Index

ប៉ូលិសបុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាកាប់ប្លន់២នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់ ត្រូវបាន​ប៉ូលិស​បុ​ស្តិ៍​ទំនប់ទឹក​ដេញតាម​ឃាត់ខ្លួន​បាន​ភ្លាមៗ​រួមជាមួយ​វត្ថុតាង​ដាវ​មួយ​ដើម ខណ​:​សមត្ថកិច្ច​កំពុងតែ​ល្បាត​នៅក្នុង​មូលដ្ឋាន ហើយក៏​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​ខាងលើ​បំរុង​ធ្វើ​សកម្មភាព ។​
     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៧៩ កែង​ផ្លូវ​លេខ​៤០៦ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ តាន់ រតនា ភេទ​ប្រុស អាយុ​២១ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី​២​ឈ្មោះ សុខ ចិ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា​ប៊ែ​ល​ធី ស្នាក់​នៅក្នុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​ភូមិ​រការ​ក្នុង ឃុំរ​ការ​ក្នុង ក្រុង​ដូន​កែវ  ខេត្តតាកែវ ។​
    ប៉ូលិស​បន្តថា មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ខាងលើ គឺ​កម្លាំង​សមត្ថកិច្ច​ល្បាត​នៅក្នុង​មូលដ្ឋាន បាន​ប្រទះឃើញ​ជនសង្ស័យ​ជាច្រើន​នាក់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​គួរឱ្យ​សង្ស័យ​រួចហើយ​នៅពេល​ឃើញ​សមត្ថកិច្ច​ពួកគេ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​បែកផ្លូវ​គ្នា ។​
    ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏​ដេញតាម​ដោយ​ក្រុម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ពេក​ក៏បាន​ដួល​ម៉ូតូ ពេលនោះ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ម្នាក់​ភ្លាមៗ និង​វត្ថុតាង​ដាវ​មួយ​ដើម និង​ម៉ូតូ​ឡេ​ត​មួយគ្រឿង ។ ក្រោយមក​កម្លាំង​ក៏បាន​ជិះ​ស្វែងរក​បក្សពួក​២​នាក់​ដែល​បាន​រត់គេចខ្លួន ក៏​ប្រទះឃើញ​ម្នាក់ទៀត ឃាត់ខ្លួន​មក​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់ទឹក​ជាមួយគ្នា​ផងដែរ ។​
     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ​និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ និង​ស្វែងរក​តាម​ចាប់​បក្សពួក​ដែល​នៅ​សេសសល់​ជា​បន្តទៀត ៕​

មតិយោបល់