Unnamed %281%29

ដាច់​លុយ​ដើរលេង​ភ្ជុំបិណ្ឌ បែកគំនិត​វាយ​ប្លន់​អ្នករត់ម៉ូតូឌុប​តែ​រត់​មិន​រួច​ជាប់គុក​ថ្ងៃបុណ្យ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ ព្រួ​ត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន​ខណៈ​ធ្វើ​សកម្មភាព វាយ​ប្លន់​អ្នករត់ម៉ូតូឌុប​មិនបាន​សម្រេច​រួចមក ទើប​ប្រគល់ឱ្យ​ប៉ូលិស ដែល​គេ​រំពឹងថា អាច​នឹង​ជាប់គុក​ខាន​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ។​

    អំពើ​ប្លន់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩​​ ព្រឹក​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅ​ទល់មុខ​ក្រសួង​កិច្ចការនារី តាម​បណ្ដោយ​ផ្លូវ ៣០​ម៉ែត្រ ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    តាម​ការបញ្ជាក់​ពី​ជនរងគ្រោះ​ឈ្មោះ មាស ប្រុ​ញ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ មុខ​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថា​មុនពេល​កើតឡើង​គាត់​បាន​ឌុប​ជនសង្ស័យ​ចេញពី​ផ្សារ​ហេង​លី ទៅ​ម្ដុំ​បុរី​សន្ដិភាព​២​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ជនសង្ស័យ​ឃើញ​ស្ថានភាព​ស្ងាត់​បានឱ្យ​ម្ចាស់​ម៉ូតូឌុប​ឈប់​ដើម្បី​នោម។ ​ខណៈនោះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​វាយ​ប្លន់​ម្ចាស់​ម៉ូតូ​តែម្ដង តែ​ត្រូវបាន​គាត់​ម៉ូតូ​វាយតប​វិញ។​

    ភ្លាមនោះៗ​ដែរ​ប្រជាពលរដ្ឋ​ បានឃើញ​ហេតុការណ៍​ហើយ​បាននាំគ្នា​ព័ទ្ធចាប់​វាយ​ជនសង្ស័យ​ឡើង​ទ្រមខ្លួន ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ចាត់ការ​បន្ដ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សន សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ២២​ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​ ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​មិនបាន​សម្រេច​នោះម៉ាក​ហុងដា​ឌ្រឹ​ម​សង់​០១៤​ ពណ៌​ខ្មៅ ​មាន​ស្លាក​លេខ ភ្នំពេញ ​CJ-5184​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕


 

មតិយោបល់