adverise with khmeread Untitled 1

កសិករ​កម្ជិលអាំងផេះ​ម្នាក់ ជាប់​កង់រទេះ​សេះ​នៅ​នឹង​ភក់​មិន​គិត​រក​វិធី​ដោះ​ទាល់ សុខចិត្ត​អង្គុយ​បន់ព្រះ តែ​ស័ក្តិ​សិទ្ធ​របស់គាត់​មែន​!

    ​នៅ​យប់​មួយ មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​មួយ​បាន​បង្ក​ឱ្យ​ផ្លូវបែក​ភក់ និង​ទឹក​ដក់​គ្រប់​ទីកន្លែង ហើយ​នៅ​ព្រឹក​ឡើង កសិករ​ម្នាក់​ឈ្មោះ រដ្ឋា ត្រូវ​ឆ្លងកាត់​ផ្លូវ​នេះ​ដើម្បី​ទៅ​ផ្សារ​ឱ្យបាន​មុនគេ​ដើម្បី​លក់​ចំបើង​របស់គាត់​។ នៅពេល​ធ្វើដំណើរ នៅតាម​ផ្លូវ​ពិតជា​មាន​សភាព​លំបាក​ខ្លាំង​សម្រាប់​សេះ​ដើម្បី​អូស​រទេះ​កាត់​ភក់​។ អំឡុង​ដំណើរ​ទៅ​ផ្សារ​របស់​រដ្ឋា រំពេច​នោះ កង់រទេះ​សេះ​បាន​កប់​ជាប់​ក្នុង​ភក់​។​

​    ​នៅពេលនោះ សេះ​បាន​ប្រឹង​អូស​រទេះ ប៉ុន្តែ​វា​បានត្រឹមតែ​ធ្វើឱ្យ​កង់​កប់​ភក់​កាន់តែ​ជ្រៅ​។ រដ្ឋា បាន​ចុះ​ពី​រទេះ​ហើយ​ស្វែងរក​មនុស្ស​នៅ​ជុំវិញខ្លួន​ដើម្បី​សុំ​ជំនួយ ប៉ុន្តែ​គ្មាន​នរណាម្នាក់​នៅក្បែរនោះ​សោះ​។ ដោយ​បន្ទោស​សំណាង​មិនល្អ​របស់ខ្លួន គាត់​មើលទៅ​ហាក់​បាក់​ទឹកចិត្ត និង​ស្មារតី​ជាខ្លាំង​។ គាត់​មិនបាន​ព្យាយាម​លើក​រទេះ​ពី​ភក់​ដោយ​ខ្លួនឯង​នោះទេ​។ ផ្ទុយទៅវិញ​គាត់​បាន​បន្ទោស​សំណាង​មិនល្អ​របស់ខ្លួន​ចំពោះ​អ្វីដែល​បានកើត​ឡើង​។ ដោយ​មើល​ទៅលើ​មេឃ គាត់​បាន​ស្រែក​ដាក់​ព្រះ​ថា "​ខ្ញុំ​ពិតជា​ស៊យ​ណាស់​! ហេតុអ្វី​រឿងនេះ​កើតឡើង​ចំពោះ​ខ្ញុំ​? សូម​ព្រះ​ជួយ​ខ្ញុំ​ផង​"​។​

​    ​បន្ទាប់ពី​រង់ចាំ​អស់​ពេល​ដ៏​យូរ ទីបំផុត​ព្រះ​ក៏បាន​បង្ហាញខ្លួន​នៅ​ពីមុខ រដ្ឋា​។ ព្រះ​បាន​សួរ រដ្ឋា ថា "​តើ​ឯង​គិតថា ឯង​អាច​រុញ​រទេះ​នេះ​បាន​ដោយ​អង្គុយ​មើល និង​រអ៊ូ​បែបនេះ​? គ្មាន​នរណា​ជួយ​ឯង​ឡើយ​ដរាបណា​ឯង​ជួយ​ខ្លួនឯង​។ តើ​ឯង​មានបាន​ព្យាយាម​លើក​កង់រទេះ​ចេញពី​ភក់​ដោយ​ខ្លួនឯង​ទេ​? ឯង​ត្រូវតែ​ងើបឈរ​ឡើង ហើយ​ប្រើ​ស្មា​របស់​ឯង​ដើម្បី​លើក​រទេះ​។ មិនយូរ​មិនឆាប់ ឯង​ច្បាស់​ជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​"​។​

​    ​រដ្ឋា ខ្មាស់អៀន​ខ្លួន​ឯ​ជាខ្លាំង​។ គាត់​បាន​អង្គុយ​ចុះ ហើយ​ប្រើ​ស្មា​លើក​រទេះ និង​បាន​រំអុក​សេះ​ឱ្យ​ដើរ​ទៅមុខ​។ មិនយូរ​មិនឆាប់ កង់រទេះ​ក៏​លើក​ផុតពី​ភក់​។ នៅ​គ្រានោះ​ហើយ​ដែល រដ្ឋា រៀន​មេរៀន​ជីវិត​ដ៏​សំខាន់​មួយ​។ គាត់​ក៏បាន​អរគុណ​ព្រះ ហើយក៏​បន្តដំណើរ​ទៅមុខ​យ៉ាង​រីករាយ​បំផុត​។​

​    ​*** ព្រះ​ជួយ​តែ​មនុស្ស​ដែល​ចេះ​ជួយ​ខ្លួនឯង​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់