adverise with khmeread Unnamed %281%29

ឆ្នាំ​២០១៧​កម្មករ​ឡើង​ប្រាក់ខែ​ពី​១៤០​ដុល្លារ​ទៅ​១៥៣​ដុល្លារ​

    ភ្នំពេញ ៖ គណៈកម្មការ​ប្រឹក្សា​ការងារ (LAC) ដែលមាន​សមាសភាព​ម​ក​ពី​សហជីព និយោជក និង​ក្រសួង​ការងារ បាន​ប្រជុំ​បោះឆ្នោត​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ជូន​កម្មករ និយោជិត​ផ្នែក​វាយ​ន​ភ័ណ​កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​ថ្ងៃទី​២៨​ ខែកញ្ញា ឆ្នាំ​២០១៦នេះ ដោយបាន​សម្រេច​បោះឆ្នោត​អនុម័ត​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៤៨​ដុល្លារ​ហើយ​រាជរដ្ឋាភិបាល​សម្រេច​ប​ន្ថែ​ម​៥​ដុល្លារ​ទៀត​សរុប​ស្មើនឹង​១៥៣​ដុល្លារ ដោយ​កម្មករ​នឹង​ទទួលបាន​ចាប់ពី​ខែមករា​ឆ្នាំ​២០១៧​ខាងមុខនេះ។​

    សេចក្តីថ្លែងការណ៍​រប​ស់​ LAC ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៩ ​កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​២​កន្លះ​នៅ​ទីស្តីការក្រសួង​ការងារ LAC បាន​បើក​កិច្ចប្រជុំ​អាណត្តិ​ទី​៨ ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​លទ្ធផល​កិច្ចប្រជុំ​ក្រុមបច្ចេកទេស​ត្រីភាគី​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយណភ័ណ្ឌ​កាត់ដេរ​និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧ ដែល​បាន​បើកប្រជុំ​អស់​រយៈពេល​៦​ថ្ងៃ​ស្មើនឹង​៩​លើក​កន្លងមក។​

    សេចក្តីថ្លែងការណ៍​បន្ត​ថា ទោះបីជា​មានការ​ពិភាក្សា​លើ​តួលេខ​ ដែល​បានដាក់​ជូន​ដោយ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​ក៏ដោយ ក៏​កិច្ចប្រជុំ​មិនបាន​ឈានដល់​ការឯកភាព​គ្នា​លើ​តួលេខ​ណាមួយ​ឡើយ​។​ ព្រោះ​ភាគី​នីមួយៗ​នៅតែ​រក្សា​គោលជំហរ​របស់ខ្លួន​ដោយ​ភាគី​កម្មករ​រក្សា​តួលេខ​១៧១​ដុល្លារ​,​ ភាគី​និយោជក​១៤៧​ដុល្លារ​ និង​រាជរដ្ឋាភិបាល​១៤៨​ដុល្លារ​។​

    សេចក្តីថ្លែងការណ៍​បន្ត​ថា ដោយ​គោរព​លើ​គោលការណ៍​និង​យន្តការ​បាន​ឯកភាពគ្នា ​LAC ​បានសម្រេច​បោះឆ្នោត​សម្ងាត់​ជា​លទ្ធផល​ទទួលបាន​គឺ ៖ តួលេខ​១៧១​ដុល្លារ​ទទួលបាន​២​លើ​២៤​សម្លេង​, តួលេខ​១៤៧​ដុល្លារ​ទទួលបាន​លើ​២៤​សម្លេង​និង​តួលេខ​១៤៨​ដុល្លារ ទទួលបាន​២២​លើ​២៤​សម្លេង ហើយ​ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១​ មករា ​ឆ្នាំ​២០១៧​តទៅ។​

