ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹងស្រាជោគ បានបើករថយន្តម៉ាក Pruis មួយគ្រឿង រេចង្កូតទៅបុករថយន្តម៉ាក Nissan ២បាំងមួយគ្រឿងទៀតបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យដាច់កង់មុខខាងឆ្វេងទាំងសងខាង។
គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៧ កញ្ញា ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៤ មុខការ៉ាស់សាំង កាល់តិច ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ បើករថយន្តម៉ាក Pruis ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ2AD-6603 តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។
រីឯរថយន្តមួយគ្រឿងទៀតម៉ាក Nissan ២បាំងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AE-1443 ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាក Pruis រ៉េចង្កូតទៅបុកចំកង់រថយន្ត Nissan ពេញទំហឹង បណ្តាលឱ្យរថយន្តទាំង២គ្រឿងរ៉េមកខាងផ្លូវម្នាក់ម្ខាង និងខូតខាតដាច់ក្រឡេកង់មុខខាងឆ្វេងទាំង២គ្រឿង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ ដោយភាគីទាំងសងខាងសុំចរចាគ្នាសិន។ បន្ទាប់មកដោយខាងរថយន្តម៉ាក Pruis ព្រមចេញថ្លៃជួសជុលទាំងស្រុងទៅខាងរថយន្ត ម៉ាក Nissan ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
