adverise with khmeread 14454019 1130651503688390 1134793529 o

ឃាត់​បុរស​៣​នាក់​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​និង​ដាវ​សាំម៉ូ​រ៉ៃ​មួយ

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ (​ប្រុស) ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​​ និង​៣៥​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​កំ​ប៉ាល់ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​វរៈសេនីយ៍ឯក សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជា​មួយ​កម្លាំង​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាធាយ​បាន​ប្រើប្រាស់​ជំនាញ ចុះបង្ក្រាប​ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់។

    ប៉ូលិស​បន្តថា ជនសង្ស័យទី​១.​ឈ្មោះ សង ប្រា​ង ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​កំ​ប៉ាល់ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម, ទី២.​ឈ្មោះ ញៀន វណ្ណៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រឹង្គ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម និង​៣.​ឈ្មោះ ញៀន វណ្ណ​ណ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ស្រឹង្គ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម។​

    សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន៖ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៣​កញ្ចប់​តូច ម៉ូតូ​ចំនួន​២​គ្រឿង ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង និង​ចំនួន​ដាវ០១​ដើម ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់