adverise with khmeread Unnamed %281%29

ពានរង្វាន់ World Cup Soccer រដូវ​កាល​ថ្មី​លើក​ទី​២​ទាក់ទាញ​ក្រុម​ក្រៅ​អាជីព​នានា​កើន​ឡើងដល់​១៤ក្រុម

    ភ្នំពេញ ៖ ការប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល​ដណ្តើម​ពានរង្វាន់  World Cup Soccer លើក​ទី​២ រដូវ​កាល​ថ្មី​២០១៦​បាន​បើក​ឱ្យ​ដំណើរ​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​មិញ ដោយ​ទាក់ទាញ​បាន​ក្រុមបាល់ទាត់​ក្រៅ​អាជីព​នានា ចូលរួម​មានការ​កើនឡើង​ចំនួន​១៤​ក្រុម​។​

    កីឡាករ​ឆ្នើម​របស់​ក្លឹប​ណាហ្គា​វើ​ល គួច សុ​គុ​ម្ភៈ និង​កីឡាករ ឃឹម បូរី ដែលជា​គ្រូបង្វឹក​ក្រុម World Cup FC ​ក៏បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ​ព្រមទាំង​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ដល់​យុវជន​នានា ផងដែរ​។​

    លោក តេង ឃៀង ប្រធាន​ចាត់ការ​ទូទៅ និង​ជា​អ្នកបង្កើត​កម្មវិធី​ប្រកួត​ពានរង្វាន់ World Cup Soccer បាន​ថ្លែងថា ពានរង្វាន់ World Cup Soccer នេះ ក្រុម​ដែល​ចូលរួម​បង់ប្រាក់​ត្រឹមតែ​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុងការ​ចុះឈ្មោះ តែ​តម្រូវឱ្យ​កក់​៥០​ដុល្លារ​បន្ថែមទៀត ហើយ​ប្រាក់​កក់​នេះ​ពេល​ប្រកួត​ចប់​ក្រុម​ទាំងអស់​អាច​យក​វិញ​បាន​។ 

    ចំពោះ​ប្រាក់រង្វាន់​វិញ ក្រុម​បាន​ចំណាត់ថ្នាក់​លេខ​មួយ​នឹង​ទទួលបាន ១​ពាន់​ដុល្លារ​,​លេខ​២​បាន​៥០០​ដុល្លារ ,​លេខ​៣ បាន​៣០០​ដុល្លារ និង​ក្រុម​លេខ​៤ បាន​២០០​ដុល្លារ​។​

    លើសពីនេះ ក៏មាន​ប្រាក់​លើកទឹកចិត្ត​ដល់​កីឡាករ​ល្អ អ្នក​ស៊ុត​ច្រើនជាងគេ និង​ផ្សេងៗ​ទៀតផង​ដែរ​។​

    លោក​បន្ថែមថា សម្រាប់​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ទីលាន​បាល់ទាត់​មួយ​នេះ​ឱ្យបាន​ជ្រួតជ្រាប​ជូន​ដល់ មហាជន​ក៏ដូចជា​ផ្តល់ឱកាស​ដល់​កីឡាករ​មកពី​បណ្តា​ក្លឹប​នានា​បាន​ចូលរួម​កីឡា​ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព​ជាមួយគ្នា​​ឱ្យកាន់តែ​ប្រសើរឡើង​បន្ថែម​ទៀតផង​។​

    សូមបញ្ជាក់ថា លទ្ធផល​មួយចំនួន​នៃ​ការប្រកួត​បើកឆាក​នោះ គឺ​ក្រុម​ព​ន្សាំ​ង​មានជ័យ ប្រកួត​ចាញ់ BLACK EAGLE FC ក្នុង​លទ្ធផល ១​ទល់​១៧, អធិរាជ​វាលស្មៅ ឈ្នះ DRAGON SIX FC ១០​ទល់​០, RED LION អធិរាជ​ហនុមាន ៥​ទល់​២,​ ឪម៉ាល់ FC ឈ្នះ​ក្រុម Angry Bird FC ដោយ​លទ្ធផល ៥​ទល់​៤ ខណៈ​ក្រុម​ម្ចាស់ផ្ទះ World Cup FC បំបាក់​ក្រុម​ភ្ញៀវ 12 B2 FC ដោយ​លទ្ធផល ៨​ទល់​០។​

    រីឯ ​Downtown Sport និង Dental United រកបាន​ម្នាក់​១​ពិន្ទុ បន្ទាប់ពី​រក្សា​លទ្ធផល​ស្មើគ្នា ១​ទល់​១​។ ក្រុម​ទាំងនេះ​នឹងត្រូវ​ប្រកួត​សន្សំ ពិន្ទុ​វិលជុំ ហើយ​៨​ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹងត្រូវ​ឡើងទៅ​វគ្គ​បន្ត រួច​យក​៤​ក្រុម​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ការប្រកួត​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ​ជាមួយនឹង​ពិធី​បិទ​ការប្រកួត​ជា​ផ្លូវការ ផងដែរ​៕​

adverise with khmeread

មតិយោបល់