ភ្នំពេញ ៖ បុរស២នាក់ដែលជាមុខសញ្ញាលួចនិងឆក់តាមផ្លូវត្រូវបានប៉ូលិសប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារទំនើបរតនាផ្លាហ្សា ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង ភារ៉ា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនិងឈ្មោះ អ៊ូ ខ្យង ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ចំណែកដើមបណ្តឹងឈ្មោះ ចាប ជុំស្រីរ័ត្ន ភេទស្រីអាយុ២២ឆ្នាំមុខរបរបុគ្គលិកសាលាគីសូណា ស្នាក់នៅផ្ទះលេខ២៨ផ្លូវជីវ៉ែល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០២ខែធ្នួ ឆ្នាំ២០១៦រូបនាងបានទុកសាក់កាដូនៅក្នុងថតតុធ្វើការនៅផ្ទះកើតហេតុខាងលើហើយបានចូលទៅបន្ទប់ទឹក។ពេលចេញមកវិញស្រាប់តែបាត់តែម្តងដោយក្នុងសាក់កាដូរនោះមានទូរស័ព្ទដៃ១គ្រឿងម៉ាកiPhone6 លុយចំនួន៤០០ដុល្លារនិងសម្ភារ:មួយចំនួនទៀត។
លុះមកដល់ព្រឹកថ្ងៃទី១០មករាឆ្នាំ២០១៦ជនរងគ្រោះក៏ឃើញជនសង្ស័យទាំងពីរនាក់កំពងតែជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខជិះមកម្តុំផ្ទះជនរងគ្រោះក៏ប្តឹងប៉ូលិសប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចយកកាបូបលុយរបសនារីរងគ្រោះនាពេលកន្លងមកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនិតិវិធី៕