    លោក ​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​មានប្រសាសន៍ថា LAC ​បានអនុម័ត​ដោយ​បោះឆ្នោត​បាន​មុន​បុណ្យ​ភ្ជុំបិណ្ឌ​២​ថ្ងៃ​តាម​សំណើ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​កាលពី​ម្សិល​មិ​ញ។ LAC​បាន​បោះឆ្នោត​គាំទ្រ​លើ​តួលេខ​១៤៨​ច្រើន​លើសលប់ ប្រសិន​មាន​កុងសង់ស៊ីស LAC​ មិន​បោះឆ្នោត​ទេ។ ឥឡូវ ​LAC ​សម្រេច​បោះឆ្នោត​គាំទ្រ​១៤៨​ដុល្លារ ​ហើយ​លោក​បានស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែម​៥​ដុល្លារ​ទៀត សរុប​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ចំនួន​១៥៣​ដុល្លារ​សម្រាប់​កម្មករ​ពេញសិទ្ធិ​។​

    លោក ​អ៊ិត សំហេង មានប្រសាសន៍​បន្តថា ក្រៅពីនោះ​កម្មករ​នូវ​ទទួលបាន​ប្រាក់រង្វាន់​១០​ដុល្លារ, ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​៧​ដុល្លារ​, ប្រាក់​អតីតភាព​ការងារ​ពី​២​ទៅ​១១​ដុល្លារ​នៅ​រក្សា​ដដែល។ បើក​បូកផ្សំ​ទៅជា​ព័ត៌មាន​ល្អ​សម្រាប់​កម្មករ​ទៅ​ចូលរួម​បុណ្យ​ភ្ជុំ​នៅ​ស្រុកកំណើត​នាំទៅដល់​ក្រុមគ្រួសារ ហើយ​ឆ្នាំក្រោយ​(២០១៧)​ពួកគាត់​នឹង​បាន​ប្រាក់ខែ​ច្រើន។​

    លោក ​អ៊ិត សំហេង  មានប្រសាសន៍​បន្តថា ក្រសួង​បាន​សិក្សា​លើ​ទិន្នន័យ​បច្ចេកទេស​៧​យ៉ាង​ដាក់​លើ​តុ​ដោយ​បើកចំហរ ហើយ​គ្មានអ្វី​ល្អ​ជាង​យន្តការ​ត្រីភាគី​នោះទេ ព្រោះ​ភាគី​កម្មករ​ចង់បាន​ច្រើន ភាគី​និយោជក​ចង់​ផ្តល់​តាម​លទ្ធភាព​ដែលមាន ហើយ​ក្រសួង​ជា​អ្នកសម្របសម្រួល។​ យ៉ាងណាក៏ដោយ​ឆ្នាំ​២០១៧​នេះ​មានការ​កើនឡើង។​

    លោក​រដ្ឋមន្ត្រី​បន្តទៀតថា ក្រសួង​នឹង​តាមដាន​ការអនុវត្ត​នេះ​នៅ​គ្រប់​រោងចក្រ ហើយ​ទាក់ទិន​នឹង​សំណើ​របស់​ភាគី​សហជីព​ក្រសួង​នឹង​ប្រជុំពិភាក្សា​សម្របសម្រួល​លើ​បញ្ហា​មួយចំនួន​ដូចជា ពិសេស​លើ​បញ្ហា​តម្លៃ​ជួល​ផ្ទះ និង ថ្លៃ​ម្ហូបអាហារ​ជាដើម។​

    សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្មករ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​រៀងរាល់ឆ្នាំ​។ ​កាលពី​ឆ្នាំមុន​បន្ទាប់ពី​មានការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កម្ពុជា នៅ​ឆ្នាំ​២០១៦​នេះ បាន​កើនឡើង​ពី​១២៧​ដុល្លារ ដល់​១៤០​ដុល្លារ ក្នុង​មួយខែ​ដោយ​មិន​រាប់បញ្ចូល​ប្រាក់ អត្ថប្រយោជន៍​រួមទាំង​ប្រាក់​បន្ថែម​ផ្សេងៗ​ទៀត​៕

adverise with khmeread

មតិយោបល់