adverise with khmeread 1

សម្រាំង​បាន​ម្ចាស់​ជ័យលាភី​កីឡា​ប្រណាំងទូក​ប្រពៃណី​ទូក​កា​នូ​-​កា​យ៉ាក់ ជ្រើសរើស​ជើងឯក​ឆ្នាំ​២០១៦

​    ​កណ្តាល​៖ ការប្រកួត​កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​កា​នូ​-​កា​យ៉ាក់ ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ ២០១៦​បានប្រកាស​បិទ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពី​បាន​ដំណើរ​អស់​រយៈពេល​ពេញ​១​សប្តាហ៍​កន្លងទៅ និង​សម្រាំង​បាន​ម្ចាស់​ជ័យលាភី​លើ​វិញ្ញាសា​ទាំងអស់នោះ​។​

​    ​លោក បឹង គឹម​តោ អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ ដោយ​សហការ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​វី​ង​កម្ពុជា​ដោយមាន​កីឡាករ កីឡាការិនី​សរុប​ចំនួន​៤៣៦​នាក់ ក្នុងនោះ​កីឡាការិនី​ចំនួន​១៥០​នាក់​មកពី​ក្លឹប​ចំនួន​៧​។ 

​    ​ចំពោះ​វិញ្ញាសា​ដែល​ដាក់ឱ្យ​ប្រកួត​គឺ​ចម្ងាយ​១០០០​ម៉ែត្រ និង​៥០០​ម៉ែត្រ​បុរស​នារី ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំណុះ​២២​នាក់​។ ចម្ងាយ​១០០០​ម៉ែត្រ និង​៥០០​ម៉ែត្រ បុរស​នារី ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំណុះ​១២​នាក់ និង​ប្រភេទ​ទូក​កា​នូ​កា​យ៉ាក់​ចម្ងាយ ២០០​ម៉ែត្រ និង​៥០០​ម៉ែត្រ​បុរស​។​

​    ​លោក មាស សារិន ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា​មានប្រសាសន៍ថា សម្រាប់​ក្រុម​កីឡាករ ដែល​ទទួលបាន​ជ័យលាភី​ត្រូវ​បន្ត​ខិតខំ​ហ្វឹកហាត់ ដើម្បី​បង្កើន​សមត្ថភាព និង​កម្រិត​បច្ចេកទេស​ឱ្យ​កាន់តែ​ខ្ពស់ ឈានទៅ​ប្រកួត​ថ្នាក់ជាតិ និង​ចូលរួម​ប្រកួត​ទូក​ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅមុខ​ព្រះបរមរាជវាំង​នាពេលខាងមុខ​។​

​    ​លោក​បន្តថា ចំណែកឯ​កីឡាករ កីឡាការិនី​ណា ដែល​មិន​ទទួលបាន​ជ័យលាភី ក៏​ត្រូវតែ​បង្កើន​ក្នុង​ស្មារតី​កីឡា និង​ត្រូវ​ហ្វឹកហាត់​ដូចគ្នា​ដើម្បី​ស្វែងរក​ជ័យលាភី នា​ឆ្នាំ​ខាងមុខៗ​ទៀត​។​

​    ​សូមបញ្ជាក់ថា សម្រាប់​ជ័យលាភី​ចំណាត់ថ្នាក់​នោះ វិញ្ញាសា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំណុះ​២២​នាក់ ចម្ងាយ​១០០០​ម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ទូក​ឈ្មោះ ពោធិ៍​មានជ័យ​បារមី​តេ​ជោ​។ ទូក​ចំណុះ​១២​នាក់ បុរស​ចម្ងាយ​១០០០ ម៉ែត្រ លេខ​១ ទូក​ឈ្មោះ ពេជ្រ​កុមារ​សែន​ជ័យ​, ផ្នែក​នារី លេខ​១ បាន​ទៅលើ​ទូក​ពោធិ៍​មាន ជ័យ បារមី​តេ​ជោ​។ 

​    ​ជ័យលាភី​លើ​វិញ្ញាសា ទូ​កា​នូ ម្នាក់​ទល់​ម្នាក់ ២០០​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ កីឡាករ ហ៊​ល លីដា ក្លឹប​ក្រសួងមហាផ្ទៃ​។ ទូក​កា​យ៉ាក់ ម្នាក់​ទល់​ម្នាក់ ២០០​ម៉ែត្រ លេខ​១ កីឡាករ លី ទ​ហៀ​ត​។ ក្រៅពី​ជ័យលាភី​ទាំងនេះ​ក៏មាន​មាន​ជ័យលាភី​វិញ្ញាសា​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ ដោយមាន​ចំណាត់ ថ្នាក់​លេខ​១ ដល់​លេខ​៣​ដូចៗ​គ្នា​ផងដែរ​៕​

adverise with khmeread

មតិយោបល់