adverise with khmeread 1

លទ្ធផល​ស្រាវជ្រាវ​ និងការបកស្រាយ បន្ទាប់ពី​មាន​មន្ត្រី​អាជ្ញាធរ​អ​ប្សា​រា​ចាប់​បុរស​ម្នាក់​ចង​នៅ​អង្គរវត្ត​

    សៀមរាប ៖ ប៉ូលិស​ក្រុង​សៀមរាប នៅ​ថ្ងៃទី​២៨​កញ្ញា​នេះ សូម​ធ្វើការ​បំភ្លឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ អំពី​លទ្ធផល​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង អត្ថបទ​សារព័ត៌មាន និង ផេ​ក​ហ្វេ​ស​ប៊ុ​ក មួយចំនួន ដែលបាន​ចុះផ្សាយ កាលពី​ចន្លោះ​ថ្ងៃទី​២៣-២៥ ​ខែកញ្ញា​ ឆ្នាំ​២០១៦ អំពី​ករណី "​យុវជន​មាន​សតិ វិបល្លាស​ស្មារតី ម្នាក់​ត្រូវបាន​គេ​វាយដំ រហូតដល់​សន្លប់ ដោយសារ​ក្រុម បុគ្គលិក នៃ​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន ភារកិច្ច​ប្រចាំការ​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ព្រួត​គ្នារ​វ៉ៃ​ធ្វើបាប​កាលពី​ថ្ងៃទី​២៣​ ខែកញ្ញា ​ឆ្នាំ​២០១៦"​។​

    បន្ទាប់ពី​ទទួលបាន ព័ត៌មាន​ពាក់​ព័ន្ធនឹង​ករណីនេះ លោក​វរៈសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ស្នងការរង ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ និង​លោក វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ប៉ូលិស​ក្រុង​សៀមរាប បាន​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួលបន្ទុក​ផ្នែក​ប៉ូលិស​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប ដឹកនាំ​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរ​ធំ ដោយមាន​ការចូលរួម​សហការ​ពី​ការិយាល័យ​ជំនាញ ចុះ​ធ្វើការ ស្រាវជ្រាវ​ជុំវិញ​ករណីនេះ។​

    យោងតាម​ការបំភ្លឺ​សាក្សី​ជុំ​វិញ​បរិវេណ​កន្លែងកើតហេតុ និង​ធ្វើ​កំណត់ហេតុ ស្តីអំពី​ការចាប់យក​វត្ថុតាង ពី​កន្លែងកើតហេតុ រួចមក​ប៉ូលិស​បានធ្វើ​ការបំភ្លឺ​ជូន​ដូចខាងក្រោម ៖

    "​នៅ​ថ្ងៃទី​២២ ​ខែកញ្ញា​ ឆ្នាំ​២០១៦ វេលា ម៉ោង​៤​ទៀបភ្លឺ យុវជន ​(​ក្នុង​រូបថត​) ដែល​យើង​មិន​ស្គាល់​អត្តសញ្ញាណ និង​សង្ស័យថា​មាន​ស្មារតី វិបល្លាស​ស្មារតី ស្លៀក​ក្រមា គ្មាន​អាវ ដើរ​ចូលមក ក្នុង​ព្រះវិហារ​នៃ​វត្ត​អង្គរ​ខាងត្បូង តែ​ត្រូវបាន ឈ្មោះ ថៃ សៀង​ហៃ ដេញចេញ ហើយយុវជន​ក្នុង​រូបថត​នោះ​ក៏បាន ដើរ​ចេញពី​ព្រះវិហារ​ដោយ​ដើរ​តាមផ្លូវ ឆ្ពោះទៅ​ទិសខាងកើត នៃ​ប្រាសាទ​អង្គរ​បាត់"។                          


  
    លុះដល់​ថ្ងៃទី​២៣ ​ខែកញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ប្រហែល​៤​ទៀបភ្លឺ បុរស​ក្នុង​រូបថត បាន​ត្រឡប់មក​ម្តងទៀត។ ​ពេលនោះ​ឈ្មោះ ជា បានមក​ប្រាប់​ឈ្មោះ​ ថៃ សៀង​ហៃ ​ឱ្យជួយ​តាមដាន​តែ​ខណៈ​ពេលនោះ​មិនមាន​បញ្ហារ​អ្វី​កើតឡើង​ទេ​។​

