យោងតាមប្រពភព័ត៌មាន The Sun កាលពីថ្ងៃចន្ទបានឱ្យដឹងថា Angelina Jolie នឹងបដិសេធជួយប៉ូលិសធ្វើការស៊ើបអង្កេត ប្រសិនបើប្តីខ្ចាត់ព្រាត់ Brad Pitt ជាប់ចោទពីបទវាយដំកូនប្រុស Maddox។
ប៉ូលិសកំពុងស៊ើបអង្កេត Pitt ជុំវិញការអះអាងថា រូបគាត់បានវាយដំកូនប្រុស Maddox អាយុ ១៥ ឆ្នាំនៅលើយន្តហោះឯកជនរបស់ពួកគេ។
វេបសាយ TMZ បានរាយការណ៍ថា ប្រភពជិតស្និទ្ធនឹងនាង Angelina អាយុ ៤១ ឆ្នាំបានលាតត្រដាងថា តារាភាពយន្តរូបនេះនឹង "នៅស្ងាត់មាត់ស្ងៀម" ប្រសិនបើអាជ្ញាធរចោទប្រកាន់ Pitt។
អ្នកនៅក្នុងគ្រួសារនេះបានអះអាងទៀតថា Angelina បានប្រាប់បុគ្គលិកសង្គមកិច្ចថា Brad អាយុ ៥២ ឆ្នាំ វាយចំមុខ Maddox អំឡុងពេលហោះហើរជាមួយគ្នាកាលពីខែកញ្ញា។
ប៉ុន្តែប្រភពផ្សេងទៀតអះអាងថា តារាសម្តែងក្នុងរឿង Fight Club រូបនេះគ្មានចេតនាវាយទៅលើ Maddox ទេ។
មុននេះ ប្រភពច្បាប់ផ្សេងៗបានអះអាងថា Pitt នឹងមិនជាប់ទោសទេ ព្រោះគ្មានភស្តុតាងណាបង្ហាញថា Pitt បានមានចេតនាវាយទៅលើ Maddox ហើយក៏គ្មានស្នាមរបួសលើរាងកាយរបស់កូនខ្មែររូបនេះដែរ។
គួរបញ្ជាក់ថា តារាល្បីទាំងពីររូបនេះបានលែងលះកាលពីខែកញ្ញា បន្ទាប់ពីរួមរស់ជាមួយគ្នាអស់ ១២ ឆ្នាំ៕
