adverise with khmeread 12002015 g

Obama បកស្រាយ​មួយ​ស្អាត​អំពី​មូលហេតុ​ដែល​មិន​ប្រើពាក្យ "​អ៊ីស្លាម​" ផ្គួប​ជាមួយ​ពាក្យ "​ភេរវកម្ម​"

​    ​ប្រធានាធិបតី Barack Obama បាន​រង​ការរិះគន់​ជាច្រើន​ពី​គូប្រជែង​នយោបាយ​ជុំវិញ​វោហា​ស័ព្ទ​របស់លោក នៅពេល​និយាយ​ដល់​ពាក្យ ភេរវកម្ម​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​នៅ​សាល​សម្រាប់​ប្រធានាធិបតី​ក្នុង​ប៉ុស្តិ៍ CNN លោក​ប្រធានាធិបតី​ត្រូវបាន​ស្នើឱ្យ​និយាយ​ការពារ​មូលហេតុ​ដែល​លោក​បដិសេធ​និយាយ​ពាក្យ ភេរវកម្ម "​អ៊ីស្លាម​" ទៅ​ម្តាយ​ម្នាក់​មកពី​អង្គការ Gold Star (​ជា​អង្គការ​សម្រាប់​ម្តាយ ដែល​បាត់បង់​កូន​ក្នុង​ជួរ​កងកម្លាំង​អាមេរិក​)​។ 

​    ​សមាជិក​អង្គការ​នេះ គឺ​អ្នកស្រី Tina Houchins បាន​ប្រាប់​អូ​បា​ម៉ា​នៅក្នុង​កម្មវិធី​ដែល​សម្របសម្រួល​ដោយ​លោក Jake Tapper របស់​ប៉ុស្តិ៍ CNN ថា "​កូនប្រុស​របស់ខ្ញុំ​លះបង់​ជីវិត​ដើម្បី​ប្រឆាំង​អំពើ​ភេរវកម្ម​។ តើ​លោក​នៅតែ​ជឿថា​អំពើ​ភេរវកម្ម​ធ្វើឡើង​ដើម្បី​ចេតនា​យក​សាសនា​អ៊ីស្លាម​មកប្រើប្រាស់​ផ្ទាល់ខ្លួន​? ហើយ​បើ​លោក​មិន​ជឿ ចុះ​ហេតុអ្វី​លោក​នៅតែ​បដិសេធ​ប្រើប្រាស់​ពាក្យ​...​ភេរវ​ករ​អ៊ីស្លាម​?"​។ 

​    ​Obama ហៅ​ពាក្យ​នេះ​ថា​ជា "​ប្រភេទ​បញ្ហា​ដែល​គេ​បង្កើតឡើង​"​។ 

​    ​លោក​និយាយថា "​គ្មានអ្វី​សង្ស័យ​ទេ ហើយ​ខ្ញុំ​សូម​និយាយ​ម្តង​ទៀតថា កន្លែង​ដែល​យើង​មើលឃើញ​អង្គការ​ភេរវកម្ម ដូចជា អាល់​កៃ​ដា ឬ ISIL (ISIS) គឺ​ពួកវា​បានធ្វើឱ្យ​ខូច និង​ព្យាយាម​បង្ខូចឈ្មោះ​សាសនា​អ៊ីស្លាម​ដើម្បី​យក​លេស​សម្រាប់​អំពើ​ឃោរឃៅ និង​ការកាប់សម្លាប់​របស់​ពួកវា​"​។​

​      លោក​បន្តថា "​ពួកវា​ជាម​នុស្ស​ដែល​សម្លាប់​កុមារ សម្លាប់​ជន​មូ​ស្ល៊ី​ម បង្កើត​ទាសករ​ផ្លូវភេទ ពោលគឺ​គ្មាន​ហេតុផល​សាសនា​ណាមួយ​អាច​យកមក​ធ្វើជា​លេស​សម្រាប់​អំពើ​ដែល​ពួកវា​បាន​ប្រព្រឹត្ត​នោះឡើយ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ប្រយ័ត្នប្រយែង នៅពេល​ខ្ញុំ​ពណ៌នា​បញ្ហា​ទាំងនេះ​គឺ​ត្រូវ​ប្រាកដថា យើង​មិនត្រូវ​ចាត់ទុក​ពួក​ឃាតករ​ទាំងនេះ​ចូលទៅក្នុង​ជន​មូ​ស្ល៊ី​ម​រាប់ពាន់​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​បានទេ រួមទាំង​ជន​មូ​ស្ល៊ី​ម​ក្នុងប្រទេស​នេះ (​អាមេរិក​) ដែលមាន​សន្តិភាព ដែលមាន​ទំនួល​ខុសត្រូវ ដែលជា​កងទ័ព ដែលជា​មន្ត្រីប៉ូលិស ជា​អ្នក​ពន្លត់អគ្គីភ័យ ជា​គ្រូបង្រៀន ជា​អ្នកជិតខាង និង​ជា​មិត្តភក្តិ​នឹង​គ្នា​"​។ 

​     លោក​ប្រធានាធិបតី​បាន​ប្រៀបធៀប​ការប្រើ​ពាក្យ​មូ​ស្ល៊ី​ម​ទៅនឹង​ពាក្យ​សាសនា​គ្រិស្ត ប្រសិនបើ​អ្នក​កាន់សាសនា​គ្រិស្ត​ម្នាក់​ក្លាយខ្លួនជា​ឃាតករ ប៉ុន្តែ​អះអាងថា​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដើម្បី​បុព្វហេតុ​សាសនា​របស់ខ្លួន​។ 

​    ​លោក​និយាយថា "​ប្រសិនបើ​អ្នកមាន​អង្គការ​មួយ​ដែល​ដើរ​សម្លាប់​មនុស្ស និង​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស ហើយ​និយាយថា យើង​ជា​អ្នកការពារ​សាសនា​គ្រិស្ត នោះ​ក្នុងនាម​ជា​អ្នក​កាន់សាសនា​គ្រិស្ត​ម្នាក់ ខ្ញុំ​នឹងមិន​ទុកឱ្យ​ពួកវា​ដណ្តើមយក​សាសនា​របស់ខ្ញុំ ហើយ​និយាយ​លេស​ថា​សម្លាប់​មនុស្ស​ដើម្បី​សាសនា​គ្រិស្ត​នោះទេ​។ ខ្ញុំ​នឹង​និយាយថា វា​ជា​រឿង​គួរឱ្យ​អស់សំណើច​"​។ 

​    ​លោក​បាន​បន្ថែមថា "​សាសនា​របស់ខ្ញុំ​មិន​តំណាងឱ្យ​អំពើ​ភេរវកម្ម​ទេ​។ ហៅ​ពួកវា​អ្វី​ក៏បាន ដូចជា​ពាក្យ ឃាតករ និង ភេរ​វករ គឺ​បាន​ហើយ​"៕  

ប្រភព៖ CNN

adverise with khmeread

មតិយោបល់