    រហូតមកដល់​ម៉ោង​១៤​មិន​ចាំ​នាទី បុរស​នេះ​បាន​ត្រឡប់មកវិញ​ម្តងទៀត លោក លី ឌួង ជា​ភ្នាក់ងារ​របស់​អាជ្ញាធរ​អប្សរា បានឃើញ បុរស​ក្នុង​រូបថត កំពុង​ស្រែក​ឆោឡោ ដោយសារ​ប៉ូលិស​បេតិកភណ្ឌ និង​ភ្នាក់ងារ​អាជ្ញាធរ​អប្សរា​ហាម​គេ​មិន​ឱ្យចូល​នៅ ចំណុច​រានហាល​ខាងលិច​តែ​រូបគេ​មិន​ស្តាប់​នៅតែ​ព្យាយាម​ដើរ​ចូលមកក្នុង​បរិវេណ​ប្រាសាទ​អង្គរ ដដែល។​

    មួយសន្ទុះ បុរស​ក្នុង​រូបថត ក៏​លោត​ចូល ក្នុង​ទឹក កស្សិណ រួច​ហែល​ចូល​បរិវេណ​ប្រាសាទ​អង្គរ​វិញ​តែម្តង បើទោះជា​មានការ​រារាំង​ពី​ប៉ូលិស​ការពារ​បេ​តិក​ភ័​ណ្ឌ​ក៏ដោយ​។ បន្ទាប់មក នៅវេលា​ម៉ោង​២ ​និង​៤០​នាទី​រសៀល យុវជន​ក្នុង​រូបថត បាន​ត្រឡប់ ចូលមកក្នុង​វត្ត​ម្តងទៀត (​ស្លៀកខោ​ពណ៌​ខ្មៅ​ពាក់​អាវពណ៌ខ្មៅ​) ហើយ​បាន​ឡើងលើ​សាលាឆាន់​ដើម្បី​រកបាយបរិភោគ​ដោយ​ខ្លួនឯង​ (​គ្មាន​ការអនុញ្ញាតិ​)។​

    ឈ្មោះ​ ថៃ សៀងហៃ និង​កូនសិស្សលោក​ចំនួន​០២​នាក់ទៀត បាន​តាមមើល​និង​ថតរូប តែ​ពេលនោះ រូបគេ​មិនបាន​យក​បាយហូប​ទេ ដោយ​គេ​បាន​ហែក​ថង់​ច្រក​ម្ហូប ញ៉ាំ​មីសួរ ក្នុង​កញ្ច្រែង​ពណ៌​ក្រហម​មក​បរិភោគ។​

    ពេល​បរិភោគ​រួចហើយ ក៏​បោះកញ្ច្រែង និង​ចាន​ចោល​បែក រាយប៉ាយ រួច​ងើប​ដើរ​ក្រឡឹង​ឆ្វែល​ជុំវិញ គ្រែ​ផ្កាប់​ចាន និង​ដាក់ បន្លែ​មួយ​ជុំ ហើយ​បាន យក​ស្ពៃក្តោប មួយ​ដុំ បោះ​ឡើង​ទៅលើ។ ​ឃើញបែបនេះ ឈ្មោះ​ ថៃ សៀង​ហៃ និង​កូនសិស្សលោក ចំនួន​០២​នាក់​ទៀត បាន​ដេញ យុវជន​នេះ​ឱ្យ​ចេញពី​សាលាឆាន់​។ ​យុវជន​នេះ​ក៏បាន​ដើរចេញ សំដៅទៅកុដិ​លោកតា​រាជ ហើយ​បានយក​ដុំ​ឈើ ប្រវែងប្រហែល​១​ម៉ែត្រ គប់​សំដៅ មកលើ​ឈ្មោះ ​ថៃ សៀង​ហៃ និង​កូនសិស្សលោក ចំនួន​០២​នាក់​ទៀត​។​

    ពេល​គប់​រួច មនុស្ស​ប្រុស​ក្នុង​រូបថត បា រត់​សំដៅទៅ​កន្លែង រូបសំណាក់ លោកតា​រាជ ដៃ​ប្រាំបី នៅ​ចំណុច​ចម្ងាយ​១០០​ម៉ែត្រ​ទៀត​ទៅដល់​រូបសំណាក់​លោកតា​រាជ មនុស្ស​ប្រុស​ក្នុង​រូបថត បាន​រើសយក ដុំ​ឈើ​ទំហំ​អង្កត់ផ្ចិត ប្រហែល​មួយ​តឹក ប្រវែង​កន្លះ​ម៉ែត្រ​លី​លើ​ស្មា​បន្តដំណើរ​ចូលទៅ​ទីតាំង រូបសំណាក់ លោកតា​រាជ។​

