1

ក្រោយ​តស៊ូ​មតិ​គ្នា​ជា​លើកដំបូង គេ​ដឹងថា​នរណា​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​រួចជាស្រេច​ទៅហើយ​!

    ​បន្ទាប់ពី​បាន​តស៊ូ​មតិ​ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍ CNN បាន​ត្រឹម ១៥ នាទី ទស្សនិកជន​អាច​ទស្សន៍ទាយ​បាន​ថា​តើន​រណា​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​លើក​ទី ៤៥ បាត់ទៅហើយ​។ 

​    ​គ្រាន់តែ​ចាប់ផ្តើម​ក្បាល​ដំបូង​ប៉ុន្មាន​នាទី Donald Trump បានធ្វើឱ្យ​ខ្លួនឯង​អន់​រួចទៅហើយ ដោយសារតែ​កាយវិការ​កំប្លែង​ដូច​កូនក្មេង​បៀម​ដៃ​របស់គាត់ និង​មួយផ្នែក​ទៀត អន់​ដោយសារតែ​ទឹកមុខ​និង​សម្តី​ម៉ឺងម៉ាត់​រឹងប៉ឹង​របស់លោក​ស្រី Hillary Clinton ដែល​បើកឆាក​ជជែក​ដេញដោល​យឺត តែ​បញ្ចប់​ខ្លាំងក្លា រហូត​ធ្វើឱ្យ Trump ភ័យ​លេបទឹកមាត់​ឥត​ឈប់​។ 

​    ​សម្រាប់ ១០ ទៅ ១៥ នាទី​ដំបូង លោកស្រី Clinton រាង​តានតឹង និង​ពិបាក​ផ្តោតអារម្មណ៍​ដើម្បី​ការពារ​ការតស៊ូ​មតិ​របស់​លោកស្រី​។ ប៉ុន្តែ​នៅពេល​អារម្មណ៍​ភ័យ​បាន​រលត់​បាត់អស់ ស្នាមញញឹម​បង្កប់ន័យ​ជ្រៅ​របស់​លោកស្រី​បានធ្វើឱ្យ​មន្ទិល​អំពី​ស្ថានភាព​សុខភាព ដែល​បំផុសបំផុល​ដោយ​ក្រុម Donald Trump សាបរលាប​អស់រលីង​។ លោកស្រី​និយាយ​យូរ​មិន​ហត់​ហើយ​មើលទៅ​ក្មេង​ជាង​អាយុ ៦៨ ឆ្នាំ​របស់លោក​ស្រី​ទៅទៀត រីឯ Trump និយាយ​ឆាប់​ហត់ មើលទៅ​ដូចជា​អាយុ ៧០ ឆ្នាំ​ប្លាយ ជាហេតុ​ធ្វើឱ្យ​ពាក្យ​ចចាមអារ៉ាម​អំពី​សុខភាព​ដុប​ដាប​របស់​លោកស្រី ត្រូវបាន​បកស្រាយ លែងមាន​អ្វី​ជា​មន្ទិល​តទៅទៀត​។ 

​    ​អំឡុង​ការតស៊ូ​មតិ ៩០ នាទី បើ​គេ​ឱ្យ​ជ្រើសរើស​ថា​នរណា​នឹង​ឈ្នះ គេ​ច្បាស់​ជា​ជ្រើស​យក​លោកស្រី Clinton​។ លោកស្រី​និយាយ​អស់ ៩០ នាទី ប៉ុន្តែ​មិនបាន​ក្អក ឬ ប៉ះ​ដប​ទឹក​សូម្បីតែ​បន្តិច​។ រីឯ Trump វិញ​ភ្នែក​ឡើង​ក្រហម និង លេបទឹកមាត់​ញឹក​ជាង​សព្វមួយដង ហើយ​ចាប់​ទឹក​ផឹក​ឥតឈប់ឈរ ដើម្បី​បំបាត់​ភាព​ភ័យ​។ 

​    ​ដោយ​បង្ហាញ​ជំហរ​រឹងមាំ​មានអំណាច លោកស្រី Hillary បាន​រក្សា​ស្នាមញញឹម​រហូត​ទាល់តែ Donald Trump ចាញ់​ច្រាប​ឯកឯង​។ លោកស្រី​ញញឹម​ដាក់ Trump ប្រៀប​បីដូច​ជា​ម្តាយមីង​អប់រំ​ក្មួយ​ខូច​អ៊ីចឹង ខណៈដែល Trump វិញ​នៅ​មិន​ស្ងៀម និង​ឆេវឆាវ ប្រៀប​បីដូច​ជា​ជើងកាង​ប្រចាំ​សាលា​៕

​ប្រភព​៖ independent

 

មតិយោបល់