1

Jose Mourinho: Mata ឥឡូវ​មិន​ដូច Mata ពីមុន​

​    ​Jose Mourinho បានចេញ​មុខមក​ការពារ​រឿង​រកាំរកូស​របស់ខ្លួន​ជាមួយ Juan Mata កាលពី​អតីតកាល និង​បាន​លើកសរសើរ​ពី​ទម្រង់​លេង​របស់​តារាបាល់ទាត់​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ អំឡុង​ការកាន់កាប់​តំណែង​ទើបបាន​រយៈពេល​ខ្លី​របស់គាត់​នៅលើ​ទឹកដី​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់ Mata ជាមួយ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ត្រូវបាន​គេ​ដឹងឮ​យ៉ាង​ទូលំទូលាយ ចាប់តាំងពី​គាត់​បាន​ចាកចេញ​ពី​តោ​ខៀវ Chelsea ពេលដែល​តារាបាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ​របស់​អង់គ្លេស​ចំនួន​ពីរ​រដូវ​កាល​រូបនេះ ក្លាយទៅជា​កីឡាករ​ឥត​បានការ​អស់​រយៈពេល​ប្រាំ​មួយខែ ក្រោយ​ការវិល​ត្រឡប់មក​ទឹកដី Stamford Bridge វិញ​របស់ Mourinho កាលពី​ឆ្នាំ ២០១៣​។​

​    ​ខ្សែបម្រើ​កណ្តាល​រូបនេះ ក្រោយមក​បាន​បង្ហើប​ថា​គាត់ "​មិនមាន​ទំនាក់ទំនង​" ជាមួយ Mourinho ហើយ​ថា "​មិនបាន​និយាយ​ជាមួយគ្នា​មួយ​ម៉ាត់​ទេ​" ប៉ុន្តែ​រដូវ​កាល​នេះ របួស​ចាស់​មើលទៅ​បាន​ជាសះស្បើយ​វិញ​ហើយ​។​

​    ​Mata លេង​បាន​ចំនួន​ប្រាំ​ពីរលើក​សម្រាប់​បិសាច​ក្រហម ដោយ​អាច​ស្វែងរក​គ្រាប​បាល់​ចំនួន​ពីរ​គ្រាប់ ហើយក៏​កំពុង​ជិត​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​នៅលើ​ទឹកដី Old Trafford ផងដែរ ដែល​ធ្វើឱ្យ Mourinho ច្រានចោល​រាល់​មន្ទិល​ដែល​បាន​កើតឡើង​ពីមុន​រវាង​អ្នក​ទាំងពីរ​។​

​    ​ពេល​សួរ​អំពី​ការចាកចេញ​ពី Chelsea របស់ Mata កាលពី​ខែមករា ឆ្នាំ​២០១៤ អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​រូបនេះ​បាន​បញ្ជាក់ថា "​ជាដំបូង​បង្អស់ ខ្ញុំ​មិនបាន​លក់​គាត់​ឡើយ​"​។​

​    ​"​ការងារ​របស់ខ្ញុំ​មិនមែនជា​អ្នកទិញ និង​លក់​ឡើយ​។ ការងារ​របស់ខ្ញុំ​គឺ​គ្រូបង្វឹក ក្នុង​ការងារ​នៅលើ​ទីលាន និង​ផ្តល់​ដំបូន្មាន​ទៅដល់​ក្រុមប្រឹក្សាភិបាល​របស់ខ្ញុំ​អំពី​គោលនយោបាយ​ផ្ទេរ​។ ទី​ពីរ វា​គឺជា Juan ដែល​បាន​សុំ​ចាកចេញ ហើយ​ពេលដែល​កីឡាករ​សុំ​ចាកចេញ ខ្ញុំ​គិតថា ជារឿយៗ​អ្នក​ត្រូវតែ​គិត​ឱ្យបាន​ពីរដង​សិន​"​។​

​    ​"​ហើយ​ចំណុច​ទី​បី​នេះ​គឺថា​គំនិត​របស់ខ្ញុំ​សម្រាប់​បាល់ទាត់​ជាមួយ​ក្រុម និង​គោលបំណង​ដែល​យើង​មាន​នៅឯ Chelsea  គឺជា​រឿង​មួយ ហើយ​ក្រុម​ដែល​ខ្ញុំ​មាន​នៅឯ Man United និង​រូបរាង​របស់​ក្រុម​ដែល​ខ្ញុំ​ចង់បាន​នៅទីនេះ​គឺជា​រឿង​ផ្សេង​"​។​

​    ​ដូច្នេះ Juan នៅឯ Chelsea ស្ថិតក្នុង​គម្រោង​របស់​ខ្ញុំ គឺជា​កីឡាករ​ម្នាក់ ហើយ Juan ក្នុង​គម្រោង​របស់ខ្ញុំ​នៅឯ Man United គឺជា​កីឡាករ​ផ្សេង​ម្នាក់ទៀត​"​។​

​    ​Mourinho បង្ហើប​ឱ្យដឹងថា ភាពខុសគ្នា​រវាង​យុទ្ធសាស្ត្រ​របស់ Chelsea និង Man United បានអនុញ្ញាត​ឱ្យ Mata អភិវឌ្ឍ​ខ្លួន​ទៅមុខ​។​

​    ​គាត់​បាន​បញ្ជាក់ថា "Chelsea លេង​ក្នុង​យុទ្ធសាស្ត្រ​ការពារ ពេលដែល​យើង​ឈ្នះ​ពាន​ក្នុង​ឆ្នាំ ២០១៤-១៥ ហើយ​វា​ជា​រឿង​មួយ ដែល​ត្រូវមាន​កីឡាករ​សម្រាប់​លេង​ការពារ ហើយ​វា​ជា​រឿង​មួយទៀត​ដែល​ត្រូវមាន​កីឡាករ​លេង​តាមរបៀប​ផ្សេង ហើយ​ឥឡូវ​យើង​កំពុង​ព្យាយាម​លេង​តាមរបៀប​ផ្សេង​នោះឯង​"​។​

​    ​"​គាត់​ពូកែ​សម្រប​ខ្លួន​ណាស់​គួបផ្សំ​ជាមួយនឹង​គុណភាព​របស់គាត់​។ គាត់​បាន​រកឃើញ​ទម្លាប់​ដ៏​ល្អ​ពី​ធម្មជាតិ​របស់គាត់​ដើម្បី​សម្រប​ជាមួយ​យើង​"៕

ប្រភព៖ DailyMail

មតិយោបល់