adverise with khmeread 0

ទើបតែ​អាយុ ១៥ ឆ្នាំ រៀន​ធ្វើ​ចោរ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

​    ​សៀមរាប​៖ ជនសង្ស័យ​វ័យក្មេង​អាយុ​១៥​ឆ្នាំ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​យកទៅ​លាក់​ក្នុងព្រៃ​នាពេល​យប់ លុះ​ព្រឹក​ថ្ងៃទី​២​តុលា​នេះ ប៉ូលិស​បាន​ឃ្លាំ​មើលឃើញ​ជនសង្ស័យ​រូបនេះ​ទៅយក​ម៉ូតូ​ដែល​លួចបាន ហើយ​ចាប់​វ៉ៃខ្នោះ​តែម្តង​។​

​    ​យោងតាម​របាយការណ៍​របស់​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​នគរធំ​បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៦ ចន្លោះ​ម៉ោង​១ ទៅ​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​មាន​ករណី​លួច​ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​សៀមរាប 1R:8442 របស់​ជនរងគ្រោះ​ឈ្មោះ ជាតិ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប​។​

​    ​របាយការណ៍​បន្តថា  នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​នគរធំ​បាន​ស្រាវជ្រាវ​រក​ម៉ូតូ​ឃើញ ដែល​ជនសង្ស័យ​លួចបាន​ហើយ​ជិះ​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ​ម្ដុំ​ផ្លូវ​៦០​ម៉ែត្រ​។​

​    ​បន្ទាប់ពី​រកឃើញ​ម៉ូតូ​ហើយ​សមត្ថកិច្ច​ប៉ូលិស បាន​បង្កប់កម្លាំង​ចាំមើល​ជនសង្ស័យ​។ លុះដល់​វេលា​ម៉ោង​៨ និង​២០​នាទី ព្រឹក​ថ្ងៃទី​២​តុលា​នេះ  ក៏​ឃើញ​ជនសង្ស័យ​ដើរមក​ក្បែរ​កន្លែង​ម៉ូតូ​ដែល​បាន​លាក់ទុក​នោះ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់​។​

​    ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពិតជា​បាន​លួច​ម៉ូតូ​ជនរងគ្រោះ​មែន​។ តាម​ប្រភពពី​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ អឿន រស្មី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​មុខរបរ​ស៊ីឈ្នួល​លក់​ខោអាវ​ឱ្យគេ​នៅ​ផ្លូវ​៦០​ម៉េ​ត្រ​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិតនៅក្រោម​ការសាកសួរ​របស់​សមត្ថកិច្ច​ប៉ូលិស​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់