adverise with khmeread Unnamed %286%29

សិស្សរៀនថ្នាក់ទី ៨ មានបទពិសោធន៍ឆក់កាបូបរួចខ្លួនជិត ២០ ដង ឆក់លើកចុងក្រោយយកលុយក្រាស់អស់ល័ក្ខណជាប់ខ្នោះ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទាំង​៣ គឺ​ប៉ុស្តិ៍​ចតុមុខ ប៉ុស្តិ​ផ្សារ​ចាស់ និង​ប៉ុស្តិ៍​វត្តភ្នំ បាន​សហការ​ជាមួយ​កម្លាំងប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ប៉ូលិស​អន្តរាគមន៍ នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​ដេញ​បង្ក្រាបក្រុម​សិស្ស​សាលា​អនុវិទ្យាល័យ​ចតុមុខ​២​នាក់ ក្រោយ​ឆក់​ស្បោង​លុយ​ពី​ស្ត្រី​ជនជាតិ​បារាំង ចំនួន​៥​ពាន់​ដុល្លារ​នៅ​ចំណុច​ផ្លូវ​លេខ​១៩ កែង​មហាវិថី​ព្រះ​សុរាម្រិត ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​គឺ​១.​ឈ្មោះ វ៉ា សុខ​រ៉ុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៨​សេ​១ នៃ អនុវិទ្យាល័យចតុមុខ ស្នាក់នៅ​ម្តុំ​វត្ត​បទុម​វ​តី ផ្លូវ​លេខ​១៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ​និង​២.​ឈ្មោះ ពុធ ស៊ុន​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៨​អា​១នៃ អនុវិទ្យាល័យ​ចតុមុខ ស្នាក់នៅ​ម្តុំ​វត្ត​ប្រជុំ​សាគរ​ (​វត្ត​ថ្មី​) ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយ​ជ​ង្វា​រ ខណ្ឌ​ជ្រោយ​ជ​ង្វា​រ​។​

    ប៉ូលិស​បន្តថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួចមក កម្លាំង​ប៉ូលិស​បាន​ដកហូត​១-​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1FY-0685 (​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) និង​២-​ប្រាក់​អាមេរិក​ ចំនួន​៥.០០០​ដុល្លារ​អាមេរិក (​របស់ជនរងគ្រោះ ប្រគល់ជូន​ជនរងគ្រោះ​វិញ​)។​

    ដោយឡែក​ជនរងគ្រោះ​ឈ្មោះ PHUOENG MONIQUE ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិ បារាំង ស្នាក់​នៅផ្ទះ​លេខ ២៣៥​បេ ផ្លូវ​១៩ ភូមិ​៣​ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាពថា ពួកគេ​ធ្លាប់​បានធ្វើ​សកម្មភាព​ចំនួន​១៩​លើក តែ​លើក​នេះ​មក​អស់​ល័ក្ខណនៅ​ទឹកដី​ខណ្ឌដូនពេញ​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕


 

adverise with khmeread

មតិយោបល់