adverise with khmeread Unnamed %282%29

បុរស​ម្នាក់​ទៅ​ដាក់មង​នៅ​ចុង​ព្រែក​លង់ទឹក​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់ លង់ទឹក​បណ្ដាល​ឱ្យស្លាប់​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ៣ ​និង ​២០ នាទី​រសៀលនៅ​ចំណុច​ចុង​ព្រែក​ញឹក ​(​លេខ​៦៩)​ ត្រើយ​ខាងត្បូង​ចុង​ដី​របស់​ឈ្មោះ ប៉ុន វៃ ស្ថិតក្នុង​ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ូ​ល ម៉ៅ ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល (​ស្លាប់​)​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​​ ១ ​និង​ ៤០ ​នាទី រសៀល​ជនរងគ្រោះ និង​កូនប្រុស​ឈ្មោះ ម៉ៅ ម៉ា​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាននាំគ្នា​ជិះ​ម៉ូតូ​ទៅ​មើល​មង នៅ​ចំណុច​ចុង​ព្រែក​ញឹក​ត្រើយ​ខាងត្បូង​។​

    នៅពេល​ជនរងគ្រោះ​ និង​កូន​ជិះ​ម៉ូតូ​ទៅដល់​ចំណុច​ចុង​ព្រែក​ញឹក​ភ្លាម ជនរងគ្រោះ​ក៏​ដើរ​ចុះ​ទឹក​លើក​មង​នៅ​ចំណុច​ចុង​ដី​របស់​ឈ្មោះ ប៉ុន  វៃ ជម្រៅ​ប្រមាណ​០១​ម៉ែត្រ​។ ចំណែក​កូន​ជនរងគ្រោះ​ឈប់​ម៉ូតូ​ចាំ​នៅ​ក្បាលដី​ចាំ​ឌុប​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ។​

    ដោយ​កូន​របស់​ជនរងគ្រោះ​ចាំ​ឪពុក​ជា​ជនរងគ្រោះ​ប្រមាណ​២០​នាទី ចាំ​យូរពេក​មិនឃើញ​ឪពុក​ជា​ជនរងគ្រោះ​ដើរ​ត្រឡប់មកវិញ ក៏​ទុក​ម៉ូតូចោល​នៅ​ក្បាលដី រួច​ដើរ​ចុះ​ទឹក​តាមផ្លូវ​ដែល​ជនរងគ្រោះ​ដើរ​ចុះ​ទឹក​ទៅលើ​កមង​។​

    លុះ​ពេល​កើតហេតុ​វេលា​ម៉ោង ​៣​ និង ​២០ ​នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ពេល​កូន​ជនរងគ្រោះ​ដើរ​ចុះ​ទឹកបាន​ចម្ងាយ​ប្រមាណ​ ១៥០​ ម៉ែត្រស្រាប់តែ​ឃើញ​ជនរងគ្រោះ​ផ្កាប់មុខ​ក្នុង​ទឹក​បះ​គូទ​ឡើង ក៏ចាប់​គ្រៀក​ជនរងគ្រោះ​យក​ឡើងមក​លើគោក​ក្បាលដី​វិញ​។​

    បន្ទាប់មក​ធ្វើ​ចលនា​រឹត​ទ្រូង​ជនរងគ្រោះ​និង​ធ្វើ​ចលនា​ផ្សេងៗ​ទៀត តែ​ជនរងគ្រោះ​នៅតែ​មិនដឹង​ខ្លួន ដកដង្ហើម​អ្វី​ទាំងអស់ ឬ​មាន​ចលនា​កម្រើកនោះទេ​។​

    បន្ទាប់មក​កូន​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ក្រុមគ្រួសារ​ឱ្យមក​ជួយ​ជនរងគ្រោះ​ព្រោះ​គាត់​បាន​លង់ទឹក​។ ពេល​ក្រុមគ្រួសារ​បានមក​ដល់​និងធ្វើ​ចលនា​ឱ្យ​ជនរងគ្រោះ​ទៀត​នៅតែ​មិនដឹង​ខ្លួន​ទើប​ដឹងថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ក៏នាំគ្នា​ដឹក​សព​ជនរងគ្រោះ​មក​ដាក់​ផ្ទះ​រៀបចំធ្វើបុណ្យ​។ រួច​រាយការណ៍​មកកាន់​សមត្ថកិច្ច​ឱ្យដឹង​ពត៌មាន​តែម្តង​។​

    បន្ទាប់ពី​បានទទួល​ព័ត៌មាន​ប៉ូលិស​ផ្នែក​ជំនាញ​ស្រុក​កោះធំ បានទទួល​បញ្ជា​ពី​លោក​អធិការ ចុះទៅ​ដល់ផ្ទះ​ជនរងគ្រោះ រួច​បាន​បង្កើតគណៈកម្មកា​រ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ នឹង​ក្រុម​គ្រួ​​សារ ជនរងគ្រោះ​ដើ​ម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថាជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម​ទ្បើ​យ គឺ​ពិតជា​ស្លាប់​ដោយ​ការ​លង់ទឹក​ស្លាប់ ប្រាកដ​មែន។​

    ក្រោយ​ការពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់ សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់