adverise with khmeread Unnamed %282%29

ឆ្នាំ​២០១៧ កាយសម្ព័ន្ធ​កម្ពុជា​គ្រោង​បង្កើត​ថ្នាល​យុវជន​១​ក្រុម​ទៀត ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​

    ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៧ ខាងមុខ​ឆាប់ៗ​នេះ​សហព័ន្ធ​បាន​ទំនាក់ទំនង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើតឱ្យមាន​ថ្នាល​យុវជន​១​ក្រុម​ទៀត ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ ដែល កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

    លោក ណ​យ ផា​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ថ្លែងថា ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ល្អជា​ផ្លែ​ថ្កា សម្រាប់​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ដែល​នៅ​ដល់ពេល ​៧ ឆ្នាំ​ខាងមុខ​នោះ គឺ​យើង​ត្រូវតែ​រៀបចំ​ថ្នាល​យុវជន​ចាប់ពីពេលនេះ​ទៅ ដើម្បី​បង្កើន​ធនធាន​កីឡាករ កីឡាការិនី របស់ខ្លួន​ឱ្យ​កាន់តែ​សម្បូរបែប និង​ដ​ណ្តើ​មេដាយ​ពី​ព្រី​ព្រឹត្តិការណ៍​អន្តរជាតិ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​នោះ​។​

    លោក បាន​អះអាង​យ៉ាង​ដូច្នេះ​ថា "​នៅ​ឆ្នាំ​២០១៧ ខាងមុខនេះ​សហព័ន្ធ​កាយសម្ព័ន្ធ​បាន​ទំនាក់ទំនង​ជាមួយ​ក្រសួង អប់រំ ដើម្បី​បង្កើត​ថ្នាក់​កីឡា​មូលដ្ឋាន​១​ក្រុម​ទៀត​។ អ្វីដែល​សំខាន់ សម្រាប់​ការអភិវឌ្ឍ​វិស័យ​កីឡា វា​ត្រូវតែមាន ថ្នាក់មូលដ្ឋាន​ជាដាច់ខាត ពីព្រោះ​ថ្នាក់មូលដ្ឋាន​នេះ​ជា​កត្តា​ដ៏​សំខាន់បំផុត​ហើយ សម្រាប់​កីឡា​កាយសម្ព័ន្ធ ហើយ​វា​ក៏​មិន​ខុសពី​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ដែរ​"​។ 

    លោក​បន្តថា "​ប៉ុន្តែ​កីឡា​កាយសម្ព័ន្ធ​ត្រូវការ​បណ្តុះបណ្តាល​ដល់​អ​ត្ត ព​លិ​ក​ចាប់ពី​វ័យក្មេង​មែនទែន ចាប់តាំងពី​ទើបនឹង​មាន​អាយុ​៦​ឆ្នាំ​។ នៅលើ​ពិភពលោក ការប្រកួត​មាន​ក្រោម អាយុ​៨​ឆ្នាំ​, ក្រោម​១០​ឆ្នាំ​, ១២​ឆ្នាំ ១៤​ឆ្នាំ​....​ជាដើម ដូច្នេះហើយ​កម្ពុជា​ក៏ត្រូវ​តែ​ឈានទៅរក​ចំណុច​នោះដែរ ដើម្បី​គោលដៅ​តែមួយគត់ គឺ​អភិវឌ្ឍ​ឱ្យកាន់តែ​ប្រសើរឡើង​បន្ថែមទៀត​”​។​

    លោក​បន្តថា អ្វីៗ​ទាំងអស់នេះ គឺ​អាស្រ័យ​ដោយមាន​ការចង្អុលបង្ហាញ ការជួយឧបត្ថម្ភ និង​លើកទឹកចិត្ត​ឱ្យ​ធ្វើ​កិច្ចការ​នេះ​ពី​លោក​ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។ 

    កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក កាយសម្ព័ន្ធ ដែលមាន​គ្រូឧទ្ទេស​មកពី​ប្រទេស​ជប៉ុន ដោយ​គ្រូបង្វឹក​មកពី​បណ្តា​ក្លឹប​នានា​ទូទាំងប្រទេស​ទាំង នេះ​នឹង​ចែករំលែក​នូវ​បទពិសោធន៍ និង​បច្ចេកទេស​បន្ត​ដល់​កីឡាករ កីឡាការិនី​របស់ខ្លួន ដោយ​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ធនធាន​ជំនាញ​កីឡា​មួយ​នេះ​នឹង​កាន់តែ​សម្បូរបែប​ជាក់​ជាមិនខាន​។ 

    ដើម្បី​ត្រៀមលក្ខណៈ​ឱ្យ​កាន់តែ​ល្អ ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​, រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ បង្កើត​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ​របស់ខ្លួន​ចំនួន​៤​លើក ពោលគឺ​រៀងរាល់​២​ឆ្នាំ​ម្តង មុនពេល​ស៊ី​ហ្គេម លើក​ទី ៣២ ចូលមក​ដល់ ដោយ​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ដែល​នឹងត្រូវ​ចូលមក​ដល់​នា​ថ្ងៃទី​២៥​តុលា​ដល់​៥​វិច្ឆិកា នោះ​គ្រោង​ចំណាយ​ថវិកាជាតិ ប្រមាណ​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ កីឡា​ជាតិ​លើក​ទី​១​នេះ មាន​ប្រភេទ កីឡា​នានា​ចំនួន​១៤ ដែល​ដាក់​ឲ្យ​ប្រកួត​៕ (​រូបភាព​ឯកសារ​)​

adverise with khmeread

មតិយោបល់