adverise with khmeread Unnamed

ក្មេង​ទំនើង​២​ក្រុម​គ្រាន់តែ​មើលមុខ​គ្នា​កាប់​ចាក់​គ្នា​សមត្ថកិច្ច​បាញ់​គំរាម​១​គ្រាប់​ឃាត់​៣​នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​គ្រាន់តែ​រឿង​មើលមុខ​គ្នា​បង្ក​ជា​ជម្លោះ​រហូត​ឈានដល់​កាប់​ចាក់​គ្នា ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បាញ់​គំរាម​១​គ្រាប់​ឡើងលើ​ឃាត់​បាន​៣​នាក់ កាលពី​វេលា​ម៉ោង​៧​ និង​៤៥​នាទី​យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦ ខាងក្រោយ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្ថិតក្នុង​សង្កាត់​កា​កាប។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​មាន​យុវជន​ប្រុស​ស្រី​៣​នាក់​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ឌុប​គ្នា ហើយក៏​បាន​ជួប​យុវជន​១​ក្រុម​ដោយ​ពួកគេ​ទាំង​នោះបាន​ស្រែក​ឱ្យ​ថា "​មើលមុខ​ស្អី" ​ពេល​នោះគេ​ក៏បាន​ជិះ​ត្រឡប់ក្រោយ​វិញ។​

    មួយសន្ទុះ​ក្រោយមក​ក៏បាន​ហៅ​បក្ខពួក​ជាច្រើន​នាក់មក កើតមាន​រឿង​ឡើង​គប់​ដុំថ្ម​និង​ប្រតាយប្រតប់​ដេញ​កាប់​​គ្នា​ពេញ​ដងផ្លូវ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះមក​អន្តរាគមន៍។ ​ប៉ុន្តែ​បែរជា​ក្រុម​ក្មេង​ទំនើង​ទាំងនោះ យក​កាំបិត​បំណង​កាប់​មកលើ​សមត្ថកិច្ច​ទើប​ផ្ទុះអាវុធ​មួយ​គ្រាប់​ឡើងលើ​គំរាម​ឃាត់​បាន​៣​នាក់​ភ្លាមៗ និង​ម៉ូតូ​៣​គ្រឿង។ ​ចំណែក​បក្ខពួក​ផ្សេងទៀត​រត់គេច​អស់​។​

    ក្រោយមក​ក្មេង​ទំនើង​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​បាន​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​យកទៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

 

adverise with khmeread

មតិយោបល់