O

Cristiano Ronaldo ប្តេជ្ញាលេងឱ្យបានល្អដដែល ១០ ឆ្នាំទៀត នៅថ្ងៃបើកសម្ភោធសណ្ឋាគារទីពីរ

​    ​Cristiano Ronaldo បានផ្តល់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ក្នុង​ការបន្ត​លេង​បាល់​សម្រាប់​រយៈពេល ១០​ឆ្នាំ​បន្ថែមទៀត ហើយ​ជឿជាក់ថា គាត់​អាច​រក្សា​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គាត់​រហូតដល់​លើស​វ័យ​ខ្ទង់ ៤០​ឆ្នាំ​។​

​    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid វ័យ​៣១​ឆ្នាំ​រូបនេះ បាន​រីករាយ​ជាមួយនឹង​រដូវ​កាល​ដ៏​ជោគជ័យ​ដ៏​សម្បើ​ក្នុង​ឆ្នាំ ២០១៦​នេះ ដោយ​គាត់​បានឈ្នះ​ពានរង្វាន់ Champions League និង​ពានរង្វាន់​កំពូល​ប្រចាំ​ទ្វី​អឺរ៉ុប Euro 2016​។​

​    ​គាត់​ក៏​ត្រូវបានគេទទួលស្គាល់​ថា​ជា​បេក្ខជន​ដែលមាន​លទ្ធភាព​ខ្ពស់​ម្នាក់​ក្នុងការ​ឆ្ពោះទៅ​កាន់កាប់​តំណែង​ពានរង្វាន់​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or ជា​លើក​ទី​បួន​ក្នុង​ខែមករា​ខាងមុខ​នេះដែរ ហើយ​បច្ចុប្បន្ន​គាត់​បាន​ប្រាប់​ទៅកាន់​អ្នក​សង្ស័យ​មួយចំនួន​ថា គាត់​នឹង​មិនមាន​គម្រោង​បញ្ឈប់​អាជីព​របស់ខ្លួន​នាពេល​ឆាប់ៗ​នេះឡើយ​។​

​    ​ក្នុងឱកាស​ថ្លែង​សន្ទរកថា​ក្នុង​ការចាប់​បើក​សណ្ឋាគារ​ថ្មី​របស់ខ្លួន​នៅក្នុង​ទីក្រុង​លី​ស​ប៊​ន ប្រទេស​ព័រ​ទុយ​ហ្គា​ល់ Ronaldo បាន​បញ្ជាក់ថា "​ជីវិត​គឺ​មិនមែន​ត្រឹមតែ​អំពី​បាល់ទាត់​នោះឡើយ​។ ទោះបីជា​បាលទាត់​គឺជា​ចំណង់​ចំណូលចិត្ត​ដ៏​ធំ​របស់ខ្ញុំ ខ្ញុំ​ត្រូវតែ​គិត​អំពី​អនាគត​។ ខ្ញុំ​មិនមាន​ពេលវេលា​ច្រើន​ទៀតឡើយ អំពី ១០​ឆ្នាំ​ទៀត ឬ​តិចជាង​នេះ ដូច្នេះ ខ្ញុំ​ត្រូវតែ​សម្លឹង​មើលទៅ​អនាគត​ខាងមុខ​"​។​

​    ​សណ្ឋាគារ​ដែលមាន​ឈ្មោះថា "Pestana CR7 Lisboa" មួយ​នេះ គឺជា​សណ្ឋាគារ​ទី​ពីរ​របស់ Ronaldo មានតម្លៃ ៥៤​លាន​ផោន ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Pestana hotel group​។ សណ្ឋាគារ​នេះ​គឺជា​ការបន្ថែម​មួយទៀត​ពីលើ​សណ្ឋាគារ​ដែល​ទើប​សាងសង់​រួចរាល់​នៅក្នុង​ទីក្រុង Funchal កោះ Madeira ថ្មីៗ​នេះ​។


​    ​Ronaldo គ្រោង​សម្ភោ​ធ​សណ្ឋាគារ​ពីរ​ផ្សេងទៀត​ក្នុង​រដ្ឋធានី​ម៉ា​ឌ្រី​ត និង​បុរី​ញ៉ូ​វយ​ក នា​ឆ្នាំ​ក្រោយនេះ​។​

​    ​Ronaldo ក៏មាន​ហាង​លក់​ខោ​ក្នុង និង​ស្បែកជើង​ផ្ទាល់ខ្លួន​ជាច្រើន​ផងដែរ ដែល​ទាំងអស់នោះ​សុទ្ធសឹង​ជា​គម្រោងការ​សម្រាប់​ជីវិត​របស់ខ្លួន​ក្រោយ​ចូលនិវត្តន៍​ពី​បាល់ទាត់​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​ពេលដែល​ខ្ញុំ​នៅ​ពី​តូច ខ្ញុំ​មានបំណង​ចង់​មាន​សណ្ឋាគារ​ផ្ទាល់ខ្លួន​។ ឥឡូវ ខ្ញុំ​មាន​ពីរ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទនភាព ដែល​វា​ស្ថិតនៅក្នុង​ទីក្រុង​លី​ស​ប៊​ន​"៕

ប្រភព៖ ដេលីមែល

មតិយោបល់