាយ​មហាលោតផ្លោះ​នៅ​ចន្លោះ​ឆ្នាំ ១៩៥៨ និង ១៩៦២​។ ការសម្លាប់​ចាប​ទាំងអស់​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ​។ 

​    ​ចិន​បាន​កេណ្ឌ​ប្រជាជន​ឱ្យ​នាំគ្នា​កម្ចាត់​សត្វ​ចាប​ឱ្យអស់​។ ពួកគេ​បាន​ប្រើ​ស្គរ​គោះ​បន្លាច​ចាប​ដែល​ចុះ​មករក​វាលស្រែ ដើម្បីឱ្យ​វា​ហោះ​ឡើងលើ​មេឃ​វិញ​រហូត​ទាល់តែ​អស់កម្លាំង​ងាប់​។ ប្រជាជន​នាំគ្នា​បំផ្លាញ​សំបុកចាប និង​បាញ​ចាប់​ទម្លាក់​ពីលើ​មេឃ​។ លទ្ធផល​នៃ​យុទ្ធ​ការ​នេះ​បានធ្វើឱ្យ​ចាប​ស្ទើរតែ​ផុត​ពូជ​ពី​ក្នុងប្រទេស​ចិន​។ 

​    ​កាលពី​ឆ្នាំ ១៩៥៨ ពុំមាន​ព័ត៌មាន​បញ្ជាក់ថា​មាន​សត្វ​ចាប​ប៉ុន្មាន​ក្បាល​ឡើយ​ក្នុងប្រទេស​ចិន​។ ប៉ុន្តែ​ប្រសិនបើ​គិតថា​មាន​ចាប់​មួយ​មាន​មនុស្ស​ម្នាក់ នោះ​ចាប​ប្រហែល​មាន​ចំនួន ៦០០ លាន​ក្បាល ដូច្នេះ​ចាប​ដែល​គេ​សម្លាប់​គឺមាន​ចំនួន​រាប់រយ​លាន​ក្បាល​។ នេះ​បាន​នាំឱ្យមាន​បញ្ហា​នៅ​ឆ្នាំ​បន្ទាប់​។ គេ​បាន​សម្គាល់​ឃើញ​សត្វល្អិត​បំផ្លាញ​ដំណាំ​មាន​ចំនួន​កើនឡើង​ខ្លាំង​។ សត្វ​ចាប​ស៊ី​សត្វល្អិត​ផ្សេងៗ​ដូចជា កណ្តូប ជាដើម ហើយ​ក្រោយ​យុទ្ធនាការ​សម្លាប់​ចាប សត្វ​កណ្តូប​បាន​បាត់បង់​សត្វ​ពិឃាត​របស់​វា​យ៉ាងច្រើន​។ នេះ​មានន័យថា ការសម្លាប់​សត្វ​ចាប​គឺ​ប្រឆាំងនឹង​ផលិតភាព​ស្បៀង​។ សត្វ​ចាប​មិន​ត្រឹម​ស៊ី​ស្រូវ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ស៊ី​សត្វល្អិត​ចង្រៃ​ផ្សេងទៀត​ដែរ​។ 

​    ​ចំនួន​សត្វ​កណ្តូប​កើនឡើង​យ៉ាងខ្លាំង ហើយ​វា​ស៊ី​ផលដំណាំ​គ្រប់មុខ​។ ការផលិត​ស្រូវ​ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​ភាគច្រើន​បាន​ដួលរលំ ហើយ​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​បានចាប់ផ្តើម​។ ប្រជាជន​អស់​ស្បៀង​ទទួលទាន ហើយ​មនុស្ស​រាប់លាន​នាក់​ចាប់ផ្តើម​អត់ឃ្លាន​។ ចំនួន​អ្នកស្លាប់​ផ្លូវការ​ពី​រដ្ឋាភិបាល​ចិន​គឺមាន​ចំនួន ១៥ លាន​នាក់​។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​មួយចំនួន​ព្យាករណ៍​ថា ចំនួន​អ្នកស្លាប់​អាច​កើន​ដល់​ទៅ ៤៥ ឬ សូម្បី ៧៨ លាន​នាក់​ឯណោះ​៕

ប្រភព៖ ចិន

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់