Unnamed %281%29

រថយន្តសង្គ្រោះ​​គេច​រថយន្ត​​ដឹក​ស៊ី​ម៉​ង់​ត៍​រេ​ចង្កូត​បុក​កន្លែង​លក់​ទា​អាំង​របួសថែម២នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ដើម​ឫស​មួយគ្រឿង​ខណៈដែល​កំពុង​ដឹកបញ្ជូន​ជនរងគ្រោះ​ម្នាក់​ទៅកាន់​មន្ទីរពេទ្យ​មកកាន់​ទីក្រុង​ភ្នំពេញ ឆ្លងកាត់​មេឃ​កំពុង​ធ្លាក់ភ្លៀង ហើយ​ងងឹត​ទៀត គាប់ ជួន​ស្រាប់តែ​វ៉ា​ក់​អើ​ជាមួយ​រថយន្ត​ស៊ីទែន​ដឹក​ស៊ី​ម៉​ង់​ត៍​បើក​ចេញមក​ដែរ ធ្វើ​ឱ្យ​រថយន្ត​សង្គ្រោះ​ជាន់ហ្វ្រាំង​ទាំង​ប្រថុច​ ក៏រអិល​រេ​ចង្កូត​ទៅបុក​ធុង​ទាខ្វៃ ប៉ើង​រងើកភ្លើង រលាក​របួស​២​នាក់​បន្ថែមទៀត។​

    ហេតុ​ការណ៍​នេះ​កាលពី​វេលា​ម៉ោង៨ ​និង១៥នាទី​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    រថយន្ត​ដែល​ជួប​នូវ​ឧប្បត្តិហេតុ​ខាងលើ​ម៉ាក​ស្តា​រិច ជា​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    តាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​រថយន្ត​សង្គ្រោះ បាន​ដឹក​អ្នក​ជម្ងឺ ម្នាក់ ក្មេងប្រុស ជំងឺ​ក្តៅខ្លួន​រលាក​ទងសួត តម្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដឹក​តាម​រថយន្ត​ខាងលើ សរុបគ្នា​៥​នាក់ រួមទាំង​អ្នកបើក​បរផង​។​

    លុះ​រថយន្ត​បើក​មកដល់​ចំណុច​ខាងលើ មាន​បើក​ទាំង​ភ្លើង​សុំ​ផ្លូវ​អាទិភាព បើក​ទាំង​ស៊ី​រ៉ែ​ន ដោយសារ​មេឃ​កំពុង​ធ្លាក់ភ្លៀង ហើយ​ងងឹត​ទៀត ស្រាប់​តែមាន​រថយន្ត ស៊ីទែន​ដឹក​ស៊ីម៉ង់ត៍ របស់​ក្រុមហ៊ុន​មួយ នៅក្បែរនោះ​បើក​ចេញមក​ដែរ ធ្វើឱ្យ​រថយន្ត​សង្គ្រោះ​វ៉ា​ក់​អើ ជាន់ហ្វ្រាំង​ទាំង​បង្ខំ ក៏​រអិល​រេ​ចង្កូត​ជ្រុល​ទៅបុក ធុង​ទាខ្វៃ​បណ្តាលឱ្យ​របួស អ្នកបើកបរ​រថយន្ត​សង្គ្រោះ​ម្នាក់ អ្នកលក់​ទាខ្វៃ​ម្នាក់ រថយន្ត​ទទួលរង​ការខូចខាត​ខ្ទេច។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​ម្នាក់ និង​អ្នក​ជម្ងឺ​ម្នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ជួយ​អន្តរាគមន៍ ដឹកបញ្ជូន​ជនរងគ្រោះ​ចូល​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​ចំណែក​អ្នក​ជំងឺ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា៕

 

មតិយោបល់