1

​សមាជិក​បក្ស​សាធារណរដ្ឋ​ឱ្យយោបល់ Donald Trump ឈប់​ឡើង​តស៊ូ​មតិ​ពីរលើក​ខាងមុខនេះ ព្រោះ​ខ្លាច​អស់​សន្លឹកឆ្នោត​

​    ​លោក Donald Trump បាន​ស្វែងរក​ការគាំទ្រ​ពី​មហាជន​ក្នុងការ​តស៊ូ​មតិ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប៉ុន្តែ​អ្វីៗ​មិនបាន​ដូច​ការគ្រោងទុក​ទេ ចំពេល​មានការ​រិះគន់​ចំពោះ​ការតស៊ូ​មតិ​ជា​លើកដំបូង​របស់គាត់​ជាមួយ​លោកស្រី Hillary Clinton ដោយ​រួមទាំង​មនុស្ស​នៅក្នុង​គណៈបក្ស​សាធារណរដ្ឋ​ជាច្រើន​ទៀតផង​ដែរ​។​

​    ​គេ​នឹងមាន​ការតស៊ូ​មតិ​ចំនួន​ពីរ​ទៀត​នៅ​ដើមខែ​តុលា​ខាងមុខ​ដែល​នេះ​នឹង​ផ្តល់ឱកាស​ដល់​លោក Trump ដើម្បី​កែខ្លួន​។ ប៉ុន្តែ​លោក Rudy Giuliani ដែលជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​នៅក្នុង​ដំណើរ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នេះ បាន​ណែនាំ​ឱ្យ​លោក Trump បោះបង់ចោល​ការតស៊ូ​មតិ​ទាំងពីរ​ខាងមុខនេះ​។​

​    ​លោក Giuliani បាន​និយាយថា "​ប្រសិនបើ​ខ្ញុំ​ជា​លោក Donald Trump ខ្ញុំ​នឹងមិន​ចូលរួម​ការតស៊ូ​មតិ​ផ្សេងទៀត​នោះទេ ដរាបណា​គេ​សន្យា​នឹង​ខ្ញុំ​ថា អ្នកកាសែត​នឹងធ្វើ​ខ្លួន​ជា​អ្នកកាសែត និង​មិន​ដើរតួ​ជា​អ្នកដើរ​ឆែក​មើល​ការពិត​ដ៏​ល្ងង់ខ្លៅ​។ អ្នកសម្របសម្រួល​ត្រូវតែ​សន្យាថា នឹង​មានតែ​អ្នកសម្របសម្រួល មិនមែន​អ្នក​ឆែក​មើល​ការពិត ដ៏​ឆ្កួត​លីលា និង​ដែល​ផ្តល់​តែ​ព័ត៌មាន​ខុស​ទេ​"​។​

​    ​ការលើកឡើង​របស់លោក Giuliani ធ្វើឡើង​ចំពេល​មានការ​បារម្ភ​អំពី​ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់លោក Trump បន្ទាប់ពី​លោកស្រី Clinton បង្ហាញ​បទពិសោធន៍​ក្នុងការ​តស៊ូ​មតិ ដែល​ធ្វើឱ្យ Trump ត្រូវ​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​អ្នកកាសែត សរសេរ​វាយប្រហារ​លើ​រូបលោក​យ៉ាងដំណំ ដោយសារតែ​បទពិសោធន៍​តស៊ូ​មតិ​របស់លោក​នៅ​ក្មេងខ្ចី និង​មើលទៅ​ដូច​ក្មេង​បៀម​ដៃ​៕

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់