adverise with khmeread Unnamed %282%29

ជម្រើសជាតិ​កម្ពុជា​ហ្វឹកហាត់​គ្រោង​កម្តៅ​សាច់ដុំ​ជាមួយ​ហុងកុង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​បឋម AFF Suzuki Cup

    ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើស​កម្ពុជា​កំពុង​បង្កើន​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម ហុងកុង នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា បន្ទាប់ពី​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា កាលពី ជើង​ទី​១ សម្រាប់​ជំនួប​មិត្តភាព ថ្មីៗ​កន្លង​ទៅនោះ កម្ពុជា​ចាញ់​ហុងកុង ២​ទល់​៤​នៅលើ​ទឹកដី​កោះ​ហុងកុង។​

    ក្រោម​ការដឹកនាំ​របស់​លោក Kim Pan Gon គ្រូ​បង្គោល​ក្រុម​ហុងកុង​នឹង​ស្វែងរក​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ ផ្ទះ​កម្ពុជា នៅ​ជើង​ទី​២​នេះ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ក៏ត្រូវ​ការ​ឈ្នះ​ដែរ ដើម្បី​ទាក់ទាញ​បានការ​គាំទ្រ​ពី​ប្រជា​ពល​ដ្ឋ​ខ្មែរ រាប់ម៉ឺន​នាក់ នៅ​ទីលាន​ផ្ទាល់ ។​

    ជាពិសេស​គឺ​ដើម្បី​បង្កើន​បច្ចេកទេស​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ វគ្គ​ជម្រុះ​បឋម ពានរង្វាន់ Suzuki Cup រដូវ​កាល ២០១៦ ដែលមាន​៤​ក្រុម ដើម្បី​ស្វែងរក​១​ក្រុម​ឡើងទៅ​កាន់​វគ្គ​ចែក​ពូ​ល នា​ចុង​ឆ្នាំនេះ​។ 

    ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​កោះ​ហុងកុង​នឹងធ្វើ​ឡើង នៅ ថ្ងៃទី​០៦ ខែតុលា នៅវេលា​ម៉ោង ៦:៣០ នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    គួររំលឹកថា កាលពី​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅនេះ ក្រុម​ទាំងពីរ​ធ្លាប់​ជួប​ប្រកួត គ្នា​ម្ដង រួចមកហើយ នៅ​កោះ​ហុងកុង និង​ជា​លទ្ធផល​ក្រុម​ជម្រើស​កោះ​ហុងកុង​បាន​យកឈ្នះ​ក្រុម​ជម្រើស ជាតិ​កម្ពុជា ដោយ​លទ្ធផល ៤-២ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កំដៅ​សាច់ដុំ​ដូចគ្នា​។​

    ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ វគ្គ​ជម្រុះ​បឋម AFF Suzuki Cup​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា ខាងមុខនេះ ដោយ​ក្រុម​ម្ចាស់ផ្ទះ​នឹងត្រូវ​ប្រជែង​កៅអី​១​ឡើងទៅ​វគ្គ​ចែក​ពូ​ល ជាមួយ​៣​ប្រទេស​គឺ​ក្រុម ជម្រើសជាតិ​ឡាវ នា​ថ្ងៃទី​១៥​តុលា​, ជាមួយ​ប្រ៊ុយណេ នៅ​ថ្ងៃទី​១៨ តុលា និង​ត្រូវ​ជួប​ទី​ម័​រ​ខាងកើត នា​ថ្ងៃទី​២១ ខែតុលា ដែលជា​ប្រកួត​ចុងក្រោយ​របស់​កម្ពុជា​។​

    សូមបញ្ជាក់ថា ក្នុងចំណោម​៤​ប្រទេស​នេះ គេ​ជ្រើស​រើសយក​តែមួយ​ប្រទេស​ប៉ុណ្ណោះ សម្រាប់​ឡើង ទៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​B ជាមួយនឹង​៣​ប្រទេស​ដែល​កំពុង​អង្គុយ​រង់ចាំ​ស្រាប់ រួមមាន​៖ ក្រុម​ជម្រើសជាតិ មី​យ៉ាន់​ម៉ា​, ម៉ាឡេស៊ី និង​វៀតណាម ខណៈ​ពូ​ល​A មាន​៤​ក្រុម​ដែរ រួមមាន​៖ ម្ចាស់​ការពារ​តំណែង​ជើងឯក ថៃ រដូវ​កាល​ចាស់​, ម្ចាស់ផ្ទះ​ហ្វីលីពីន​, សឹង្ហ​បុរី និង​ឥណ្ឌូនេស៊ី ដែល​រៀបចំ​ដោយ​សហ​ម្ចាស់ផ្ទះ​ប្រទេស​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​៕​

adverise with khmeread

មតិយោបល់