    តែ​ខាង​ប៉ូលិស​ និង​ភ្នាក់ងារ​អាជ្ញាធរ​អប្សរា មិន​អនុញ្ញាត​ឱ្យចូល ដោយ​បារម្ភ​ក្រែង​បុរស​នេះ បង្កបញ្ហា​របួសស្នាម លើ​ភ្ញៀវ​ទេសចរណ៍។​ យុវជន​ក្នុង​រូបថត បាន​ចោល​ដុំ​ឈើ​មកលើ​ក្រុមចម្រុះ ហើយ​រត់​ទៅយក​ដំបង​ឫស្សី​ប្រវែង​១​ម៉ែត្រ​១​តឹក​កាន់​ក្នុង​ដៃ។​

    ឃើញ​សភាព​បែបនេះ ក្រុមចម្រុះ​បានរួម​គ្នា​ចំនួន​០៦​នាក់ ឈរ​តាម​ច្រកទ្វារ​ផ្លូវ​ចេញពី​ទីតាំង​ដែល​កំពុងមាន​វត្តមាន​ភ្ញៀវ​ទេសចរណ៍​កំពុង​ទស្ស​នា​ប្រាសាទ ក៏ត្រូវ​យុវជន​ក្នុង​រូបថត ប្រើ​អំពើហិង្សា​មកលើ​ក្រុមចម្រុះ។​

    ស្ថិតក្នុង​ស្ថានភាព បែបនេះ ក្រុម​អាជ្ញា​រធរ​អប្សរា និង​មន្ត្រីប៉ូលិស​ការពារ​បេតិកភណ្ឌ​បានធ្វើ​ការចាប់​ផ្តួល បុរស​ម្នាក់នេះ ទៅលើ​ដី នៅ​ចំណុច​វាលស្មៅ ហើយ​យក​ខ្សែ វត្ត​ព័ន្ធ ​(​ប្រដាប់​ចង​ចង្កេះ​របស់​ព្រះសង្ឃ​) ចងដៃ​ទាំង​២​របស់ យុវជន​ក្នុង​រូបថត​។​

    តែ​ខណៈ​ពេលនោះ ដោយសារ​មាន​ភ្ញៀវ​ទេសចរណ៍​ចោមរោម​មើល​ច្រើនពេក ក្រុមចម្រុះ ក៏បាននាំ​យុវជន​ក្នុង​រូបថត ជម្លៀស​ចូលមក​ក្បែរ​ព្រៃ​ខាងត្បូង​ប្រាសាទ​អង្គរ រង់ចាំ​យក​មធ្យោបាយ​ធ្វើដំណើរ មក​ដឹក បុរស​ក្នុង​រូបថត​នេះ ចេញពី​បរិវេណ​ប្រាសាទអង្គរវត្ត កុំ​ឱ្យមាន​បញ្ហា​ជាមួយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ដែល​កំពុង​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​ជាតិ។​

    ក្រោយមក​ប្រហែល​១៨​នាទី លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរធំ​មកដល់​ក៏បាន​ប្រាប់​ឱ្យ​ស្រាយ​ចំណងដៃ​ចេញ ហើយក្រុមការងារ​ក៏​ពិភាក្សាគ្នា នាំ​បុរស​ម្នាក់នេះ ចេញដោយ​ដឹក​តាម​ម៉ូតូ តាមផ្លូវ​មុខ​ប្រាសាទ​អង្គរ។​

    ពេលមកដល់​ចំណុច​រង្វង់​មូល​មុខ​គ្រុឌ​សង្កាត់​ទឹក​វិល បុរស​ម្នាក់នេះ បាន​សុំ​លុយ​ចំនួន​១៥០០០​រៀល ពី​ប៉ូលិស​បេតិកភណ្ឌ​ ដើម្បី​ធ្វើដំណើរ​ទៅ​ខេត្តបាត់ដំបង​វិញ។ ​ប៉ុន្តែ​ខាង​ប៉ូលិស​ពុំ​មាន​លុយ​ឱ្យ​ទើប​សម្រេច​ឱ្យ​យុវជន​នេះ​ឈប់​រង់ចាំ​សុំ​ឡាន​គេ​ជិះ​នៅ​ទីនោះ​តែម្តង​។​

    ក្នុងន័យ​ខាងលើនេះ​ប៉ូលិស រង់ចាំ​ទទួល​ស្វាគមន៍ រាល់​សេចក្តីរាយការណ៍ និង​ព័ត៌មាន​ផ្សេងៗ បន្ថែម ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍​នេះ​ផងដែរ៕

adverise with khmeread

មតិយោបល់