adverise with khmeread 14585768 1135954233158117 593319534 o

ប៉េអឹម​ខេត្តស្ទឹងត្រែង​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ដឹកឈើ​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

    ស្ទឹងត្រែង ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បានមក​ទទួលយក​បុរស​សង្ស័យ​ម្នាក់ ពី​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ៣ ​តុលា​នេះ បន្ទាប់ពី​បាន​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​១​គ្រឿង និង​ឃាត់ខ្លួន​បុរស​រូបនោះ ពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ថ្ងៃ​១​តុលា ​កន្លងទៅ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។​

    ការឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់ ប្រគល់​ទៅឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ​បន្ទាប់​ពគ​បុរស​រូបនេះ​បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន​ឈើប្រណិត ចេញពី​ទីរួមស្រុក​សៀម​ប៉ាង ជាប់​ព្រំដែន​ឡាវ នាំ​ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រចាំ​ទិស​ខេត្តស្ទឹងត្រែង ធ្វើ​ការតាមប្រមាញ់ និង​ស្ទាក់​ចាប់បាន នៅក្នុង​ដែនដី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ គ្រប់គ្រង​ដោយ​លោក​ សួន ម៉េង​លី​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា នៅក្នុង​ការចុះ​បំពេញភារកិច្ច បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ទាក់​ចាប់បាន​រថយន្ត​សាំង​យ៉ុង ពណ៌​ស​១​គ្រឿង ផ្ទុក​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់ ព្រមទាំង​បាន​វាយខ្នោះ​បុរស​អ្នកបើកបរ​រថយន្ត​ម្នាក់ ប្រគល់ឱ្យ​មន្ត្រី​ព្រៃឈើ​ខេត្ត។​

    ដោយសារ​ការឃាត់ខ្លួន​នោះ ធ្វើឡើង​នៅ​ចំ​ថ្ងៃ​ឈប់សម្រាក នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះ មន្ត្រី​ព្រៃឈើ​ខេត្ត​បាន​នាំយក​ជនសង្ស័យ មក​ផ្ញើ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចាប់តាំងពី​ព្រឹក​ថ្ងៃ​ឃាត់ខ្លួន រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃ​៣​ តុលា​នេះ ទើប​មន្ត្រី​ព្រៃឈើ​ខេត្ត​មក​ទទួលយក ទៅ​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

    ប្រភព​បន្តទៀតថា រថយន្ត​ដែល​បង្ក្រាបបាន​នោះ គឺជា​ប្រភេទ​រថយន្ត​សាំង​យ៉ុង​ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 2N-7473 ផ្ទុក​ឈើ​ធ្នង់​ចំនួន​៣២​ដុំ ស្មើនឹង​ជាង​២​ម៉ែត្រគូប​ត្រីគុណ ហើយ​វត្ថុតាង​បទល្មើស​ទាំងនេះ ត្រូវបាន​គេ​បញ្ជូន​យកមក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត។ ​ចំណែក បុរស​ដែល​រង​ការឃាត់ខ្លួន​នោះ មានឈ្មោះ​ កង ស៊ីម អាយុ​៣៧​ឆ្នាំ រស់នៅ​ខេត្ត​ត្បូងឃ្មុំ។​

    មន្ត្រី​ព្រៃឈើ​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​នោះ នឹងត្រូវ​បញ្ជូន​បន្តទៅ​កាន់​សាលាដំបូង និង​អយ្យការ​ខេត្តស្ទឹងត្រែង នៅ​រសៀល​ថ្ងៃ​៣​តុលា​នេះហើយ នៅ​បន្ទាប់ពី​បានបញ្ចប់​នូវ​កិច្ច​នីតិវិធី​សាកសួរ​នោះ​រួច។​

    លោក​ថា ជនសង្ស័យ​បាន​យល់ព្រម​ទទួលកំហុស​ក្នុងការ​ដឹកជញ្ជូន​ឈើ​នោះ តាមច្បាប់​រដ្ឋបាល​ព្រៃឈើ បុរស​សង្ស័យ​អាចនឹងទទួល​ការផាកពិន័យ​ជា​ប្រាក់​១​គុណ​នឹង​៣​ដង​។​

    សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​ឈ្មោះ​ឈ្មួញ​ឬ​អ្នក​នៅក្រោយ​ខ្នង​ជា​អ្នកណា​ឡើយ៕

 

adverise with khmeread

មតិយោបល់