adverise with khmeread 1

Kim Kardashian ត្រូវ​ចោរ​ចូល​ប្លន់​ដល់ផ្ទះ​យក​គ្រឿងអលង្ការ​តម្លៃ​ជិត​១០​លាន​ដុល្លារ ក្រោយ​បង្អួត​គ្រឿង​ពេជ្រ​លើ Instagram បាន​ប៉ុន្មាន​ម៉ោង​

    ​របាយការណ៍​ថ្មីៗ​បាន​លើកឡើងថា នាង Kim Kardashian បាន​ក្លាយជា​មុខសញ្ញា​ប្លន់​របស់​ក្រុម​អន្ធពាល​ដ៏​ល្បី ហៅថា Pink Panther នៅពេល​នាង​ត្រូវ​ក្រុមចោរ​នេះ​ចំនួន ៥ ប្រដាប់​ដោយ​កាំភ្លើង ភ្ជង់​ក្បាល​នាង​នៅ​ទីក្រុង​ប៉ារីស​នៅវេលា​ម៉ោង ៣ ព្រឹក​ថ្ងៃទី ៣ ខែតុលា​។ 

​    ​យោងតាម​វេ​ប​សាយ Sky News នាង​ត្រូវ​ចោរ​ទាំង ៥ ចាប់ចង​នៅក្នុង​បន្ទប់ទឹក​ផ្ទះ​របស់​នាង​ក្នុង​ក្រុងប៉ារីស បន្ទាប់ពី​ក្រុមចោរ​បាន​សម្រុកចូល​ផ្ទះ​របស់​នាង ក្រោយ​នាង​ទើបតែ​អួត​គ្រឿងអលង្ការ​លើ​បណ្តាញ​សង្គម Instagram​។ 

​    ​ក្រុមចោរ​បាន​ប្លន់​យក​គ្រឿងអលង្ការ​របស់​នាង​ដែលមាន​តម្លៃ​សរុប ៦,៧ លាន​ផោន (៨,៦ លាន​ដុល្លារ​) ជាហេតុ​ធ្វើឱ្យ​នាង​ភ័យ​ញ័រញាក់ តែ​មិន​រងរបួស​រាងកាយ​ទេ​។ 

​    ​នាង Kim បាន​កំពុង​ស្ថិតក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​ព្រឹត្តិការណ៍​ដើរ​ម៉ូត និង​កំពុង​រស់នៅ​ក្នុងផ្ទះ​ដ៏​ប្រណិត​មួយ ជា​កន្លែង​ដែល​នាង​ស្នាក់​នៅមុន​រៀបការ​ជាមួយ Kanye West ក្នុង​ឆ្នាំ ២០១៤​។ 

​    ​ប្តី​របស់​នាង​បាន​កំពុង​ប្រគុំ​តន្ត្រី​នៅ​សហរដ្ឋអាមេរិក នៅពេល​គាត់​ដឹង​ដំណឹង​ចោរប្លន់​ប្រពន្ធ​ខ្លួន​។ Kanye West បាន​និយាយ​ទៅ​ទស្សនិកជន​ថា "​សុំទោស​! សុំទោស​! ឥឡូវនេះ​គ្រួសារ​ខ្ញុំ​កំពុងមាន​អាសន្ន​។ ខ្ញុំ​ត្រូវតែ​បញ្ឈប់​កម្មវិធី​ប្រគុំ​តន្ត្រី​នេះ​"​។​

​     Kim Kardashian គឺជា​មនុស្ស​ល្បី​បំផុត​លើ​ពិភពលោក​មិនអាច​ប្រកែក​បាន​។ នាង​មាន​អ្នកគាំទ្រ​លើ Instagram ៨៤ លាន​នាក់ និង Twitter ៤៨,៣ លាន​នាក់​។ កូន​ពីរ​នាក់​របស់​នាង​តាម​សេចក្តីរាយការណ៍​ពុំបាន​ស្ថិតនៅ​កន្លែងកើតហេតុ​ជាមួយ​នាង​ទេ​។ 

​    ​ក្រុម​អន្ធពាល ដែល​ធ្លាប់​ប្លន់​ដ៏​កក្រើក​ក្នុង​ឆ្នាំ ១៩៨៤ បាន​ប្លន់​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​សរុប ២៨០ លាន​ផោន (​ជិត ៣៦០ លាន​ដុល្លារ​)​។ ក្រុមចោរ​នេះ​បានទទួល​រហស្សនាម Pink Panther ក្នុង​ឆ្នាំ ២០០៣ នៅពេល​សមាជិក​ចោរប្លន់​ម្នាក់​នៃ​ក្រុម​នេះ​បាន​លាក់​ពេជ្រ​មួយ​គ្រាប់​នៅក្នុង​ប្រអប់​ក្រែ​ម​ថែ​សម្រស់​មួយ​៕

 

adverise with khmeread
ប្រភព៖ mirror, Sky News

អ្នកនឹងចូលចិត្ត

មតិយោបល់