Unnamed

បើក​រ៉ឺម៉ក​តាំងពី​ខេត្តសៀមរាប​ទៅ​ខេត្តតាកែវ មក​គ្រោះថ្នាក់​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អីវ៉ាន់​ជាមួយ​ប្រពន្ធ​ដោយ​ធ្វើដំណើរ ពី​ខេត្តសៀមរាប គោលបំណង​ទៅ​ស្រុកកំណើត​នៅ​ខេត្តតាកែវ តែ​ជា​អកុសល​បុរស​ជា​អ្នក​បើករ៉ឺម៉ក​បាន​អែប​ជាប់​ចិញ្ចើមផ្លូវ ចុះ​មើល​ធុង​ទឹក​ក៏ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​មក​បុក​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

    ហេតុការណ៍​នេះកើតឡើង​នៅវេលា​ម៉ោង១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៨ កញ្ញា ២០១៦ ​នៅតាម​បណ្តោយ​ជាតិ​៣ នៅមុខ​ច្រកចូល​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល ខ​.​ភ​.​ម  ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​សម្តី​របស់​ប្រពន្ធ​មានឈ្មោះ អែម ស្រីអូន អាយុ៣៧ឆ្នាំ បានឱ្យដឹងថា សព​ប្តី​របស់គាត់​ឈ្មោះ គន្ធ ចាន់ អាយុ៣៨​ឆ្នាំ​មុខរបរ​បើក​រ៉ឺ​​ម៉ក​ដឹក​អីវ៉ាន់​នៅ​ខេត្តសៀមរាប និង​មាន​ស្រុកកំណើត​នៅ​ភូមិ​សង្ហារ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ។​

    អែម ស្រីអូន បន្តថា នៅ​មុនពេល​កើតហេតុ ពួកគាត់​បានធ្វើ​ដំណើរ​ចេញពី​ខេត្តសៀមរាប​តាំងពី​ម៉ោង​១​រសៀល ដោយមាន​ដឹក​តុ​បាយ​មួយឈុត​នៅលើ​រ៉ឺម៉ក។ ​លុះ​មកដល់​ម៉ោង​កើត​ហេតុពួកគាត់​បាន​ឈប់​ចត​នៅ​ចំណុចកើតហេតុ​ខាងលើ ដើម្បី​ហូបបាយ។ ​ពេល​ហូបបាយ​រួច ប្តី​របស់គាត់​បាន​ដើរ​នៅក្បែរ​រ៉ឺម៉ក​ដើម្បី​មើល​ធុង​ទឹក ដែល​រ៉ឺ​ម៉ក​ចត​ជាប់​នឹង​ថ្នល់។​

    ខណៈនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លខ​៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​មក​បុក​ប្តី​គាត់​ដែល​កំពុង​ឈរ​ឱន​មើល​ធុង​ទឹក​រ៉ឺម៉ក​ប៉ើង​ហោះ​បុក​នឹង​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ចត​នៅក្បែរ​នោះបាន​បណ្តោយឱ្យ​ក្បាល​ប្តី​គាត់​បោក​នឹង​ដែក​រថយន្ត​បែក​លលាដ៍​ស្លាប់​តែម្តង​។​

    ក្រោយពេល​កើតហេតុ សព​ត្រូវបាន​​ប៉ូលិស​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើឯកសារ​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

 

មតិយោបល់