adverise with khmeread Untitled 1

ថៃ​ដេញ​បង្ក្រាប​ពលករ​ចំណាកស្រុក​បរទេស​ផ្អើល​ពេញ​ផ្សារ​ក្រុង​បាងកក ដោយ​សំអាងថា​ពួកគេ​ប្លន់​ការងារ​ពី​ប្រជាជន​ក្នុងស្រុក​

    ​ប្រទេស​ថៃ​កំពុង​បង្ក្រាប​ពលករ​ចំណាកស្រុក​មកពី​ប្រទេសជិតខាង ដោយ​និយាយថា ពួកគេ "​កំពុង​ប្លន់​ការងារ​ពី​ប្រជាជន​ថៃ​" ចំពេល​មានការ​ព្រួយបារម្ភ​ថា អារម្មណ៍​ប្រឆាំង​ជន​ចំណាកស្រុក​កំពុង​កើនឡើង​ខ្លាំង ស្រប​ពេលដែល​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍​នេះ​កំពុង​ជាប់គាំង​។ 

​    ​ក្នុង​ប្រតិបត្តិការ​មួយ​ដឹកនាំ​ដោយ​នាយកដ្ឋាន​ពលករ​ថៃ ប៉ូលិស និង​កងទ័ព​កាលពី​ថ្ងៃ​ពុធ​បាន​បង្ក្រាប​ផ្សារ​លក់​ផលិតផល​ស្រស់ៗ​មួយ​ក្នុង​ក្រុង​បាងកក និង​ចាប់ខ្លួន​មនុស្ស​បាន ១៤ នាក់ ភាគច្រើន​មកពី​ប្រទេសជិតខាង មី​យ៉ាន់​ម៉ា​។ 

​    ​មេ​ប៉ូលិសអន្តោប្រវេសន៍​ថៃ លោក Nathorn Phrosunthorn បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា "​យើង​ទទួល​ពាក្យបណ្តឹង​ជាច្រើន​អំពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​កំពុងធ្វើការ​ក្នុង​ផ្សារ​នានា​រាប់ទាំង​ជនជាតិ​វៀតណាម និង អ្នក​មកពី​អាស៊ី​ខាងត្បូង ដែល​ប្លន់​ការងារ​ពី​ប្រជាជន​ថៃ​។ ពួកគេ​គួរតែ​ធ្វើការ​ងារ​ដែល​ប្រជាជន​ថៃ​មិន​ចង់​ធ្វើ ដូចជា​អ្នក​បោសសម្អាត​តាម​ផ្ទះ​ជាដើម​"​។ 

​    ​ក្រោម​លក្ខខណ្ឌ​នៃ​អនុស្សារណៈ​យោគយល់​គ្នា​ឆ្នាំ ២០១៥ ពលរដ្ឋ​វៀតណាម​ត្រូវបាន​រឹតត្បិត​ការងារ​ក្នុងប្រទេស​ថៃ និង​អាច​ធ្វើការ​ត្រឹម​ជា​កម្មករ​ប្រើ​កម្លាំង​ប៉ុណ្ណោះ​ក្នុង​វិស័យ​នេសាទ ឬ​សំណង់​ក្នុងប្រទេស​ថៃ​។ 

​    ​ពលរដ្ឋ​កម្ពុជា​ក៏​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​បង្ក្រាប រួមជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា និង​វៀតណាម​ផងដែរ​។ 

​    ​គួរ​បញ្ជាក់ថា ពលករ​ចំណាកស្រុក​កម្ពុជា មី​យ៉ាន់​ម៉ា និង​វៀតណាម​ចំនួន ១៥៣ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ចន្លោះ​ថ្ងៃទី ១ ដល់ ២៦ ខែកញ្ញា​៕

 

adverise with khmeread
ប្រភព៖ Telegrahp

មតិយោបល់