ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ បាននាំបក្ខពួកម្នាក់ទៀត ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា កញ្ចាស់១គ្រឿង និងប្រដាប់ដោយ អាវុធខ្លីបាញ់ហ្គាស់១ដើម ចូលទៅធ្វើសកម្មភាពភ្ជង់គំរាមបាញ់សម្លាប់ សន្ដិសុខយាមនៅ មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញហៅ "មណ្ឌលព្រៃស្ពឺ" រំដោះស្រីម្នាក់ដែលជាសង្សារ ចេញពីមណ្ឌលនោះ។
មូលហេតុដែលពួកគេព្រហើនហ៊ានទៅរំដោះបែបនេះ បន្ទាប់ពីត្រូវបានអាជ្ញាធរចាប់ ខ្លួនស្ត្រីម្នាក់ពីបទប្រើប្រាស់គ្រឿងញៀន ដាក់នៅក្នុងមណ្ឌលនោះ ទើបបាន៣ថ្ងៃប៉ុណ្ណោះ។ ខណៈនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានដេញតាមចាប់ខ្លួនបានបក្ខពួក ម្នាក់រួមនឹងស្ត្រីដែលត្រូវរំដោះចេញនោះម្នាក់ទៀត។ ចំណែកជនសង្ស័យដែលជាសង្សារស្ត្រីនោះបានគេចខ្លួនបាត់។
ហេតុការណ៏នោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលម៉ោង១២ និង៤០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញហៅ "មណ្ឌលព្រៃស្ពឺ" ស្ថិតក្នុង ភូមិស្រែជម្រៅ សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកប៉ូលិសដេញតាមចាប់ ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងស្ត្រីដែលពួកគេរំដោះចេញបានម្នាក់ទៀត នៅម្ដុំជិតមជ្ឈមណ្ឌលពាណិជ្ជកម្ម អែតវូត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
ប៉ូលិសនិយាយថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ឈ្មោះ អ៊ុង រតនៈ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំត្រឡោកបែក មានស្រុកកំណើត ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកស្រីម្នាក់ដែលត្រូវបានរំដោះចេញពីមណ្ឌនោះ ឈ្មោះ គីម ស្រីពេជ្រ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅឧដុង្គ ខេត្តកំពុងស្ពឺ និងត្រូវបានចាប់ខ្លួនដាក់នៅក្នុង មណ្ឌលខាងលើ ទើបបានរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ។ រីឯជនសង្ស័យម្នាក់ដែល រត់គេចបាត់និងជាសង្សារ ស្រីនោះ ព្រមទាំងជាមេខ្លោងផងនោះ មិនបានស្គាល់អត្តសញ្ញាណទេ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលរត់គេចខ្លួនបាត់នោះ ប្រដាប់ ដោយអាវុធខ្លីប្រើហ្គាស់១ដើម បាននាំបក្ខពួករបស់ខ្លួន អ៊ុង រតនៈ ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខក្រុងព្រះសីហនុ 1B-6775 ទៅរំដោះស្ត្រីដែលជាសង្សាររបស់ខ្លួន។
ពេលទៅដល់បានដកកាំភ្លើងខ្លីនោះ ភ្ជង់គំរាមបាញ់សម្លាប់ សន្តិសុខ ដែលយាមនៅមណ្ឌលនោះ និងបាននាំស្ត្រីនោះជិះម៉ូតូឌុបគ្នា គេចខ្លួននិងបានបង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។
ហើយភ្លាមៗនោះកម្លាំងប៉ូលិសព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាដេញតាម រហូតដល់ ម្ដុំជិតមជ្ឈមណ្ឌលពាណិជ្ជកម្ម អែតវូត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបចាប់ខ្លួនបានបក្ខពួកម្នាក់និងស្ត្រីម្នាក់ ដោយសារជនទាំងនោះផ្ដួលម៉ូតូចោល ព្យាយាមរត់គេចខ្លួន ចំណែកម្នាក់ទៀតគេចខ្លួនបាត់តែម្តង៕
