Untitled 1

តាមពិត​កំពូលស្រី​ស្អាត​បំផុត​របស់​ពិភពលោក​ប្រចាំ​សតវត្សរ៍​ទី ២០ រកឃើញ​នៅ​រោងចក្រ​ផលិត​យន្តហោះ​

    ​អំឡុង​សង្គ្រាមលោក​ទី​ពីរ វា​ក្លាយទៅជា​ទម្លាប់​ទៅហើយ​សម្រាប់​ជាង​ថតរូប​យោធា​ដើម្បី​ដើរ​តាម​រោងចក្រ​ជុំវិញ​សហរដ្ឋអាមេរិក ហើយ​ថតរូប​លើកទឹកចិត្ត​ដល់​កម្មករ​ជា​ស្ត្រី ប៉ុន្តែ​វា​មិនមែនជា​រឿង​កើតឡើង​រាល់ថ្ងៃ​ទេ​សម្រាប់​ភារកិច្ច​របស់​រដ្ឋ ដែល​នាំទៅដល់​ការរកឃើញ​និមិត្តរូប​នៃ​ភាព​ស៊ិ​ច​ស៊ី​ប្រចាំ​សតវត្សរ៍​ទី ២០​។​

​    ​ពីរ​ឆ្នាំ​បន្ទាប់ពី​ឧប្បត្តិហេតុ​នៅ​កំពង់ផែ Pearl Harbor មានកម្ម​ករ​ជា​ស្ត្រី​ចំនួន ៤៧៥.០០០ នាក់​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​យន្តហោះ ហើយ​ក្នុងចំណោម​នារី​វ័យក្មេង​ទាំងនោះ មាន​នារី​ដ៏​ស្រស់ស្អាត និង​ពោរពេញ​ទៅដោយ​កម្លាំង​ម្នាក់​ធ្វើការ​នៅ​រោងចក្រ Radioplane Munitions Factory គឺ​កញ្ញា Norma Jeane Dougherty​។​

​    ​នៅពេលនោះ Norma Jeane គឺជា​ស្ត្រី​មេផ្ទះ​វ័យ ១៩ ឆ្នាំ​ដែលមាន​ប្តី​ឈ្មោះ James Jim Dougherty​។ លោក​បាន​ចូល​បម្រើ​កងទ័ពជើងទឹក ហើយ​បាន​ចាក​ចេញពី​ប្រពន្ធ​ពោរពេញ​ដោយ​ការអៀនខ្មាស់ និង​ឪពុកម្តាយ​របស់លោក ទៅកាន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ក្នុង​ខែមេសា ឆ្នាំ ១៩៤៤​។​

​    ​នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៥ ជាង​ថតរូប​យោធា​គឺ​លោក David Conover ត្រូវបាន​ក្រុមហ៊ុន First Motion Picture Unit របស់​ទ័ពអាកាស​អាមេរិក​បញ្ជូនមក​ថតរូប​នារីៗ​ជា​កម្មករ​។ នៅពេល​លោក Conover បាន​ប្រទះឃើញ​កញ្ញា​ស្រស់ស្អាត​ខាងលើ ភ្លាមនោះ​លោក​ក៏​ទទួលស្គាល់ថា នាង​មានលទ្ធភាព​ក្លាយជា​តារា​ម៉ូ​ដែល​។​

​    ​យ៉ាងណាក្តី រូបភាព​របស់​នាង​មិន​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ខាងលើ​នោះទេ​។ នាង​បាន​ឈប់​ពី​ការងារ​នៅ​រោងចក្រ​ក្នុង​ខែមករា ឆ្នាំ ១៩៤៥ ហើយ​ចាប់ផ្តើម​ដើរ​ម៉ូដ​ឱ្យ​លោក Conover និង​មិត្តភក្តិ​របស់គាត់​។​

​    ​Norma Jeane បាន​រើ​ចេញពីផ្ទះ​ម្តាយក្មេក​របស់​នាង ហើយ​បាន​បដិសេធ​ធ្វើតាម​ពួកគេ និង​ប្តី​របស់​នាង​ដោយ​ចុះ​កុងត្រា​ជាមួយ​ទីភ្នាក់ងារ​បង្ហាញ​ម៉ូត Blue Book Model Agency ក្នុង​ខែសីហា ឆ្នាំ ១៩៤៥​។ លោក James Dougherty បាន​ប្រឆាំង​ប្រពន្ធ​របស់គាត់​ចំពោះ​អាជីព​បង្ហាញ​ម៉ូដ​មួយ​នេះ ហើយ​អ្នក​ទាំង​ពីរបាន​លែងលះគ្នា​ក្នុង​ខែកញ្ញា នៅ​ឆ្នាំ​បន្ទាប់​។​

​    ​នាង​ចាប់ផ្តើម​ប្រើ​ឈ្មោះ Jean Norman ម្តងម្កាល ពេល​ចាប់ផ្តើម​អាជីព​បង្ហាញ​ម៉ូត និង​បាន​ពន្លា​សក់ត្រង់ និង​ហាយ​ឡាយ​សក់ទង់ដែង​ដើម្បីឱ្យ​សម​នឹង​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូត​។ ក្រោយមក​នាង​បាន​ប្តូរ​ឈ្មោះ​មក​ហៅថា Marilyn Monroe​។​

​    ​ខណៈ​រាងកាយ​របស់​នាង​ស័ក្តិសម​សម្រាប់​ការថតរូប​ជាជាង​ដើរ​បង្ហាញ​ម៉ូដ នាង​ភាគច្រើន​ត្រូវបាន​គេ​ជួល​សម្រាប់​ការថត​ពានិជ្ជកម្ម និង​សម្រាប់​ទស្សនាវដ្ដី​បុរស​។ បើ​យោងតាម​ម្ចាស់​របស់​ទីភ្នាក់ងារ​ខាង​គឺ​អ្នកស្រី Emmeline Snively បានឱ្យដឹងថា Monroe គឺជា​តារា​ម៉ូ​ដែល​ដែលមាន​ម​ហិ​ច្ឆិ​តា និង​ប្រឹងប្រែង​ក្នុង​ការងារ​បំផុត​របស់ខ្លួន​នៅ​ដើមឆ្នាំ ១៩៤៦​។ នាង​បាន​បង្ហាញខ្លួន​នៅ​ក្រប​មុខ​ទស្សនាវដ្ដី​ចំនួន ៣៣ ដូចជា Pageant, U.S. Camera, Laff, និង Peek ជាដើម​។ ដោយមាន​ការភ្ញាក់ផ្អើល​ចំពោះ​ភាពជោគជ័យ​របស់​នាង អ្នកស្រី Snively បានរៀបចំ​កុងត្រា​សម្រាប់ Monroe ជាមួយនឹង​ទីភ្នាក់ងារ​សម្តែង​ក្នុង​ខែមិថុនា ឆ្នាំ ១៩៤៦​។ 

​    ​នាង​ត្រូវបាន​ចាត់ទុកជា​ស្រី​ស្អាត​សិច​ស៊ី​បំផុត​លើ​ពិភពលោក​អំឡុង​សម័យ​ក្រោយ​សង្គ្រាមលោកលើកទីពីរ​។ នាង​កើត​នៅ​ថ្ងៃទី ១ មិថុនា ឆ្នាំ​១៩២៦ និង​ស្លាប់​នៅ​ថ្ងៃទី ៥ សីហា ១៩៦២៕

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់